សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភាពជាអ្នកដឹកនាំ ជាសិល្បៈដែលត្រូវការភាពបត់បែនខ្ពស់ និងមានវិធីសាស្រ្តច្រើន ដើម្បីគ្រប់គ្រងខ្លួនឯងក្រុមការងារ ឬស្ថាប័នមួយឱ្យសម្រេចគោលដៅរួមឆ្ពៅទៅរកភាពវិជ្ជមាន។
លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុនឌីហ្វើនីឈ័រ បានលើកឡើងថាមនុស្សម្នាក់ៗមានវិធីសាស្ត្រដឹកនាំស្ថាប័នខុសៗគ្នាទៅតាមលក្ខខណ្ឌជាក់ស្តែងដែលគាត់ជួបប្រទះ។ ក្នុងចំណោមវិធីសាស្ត្រទាំងអស់ដែលអាចទាក់ទាញចិត្តរបស់បុគ្គលិកឱ្យរីករាយ និងធ្វើការងាររួមប្រកបដោយភាពវិជ្ជមាន នោះគឺការយកចិត្តរបស់គេមកដាក់ក្នុងចិត្តខ្លួនឯង។
ជាក់ស្តែង នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗមានស្ថានភាព បញ្ហានិងដំណើរខុសៗគ្នាទាំងអស់។ ហេតុនេះប្រសិនបើយើងមិនស្ថិតក្នុងស្ថានភាពដូចគាត់ យើងច្បាស់ជាមិនយល់ពីអ្វីដែលគាត់កំពុងគិត និងធ្វើនោះទេ។
លោកជំទាវ តាំង ហ្គិចលៀង បាននិយាយថា៖«បើចង់ដឹកនាំគេ លុះត្រាតែយើងចូលឱ្យដល់ជម្រៅចិត្តរបស់គេដើម្បីដឹងឱ្យច្បាស់ថាតើពួកគាត់កំពុងមានបញ្ហាអ្វីខ្លះ?ហើយយើងអាចជាចំណែកណាមួយដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នោះ»។
លោកជំទាវបានបញ្ជាក់ផងដែរថា នៅពេលយើងបានចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់គាត់អស់ហើយគាត់នឹងមានថាមពលគ្រប់គ្រាន់ ដើម្បីផ្តោតលើការងាររួមដែលមានចំពោះមុខ។ ហេតុនេះជាអ្នកដឹកនាំត្រូវគិតគូរឱ្យបានល្អិតល្អន់ពីគ្រប់ផ្នែកទាំងអស់ជាពិសេស គឺសុខទុក្ខរបស់បុគ្គលិកក្រោមឱវាទ។
កាលណាយើងទាញបេះដូងរបស់គាត់បានហើយ គាត់នឹងរីករាយក្នុងការបំពេញបេសកកម្មរួមគ្នាដោយមិនខ្លាចនឿយហត់ហើយយើងនឹងអាចបង្កើតស្ថាប័នមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការយល់ពីគ្នា។ ហេតុនេះភាពជាអ្នកដឹកនាំមិនមែនធ្វើឱ្យមនុស្សខ្លាច ឬធ្វើឱ្យមនុស្សគោរពតែចំពោះមុខទេតែជាការយកចិត្តទុកដាក់ ដោយល្អិតល្អន់ និងទន់ភ្លន់ដើម្បីអភិវឌ្ឍឬរស់នៅប្រកបដោយភាពរីកចម្រើនជាមួយគ្នា៕