សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ដើម្បីជាការកាត់បន្ថយនូវផលប៉ះពាល់សុខភាពអាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល ពីគ្រោះធម្មជាតិក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តតាមការណែនាំនៅអំឡុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់ដែលមានដូចជា៖
អំឡុងពេលទឹកជំនន់៖
មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់គឺត្រូវមានភ្លើងបំភ្លឺ។
ត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។
ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ។
ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។
ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារ និងមនុស្សចាស់ជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
ត្រូវប្រុងប្រយ័ត្ន ជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់ មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។
ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
ដើម្បីជៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមិណ (ថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ពីរគ្រាប់ អាចលាយទឹក២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានឆ្អិនល្អ សម្ភារៈផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិតជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ ជាដើម។
ក្រោយពេលទឹកជំនន់៖
បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងនូវជំងឺផ្សេងៗ។
ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់ និងជំងឺផ្សេងៗ។
ត្រូវពិនិត្យមើលផ្ទះ ក្រែងមានបាក់ស្រុត នាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានពស់ ឬសត្វអាសិរពិសផ្សេងៗ។ ធ្វើអនាម័យ បរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើន រស់នៅក្នុងទឹក ជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឱ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាលត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល៕