សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នៅក្នុងជីវិតនាយុគ្គសម័យបច្ចេកវិទ្យានេះគ្រាន់តែភ្ញាក់ពីដំណេកភ្លាម ប្រភពព័ត៌មានជាច្រើនបានចូលមកក្នុងជីវិតរបស់យើងដែលធ្វើឱ្យយើងត្រូវតាមដាន និងទទួលយកដោយយកចិត្តទុកដាក់ ព្រោះប្រភពព័ត៌មានទាំងអស់នោះ ពេលខ្លះអាចជាព័ត៌មានដែលធ្វើឱ្យយើងក្លាយជាជនរងគ្រោះ។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះដោយសារតែមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ក៏ដូចជាបណ្តាញសង្គមលើពិភពលោកនិងស្របពេលដែលប្រជាជនភាគច្រើន មានប្រើប្រាស់ទូរស័ព្ទដែស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកជាច្រើនផ្សេងទៀត យើងឃើញថា មានព័ត៌មានជាច្រើនត្រូវបានគេចែករំលែកជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្តាញសង្គម។
ឯកឧត្តមថា ព័ត៌មានទាំងអស់នោះ មានព័ត៌មានខ្លះមិនមែនជាព័ត៌មានដែលមានតម្លៃសម្រាប់ការរស់នៅនោះទេ តែវាបែរជាធ្វើឱ្យយើងខាតបង់ពេលវេលា ឬប៉ះពាល់ដល់ការរស់នៅរបស់យើងថែមទៀតផងដោយសារតែវាអាចជាព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ ឬជាព័ត៌មានដែលមិនមានគុណភាពសម្រាប់ការអប់រំ។ ដូច្នេះចំណុចដែលយើងអាចធ្វើបានគឺព្យាយាមទប់ស្កាត់បញ្ហាព័ត៌មានក្លែងក្លាយ ស្របពេលដែលប្រជាជនក៏គួរតែព្យាយាមស្វែងយល់ពីវិធីសាស្រ្តក្នុងការទទួលព័ត៌មានឱ្យបានល្អសម្រាប់ការពារខ្លួន និងទាញយកប្រយោជន៍បានពីប្រភពព័ត៌មាននានាជារៀងរាល់ថ្ងៃ។
ឯកឧត្តម ខៀវកាញារីទ្ធ បានមានប្រសាសន៍ថា៖ “មុននឹងទទួលយកព័ត៌មានណាមួយយើងគួរផ្ទៀងផ្ទាល់ពីប្រភព និងមើលឱ្យច្បាស់ដើម្បីឱ្យដឹងថាអ្នកណាជាអ្នកផ្សព្វផ្សាយរឿងទាំងអស់នោះ»។
ឯកឧត្តមបានបន្ថែមទៀតថា ការទទួលយកព័ត៌មាន និងការអានជាចំណុចចាប់ផ្តើមដ៏ល្អក្នុងការអភិវឌ្ឍសមត្ថភាពតែអ្វីដែលយើងអាចធ្វើបានគឺព្យាយាមក្នុងការដកស្រង់ ឬចេះជ្រើសរើសយកប្រភពព័ត៌មានដែលមានតម្លៃសម្រាប់ការអភិវឌ្ឍសមត្ថភាពមិនមែនទទួលយកគ្រប់រឿងនោះទេ ព្រោះបើទទួលយកមិនត្រូវរឿងវានឹងធ្វើឱ្យយើងជួបបញ្ហា។បន្ថែមពីលើនេះ យើងគ្រប់គ្នាគួរចំណាយពេលក្នុងការមើលឱ្យបានលម្អិតលើព័ត៌មាននីមួយៗ កុំគ្រាន់តែមើលចំណងជើង ឬមើលសាច់រឿងមិនច្បាស់ក៏ចាត់ទុកថា ខ្លួនឯងបានទទួលព័ត៌មានលម្អិតបន្ទាប់មកក៏បន្តទៅមើលរឿងផ្សេងៗដោយមិនបានយកចិត្តទុកដាក់។ ការធ្វើបែបនេះអាចនឹងបង្កើតជាផលប៉ះពាល់ជាច្រើនប្រសិនបើមនុស្សម្នាក់ៗនៅតែបន្តចែករំលែករឿងដែលមិនច្បាស់លាស់ទាំងអស់នោះទៅកាន់សាធារណជន៕