លោក កែវ ឡង់ឌី៖ ឱ្យតែយើងចេះផ្តល់តម្លៃឱ្យខ្លួនឯង នោះបរិស្ថានខាងក្រៅមិនអាចកំណត់វាសនាយើងបានឡើយ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សម្នាក់ៗសុទ្ធតែរស់នៅក្នុងជីវិត ដែលហ៊ុមព័ទ្ធទៅដោយ​សង្គមនិង​បរិស្ថានខាងក្រៅជាច្រើន ដែលជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមាន ​ដល់ការសម្រេចចិត្ត និងការរស់នៅ។

លោក កែវ ឡង់ឌី អគ្គនាយក​អភិវឌ្ឍ​ធុរកិច្ចនៃ Baby outlet បានលើកឡើងថា ជីវិតរបស់យើងម្នាក់ៗសុទ្ធតែមានបញ្ហានិង​រស់នៅក្នុងសង្គមដែលហ៊ុមព័ទ្ធទៅដោយ​មតិ និងការយល់ឃើញខុសៗគ្នា។ ជាទូទៅ មនុស្សដទៃនិងបរិស្ថានជុំវិញខ្លួនយើង សុទ្ធតែអាចជះឥទ្ធិពលមកលើខ្លួនយើងតាមរយៈសម្តី ការណែនាំឬ​មតិយោបល់មួយចំនួនដែលអាចធ្វើឱ្យយើង​ផ្លាស់ប្តូរ។ ពេលខ្លះប្រសិនបើយើងសំណាងល្អ យើងទទួលយោបល់ប្រកបដោយភាពវិជ្ជមាននោះយើងនឹង​អាចផ្លាស់ប្តូរជីវិតរបស់យើង ឆ្ពោះទៅរក​ភាព​រីកចម្រើនតែពេលខ្លះទៀតប្រសិនបើយើងស្ថិតនៅក្នុង​ចំណោម​មនុស្សអវិជ្ជមាន នោះជីវិតរបស់យើងនឹង​អាចជួបបញ្ហា។

លោក កែវ ឡង់ឌី បាននិយាយថា៖«​រាល់សកម្មភាពសំខាន់នានា ដែលយើងធ្វើឡើងដោយច្នៃប្រឌិត ឬ​មានភាព uniqueខុសប្លែកគេ ជានិច្ចកាលតែងតែ​មានការរិះគន់ ឬមាន​មតិមិនល្អពីខាងក្រៅ។ ស្ថានភាពបែបនេះប្រសិនបើយើងបាក់ទឹកចិត្ត នោះយើងនឹងបោះបង់​ភាពសំខាន់នៃគំនិតរបស់យើង នោះចោលតែប្រសិនបើយើង​យល់ច្បាស់ពីវា យើងនឹងអាចគិតក្នុងផ្លូវ​ផ្សេងទៅវិញ»។

សហគ្រិនខាងលើបានលើកឡើងផងដែរថា ប្រសិនបើយើងមានភាពច្បាស់លាស់និងចេះផ្តល់តម្លៃដល់ខ្លួនឯង ទោះបីជាអ្នកដទៃ មិនមើលឃើញតម្លៃរបស់យើងក៏ដោយក៏យើងនៅតែអាចមើលឃើញពីភាពច្បាស់លាស់របស់យើង។ នៅពេលយើងមានគំនិតវិជ្ជមាន យើងនឹងយល់ឃើញថាគំនិតល្អដែលយើងកំពុងធ្វើនោះត្រូវបានអ្នកដទៃបន្តុះបង្អាប់ដោយសារតែគាត់មិនយល់ពីតម្លៃរបស់វា។ 

ហេតុនេះ​មានន័យថាអ្វីដែលយើងកំពុងធ្វើនោះជារឿងប្លែកគេ និងអាចអភិវឌ្ឍបាន។ ទោះជាយ៉ាងនោះក្តីលោកបានណែនាំផងដែរថា យើងមិនអាច​បិទភ្នែក បិទគំនិត មិនទទួលយក​យោបល់ខាងក្រៅនោះទេគ្រាន់តែយើងត្រូវមានភាពរឹងមាំពីខាងក្នុងជាមុនសិនថាអ្វីជាគោលំហរពិតប្រាកដរបស់យើង។ យោបល់ខាងក្រៅ យើងនៅតែត្រូវការ តែមិនមែនត្រូវការរហូតភ្លេចពីខ្លួនឯងនោះទេ។ យើងត្រូវការយោបល់នានាដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើងហេតុនេះយោបល់ណាដែលនាំឱ្យយើង​ជួបបញ្ហា យើងអាចពិចារណាដោយផ្អែកលើ​បុព្វហេតុជីវិតរបស់យើងជាគោល៕