សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការរៀបចំផែនការនិងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម គឺជារឿងសំខាន់ដែលម្ចាស់អាជីវកម្មត្រូវតែគិតឱ្យបានដិតដល់ស្វែងយល់ពីទីផ្សារនិងដៃគូប្រកួតប្រជែង។ នៅពេលចំណុចគោលៗសំខាន់ទាំងនេះត្រូវបានសិក្សា និងរៀបចំបានរួចស្រេចហើយក៏ឈានដល់ដំណាក់កាលគិតគូរពីថវិកាដែលអ្នកត្រូវចំណាយក្នុងការធ្វើឱ្យ Brand អាជីវកម្មប្រភេទStart Up របស់អ្នកអាចវាយលុកទីផ្សារបានលឿន និងផ្ដោតមុខព្រួញលើអតិថិជនគោលដៅរបស់អ្នកបានត្រឹមត្រូវ។
អ្វីដែលអ្នកត្រូវគិតមុនពេលរៀបចំផែនការថវិកាសម្រាប់អាជីវកម្មរបស់អ្នក៖
ជំហានទី១៖ រាយបញ្ជីចំណាយដែលចាំបាច់ ដែលអាជីវកម្មរបស់អ្នកអាចនឹងត្រូវចំណាយ
ចូរគិតអំពីការចំណាយលើសេវាផ្សេងៗ និងទ្រព្យសម្បត្តិឬសម្ភារៈដែលអ្នកត្រូវការចាំបាច់សម្រាប់ត្រៀមមុនពេលសម្ពោធអាជីវកម្មរបស់អ្នក។ ត្រូវរាយនាមរាល់ការចំណាយទាំងនោះដូចជា គ្រឿងសង្ហារឹម គ្រឿងបរិក្ខារផ្សេងៗ កុំព្យូទ័រ យានជំនិះ(បើចាំបាច់) ការចំណាយលើសេវាកម្មសុវិត្ថភាព ការជួលទីតាំង ពន្ធអាករ ប្រាក់បៀវត្សរ៍ (ករណីមានបុគ្គលិក) ការរៀបចំតុបតែងហាងឬទីតាំង ប៉ាតង់ និងកម្មសិទ្ធិបញ្ញាជាដើម។ ទាំងនេះគឺជាការចំណាយគោលនិង ចាំបាច់មុនពេលចាប់ផ្ដើមអាជីវកម្មរបស់អ្នក។ ក្រៅពីនេះប្រសិនបើអាជីវកម្មរបស់អ្នកជាប្រភេទអាជីវកម្មតាមអនឡាញ អ្នកត្រូវគិតគូរដល់ការរៀបចំវិបសាយ ការរៀបចំមាតិកា ការឌីហ្សាញ រូបភាព និងបុគ្គលិកដែលត្រូវទទួលខុសត្រូវជាដើម។
ជំហានទី២៖ កំណត់អំពីការចំណាយប្រចាំរបស់អ្នក
ដំណាក់កាលនេះអ្នកត្រូវបែងចែក និងកំណត់ថាតើការចំណាយណាខ្លះដែលអ្នកត្រូវធ្វើជារៀងរាល់ខែដូចជា ការជួលទីតាំង ធានារ៉ាប់រង ប្រាក់ខែបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗ ការគ្រប់គ្រងវិបសាយ សេវាទូរសព្ទនិងអ៊ីនធឺណិត ថ្លៃធនាគារ។ ក្រៅពីនេះក៏មិនត្រូវភ្លេចមានលុយខ្លះសម្រាប់បម្រុងលើការចំណាយជាប្រចាំមួយចំនួនផងដែរ។ ឧទាហរណ៍ បើអ្នកជួលបុគ្គលិកផ្នែកគ្រប់គ្រងបណ្ដាញសង្គមដែលត្រូវផ្ដល់ប្រាក់ឈ្នួលជារៀងរាល់ខែ អ្នកក៏ត្រូវចំណាយទៅលើឧបករណ៍សម្រាប់ពួកគេដូចជា កុំព្យូទ័រ និង Software ដែលចាំបាច់សម្រាប់ការងារពួកគេជាដើម។
ជំហានទី៣៖ ប៉ាន់ស្មានអំពីការចំណាយបន្ថែមផ្សេងទៀត
អ្វីដែលអ្នកគួរគិតបន្ថែមមានដូចជាវត្ថុធាតុដើម ការចំណាយលើការផ្សាយពាណិជ្ជកម្ម ទឹកភ្លើង ថ្លៃដឹកជញ្ជូន ពន្ធលើប្រាក់ចំណូល ការធ្វើដំណើរ ការជួល Agency ក្រៅម្ដងម្កាលជាដើម។ មកដល់ត្រឹមនេះការបញ្ចូលគ្នារវាងការចំណាយជាប្រចាំ និងការចំណាយបន្ថែម នឹងជួយឱ្យអ្នកអាចកំណត់ពីការចំណាយនៃអាជីវកម្មរបស់អ្នកបានច្បាស់លាស់ និងអាចត្រៀមកញ្ចប់ថវិកាមួយផ្នែកសម្រាប់បន្ថែមបន្ថយលើការចំណាយដែលបានព្រៀងទុកនេះ។
ជំហានទី៤៖ គណនាប្រាក់ចំណូលប្រចាំខែរបស់អ្នក
បន្ទាប់មកអ្នកត្រូវតែព្យាករណ៍អំពីប្រាក់ចំណូលដែលអាជីវកម្មរបស់អ្នកអាចរកបានពីគ្រប់រូបភាព។ អ្នកត្រូវចេះប្រើព័ត៌មានទាំងអស់ទាក់ទងនឹងអតិថិជនរបស់អ្នកដើម្បីវាស់ស្ទង់ពីកម្រិតនៃការទិញ ឬជាវសេវាកម្មរបស់អ្នក។
ប្រភពចំណូលដែលអាជីវកម្មរបស់អ្នកអាចទទួលបានអាចជាការលក់ផលិតផលឬសេវាកម្ម កាតឥណទានអាជីវកម្មឬសាជីវកម្ម ប្រាក់កម្ចីគណនីសន្សំ ឬប្រាក់ចំណូលពីការវិនិយោគ។
ជំហានទី៥៖ យកគម្រោងចំណាយនិងគម្រោងប្រាក់ចំណូល មកស៊ីសងគ្នាដើម្បីបង្កើតកញ្ចប់ថវិកា
ពេលនេះអ្នកអាចប្រៀបធៀបរវាងការចំណាយនិងប្រាក់ចំណូលរបស់អ្នកដែលអាចជួយឱ្យអ្នកកំណត់កញ្ចប់ថវិកាអាជីវកម្មរបស់អ្នកបានក្នុងអំឡុងពេលចាប់ផ្ដើមដំបូងនេះ។ ជាធម្មតា ម្ចាស់អាជីវកម្មគួរមានកញ្ចប់ថវិកាមួយផ្នែកទៀតសម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ ឬយថាហេតុដែលមិនបានព្រៀងទុក ទើបមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់អាជីវកម្មដែលនាំឱ្យបរាជ័យដោយមិនបានត្រៀមខ្លួនជាមុន៕