លោក ច្រឹក សុខនីម បង្ហើបប្រាប់អ្នកមិនមានលុយគ្រប់គ្រាន់ គួរវិនិយោគនៅក្នុងវិស័យមួយណា

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ជាការពិត រាល់ការវិនិយោគទៅលើគម្រោងអ្វីមួយ ក៏ដូចជាការធ្វើអាជីវកម្ម គឺសុទ្ធតែត្រូវការដើមទុនជាចាំបាច់ រួមមានធនធានមនុស្ស និងសាច់ប្រាក់គ្រប់គ្រាន់ដើម្បីអាចដំណើរបាន។ ដោយឡែកសម្រាប់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានអ្នកជំនាញអះអាងថា ទោះមិនមានសាច់ប្រាក់គ្រប់គ្រាន់ក៏អាចវិនិយោគបានដែរ ហើយមានច្រើនជម្រើសទៀត។ 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យអចលនទ្រព្យមានការវិនិយោគលើផ្នែកផ្សេងគ្នាជាច្រើន ដែលក្នុងនោះមានផ្នែកខ្លះបានអនុគ្រោះដល់ អ្នកវិនិយោគដែលមានដើមទុនថវិកាមិនគ្រប់គ្រាន់ ក៏អាចមានឱកាសធ្វើបាន និងទទួលបានចំណេញទៀតផង។ 

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ការរកស៊ី និងធ្វើការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បងប្អូនប្រជាជនខ្មែរភាគច្រើនគាត់ចូលចិត្តផ្នែកដីធ្លី និងលំនៅដ្ឋានច្រើនជាងការវិនិយោគលើគម្រោងខុនដូ និងផ្នែកដទៃទៀតក្នុងវិស័យមួយនេះ ដោយសារពួកគាត់យល់ឃើញថា ងាយស្រួលក្នុងការទិញ- លក់ មើលឃើញច្បាស់នឹងភ្នែក ដែលមិនមែនជាការទិញ-លក់គម្រោងដែលមិនទាន់លេចចេញជារូបរាងនោះទេ”។ 

លោកបានបញ្ជាក់ឱ្យដឹងថា ការវិនិយោគរបស់ពួកគាត់ត្រូវបានគេបែងចែកចេញជា២ប្រភេទ គឺចំពោះអ្នកមានដើមទុនគ្រប់គ្រាន់ និងអ្នកមិនមានដើមទុនគ្រប់គ្រន់។ សម្រាប់អ្នកមានដើមទុនច្រើនគ្រប់គ្រាន់លើការវិនិយោគ ភាគច្រើនគេទិញដីដែលមានទំហំធំទុកសម្រាប់លក់បន្តទៅឱ្យគម្រោងអភិវឌ្ឍន៍ណាមួយ ដែលទទួលបានចំណេញច្រើន និងទទួលបានលុយដុល។ 

ដោយឡែកចំពោះអ្នកមិនមានថវិកាគ្រប់គ្រាន់ ពួកគេក៏អាចធ្វើការវិនិយោគទៅប្រភេទលំនៅដ្ឋាន ឬដី ដែលអាចបង់រំលោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឬជាមួយធនាគារដៃគូរបស់គម្រោង។ ការវិនិយោគបែបនេះ ពួកគាត់មានភាពធូរស្រាលក្នុងបង់ប្រាក់លើតម្លៃអចលនវត្ថុ ហើយក៏អាចជួលបន្តដើម្បីទទួលបានចំណួលត្រឡប់មកវិញជាប្រចាំខែ ដែលជាមធ្យោបាយមួយដ៏ល្អក្នុងការរក្សាបាននូវចរន្តសាច់ប្រាក់សម្រាប់ទូទាត់ប្រចាំខែជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឬជាមួយធនាគារដែលជាដៃគូសហការជាមួយក្រុមហ៊ុន៕