សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖
ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ
ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។
សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ សម្ដេចស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ៕