ទម្លាប់នៃការសម្រេចចិត្តទាំង៥ ដែលអាចបំផ្លាញអាជីវកម្មរបស់អ្នក

តួនាទីមួយដ៏សំខាន់បំផុតក្នុងនាមជាសហគ្រិនគឺជា “អ្នកសម្រេចចិត្ត”។ អ្នកមាន អ្នកផ្ដល់យោបល់ បុគ្គលិកជំនាញតាមផ្នែកនៃក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាននិងដំបូន្មាន ពាក់ព័ន្ធនឹងជម្រើសនានាប៉ុន្តែទោះបីនៅក្នុងបរិបទនោះក៏ដោយ សេចក្តីសម្រេចចុងក្រោយនឹងធ្លាក់លើអ្នកជាម្ចាស់អាជីវកម្ម។

អ្នកនឹង​ត្រូវទទួលខុសត្រូវ ចំពោះការកំណត់ទិសដៅ និងរៀបចំផែនការសំខាន់ៗដែលនឹងអាចអភិវឌ្ឍខ្លួន ឲ្យមានភាពកាន់តែស្ទាត់ជំនាញក្នុងការសម្រេចចិត្ត។

ការសម្រេចចិត្តជាលើកដំបូងដោយគ្មានបទពិសោធន៍ លទ្ធផលនឹងមិនបានល្អប្រសើរ ប៉ុន្តែ​ប្រសិនបើ អ្នកអាចកាត់បន្ថយទម្លាប់អាក្រក់បន្តិចម្តងៗ និងជំនួសដោយការអនុវត្តជាវិជ្ជមាន​វិញនោះ អ្នកនឹងទទួលបានជោគជ័យកាន់តែខ្លាំង។ ខាងក្រោមជាទម្លាប់អាក្រក់មួយចំនួនដែលអ្នកគួរតែទប់ស្កាត់

១.មិនធ្វើការស្រាវជ្រាវ

ការស្រាវជ្រាវអាច និងគួរតែអនុវត្តនៅរាល់ការសម្រេចចិត្តទាំងអស់ដែលអ្នកធ្វើដោយចាប់តាំងពីការកំណត់អតិថិជនគោលដៅ រហូតដល់ ការជួលអ្នកឯកទេសផ្នែកផ្តល់សេវា​អតិថិជន។ ពេលវេលានិងកម្លាំងដែលអ្នកបានចំណាយទៅលើការស្រាវជ្រាវ គួរតែមាន​សមាមាត្រដោយផ្ទាល់ ទៅនឹងទំហំនៃការសម្រេចចិត្ត។ជាក់ស្តែង ការកែប្រែការសម្រេចចិត្តគួរតែ ធ្វើការសិក្សាអោយបានច្បាស់លាស់ មុននឹងសម្រេចថាត្រូវដឹកនាំក្រុមហ៊ុនតាមច្រកណាមួយ។ នៅពេលដែលអ្នកមានទិន្នន័យ​នៅចំពោះមុខអ្នក អ្នកនឹងងាយស្រូលក្នុងការសម្រេចចិត្ត។ 

២. ការប្រើប្រាស់សភាវគតិ

អ្នកខ្លះក្លាយជាសហគ្រិនដោយសារពួកគេគ្រាន់តែមានអារម្មណ៍ថា ពួកគេ​ចូលចិត្តធ្វើវា ហើយបានចូលប្រឡូកក្នុងមុខតំណែងនេះពីព្រោះវាជារឿងល្អមួយ​ដែលពួកគេចង់ធ្វើ។

ជាទូទៅ សហគ្រិនប្រភេទនេះមានស្មារតីរឹងមាំ ប៉ុន្តែពួកគេមិនអាចបំពេញមុខងារបានយូរ​នោះទេ ពីព្រោះពួកគេខ្វះខាតមូលដ្ឋានគ្រឹះ។សូម្បីតែសហគ្រិនដែលមានជំនាញ និងមានភាពជាក់​ស្តែង ពេលខ្លះក៏រងគ្រោះដោយសារបញ្ហា“សភាវគតិ” ដែរ។ ទោះបីជានៅក្នុងករណីមួយចំនួន សភាវគតិអាចជួយអ្នកក្នុងការសម្រេចចិត្ត រវាងជម្រើសពីរដែលអាចប្រៀបធៀបគ្នាបានប៉ុន្តែសម្រាប់ដំណើរការនៅក្នុង​រយៈពេលវែង ការពឹងផ្អែកលើដំបូន្មាន ដែលមានភាពជាក់ស្តែងនិងមានហេតុផល គឺជាយុទ្ធសាស្រ្តមួយដែលល្អប្រសើរជាង។

៣. ការរង់ចាំយូរពេក

សហគ្រិនខ្លះ ប្រឈមនឹងការសម្រេចចិត្ដដ៏ពិបាក ដោយសារគាត់ពន្យារពេលក្នុងការសម្រេចចិត្តយូរ។ឧទាហរណ៍៖ ប្រសិនបើសហគ្រិន កំពុងពិចារណាអំពីការបណ្តេញបុគ្គលិក គាត់អាចពន្យារពេលធ្វើការសម្រេចចិត្តនោះពីព្រោះវាគឺជាការសម្រេចចិត្តដ៏ពិបាកមួយ ហើយ​ឆ្លងកាត់ពេលវេលាយូរៗទៅ និងអាចទទួលបានព័ត៌មានកាន់តែច្រើនដែលអាចធ្វើឲ្យការ​សម្រេចចិត្ត មានភាពងាយស្រួលជាងមុន។ ប៉ុន្តែនិយោជិតដែលអាចបង្កការខូចខាតដល់ក្រុមហ៊ុនដែល​នឹងត្រូវបណ្តេញចេញក្នុងរយៈពេលបីខែខាងមុខ អាចនឹងបង្កឲ្យមានការខូចខាតដល់ក្រុមហ៊ុន​​អ្នករយៈពេលបីខែបន្ថែមទៀត ប្រសិនបើអ្នកមិនបណ្តេញគេចេញនៅថ្ងៃនេះទេនោះ។

អ្នកមិនត្រូវបានផ្តល់ដំបូន្មាន ឲ្យធ្វើការសម្រេចចិត្តភ្លាមៗនោះទេប៉ុន្តែវានឹងកាន់តែអាក្រក់ថែមទៀត​ក្នុង​ការពន្យារពេលធ្វើការសម្រេចចិត្តលើអ្វីមួយ ដែលអ្នកត្រូវសម្រេចចិត្តឲ្យបានលឿន។ក្នុងករណីភាគ​ច្រើន សេចក្តីសម្រេចចិត្តដែលមិនល្អឥតខ្ចោះគឺប្រសើរការមិនសម្រេចចិត្តអ្វីទាំងអស់។

៤. ការពឹងផ្អែកលើអ្នកដទៃ

ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មអ្នកគួរបើកចំហរសម្រាប់ការទទួលបាននូវមតិនានា។ អ្នកគួរស្តាប់​ដៃគូររបស់អ្នក អ្នកវិនិយោគរបស់អ្នកអ្នកផ្តល់ដំបូន្មានរបស់អ្នក និយោជិតរបស់អ្នក និងសូម្បីតែមិត្តនិងក្រុមគ្រួសាររបស់អ្នក នៅពេលដែលអ្នកធ្វើការថ្លឹងថ្លែង ចំពោះជម្រើសសម្រាប់ការសម្រេចចិត្ត​សំខាន់ៗ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរពឹងផ្អែក​លើមតិរបស់អ្នកដទៃ ដើម្បីធ្វើការសម្រេចចិត្តនោះទេ។

ប្រសិនបើអ្នកយល់ឃើញថាអ្នកអាចធ្វើការសម្រេចចិត្តបានភ្លាមៗ បន្ទាប់ពីអ្នកបានសាកសួរអំពី​មតិរបស់អ្នកណាម្នាក់ហើយនោះវាអាចបង្ហាញថា អ្នកពឹងផ្អែកលើដំបូន្មានរបស់អ្នកខាងក្រៅ​ខ្លាំងពេក។នេះគឺជាអាជីវកម្មរបស់អ្នក អ្នកត្រូវធ្វើការសម្រេចចិត្តដោយខ្លួនអ្នកផ្ទាល់។ 

៥. ការជៀសវាង ទទួលយកការឈឺចាប់

មានការសម្រេចចិត្តដ៏ឈឺចាប់ជាច្រើន ដែលអ្នកនឹងត្រូវធ្វើក្នុងនាមជាសហគ្រិនម្នាក់។អ្នកនឹងត្រូវ​បណ្តេញបុគ្គលិកចេញ។ អ្នកនឹងត្រូវចាកចេញពីដៃគូ។អ្នកនឹងត្រូវបោះបង់​ផលិតផល។ អ្នកនឹងត្រូវកាត់ចំណាយសំខាន់ៗ។ ការបញ្ចៀសការឈឺចាប់នៅក្នុងរយៈពេលខ្លីមិនមែន​ជាគំនិតល្អនោះទេ។ នៅក្នុងករណីជាច្រើនអ្នកត្រូវតែប្រឈមនឹងការឈឺចាប់រយៈពេលខ្លី ដើម្បីធានា​ចំពោះលទ្ធផលនៅក្នុងរយៈពេលវែង។

ការសម្រេចចិត្ត “ល្អ” និង “អាក្រក់” មិនអាចត្រូវបានកំណត់ដោយផ្អែកលើលទ្ធផលចុងក្រោយនោះទេ។ ផ្ទុយមកវិញ គុណភាពនៃការសម្រេចចិត្តមួយ គួរត្រូវបានកំណត់ដោយចំនួននិងប្រភេទនៃការខិតខំប្រឹងប្រែងដែលយើងបានធ្វើការសម្រេចចិត្តនោះ។ ផ្អែក​តាម​និយមន័យទាំងនោះ វាបានទៅរួចទាំងស្រុងដែលការសម្រេចចិត្ត “អាក្រក់” អាចទទួលបានលទ្ធផល​ល្អ ហើយការសម្រេចចិត្ត “ល្អ”អាចទទួលបានលទ្ធផលអាក្រក់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែង ការសម្រេចចិត្ត “ល្អ”នឹងតែងតែល្អជាង ការសម្រេចចិត្ត “អាក្រក់” ជានិច្ច៕