សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
Freelancer ឬហៅថាបុគ្គលិកក្រៅក្របខ័ណ្ឌ ឬបុគ្គលិកធ្វើការឯករាជ្យ គឺជាការងារដែលមានអ្នកចង់ធ្វើច្រើនដោយសារបុគ្គលិកប្រភេទនេះ មិនចាំបាច់ទៅធ្វើការនៅការិយាល័យឬបង្ហាញមុខជាប្រចាំឡើយ។ ជាធម្មតា Freelancer គ្រាន់តែត្រូវការឧបករណ៍ដែលស័ក្ដិសមសម្រាប់ការងាររបស់ពួកគេ និងមានអ៊ីនធឺណិតលឿនអាចទាក់ទងឬបំពេញការងារបានជាការស្រេច។ ពួកគេអាចធ្វើការពីកន្លែងណាមកក៏បាន ឱ្យតែសម្រេចការងារតាមការចង់បានពីក្រុមហ៊ុនឬអតិថិជន។
ប៉ុន្តែដើម្បីក្លាយខ្លួនជា Freelancer ដែលពេញលក្ខណសម្បត្តិនិងមានគុណភាពម្នាក់ ត្រូវមានចំណុចអ្វីខ្លះ? ហើយថាតើការងារអ្វីខ្លះដែលអ្នកអាចបំពេញក្នុងនាមជា Freelancer បាន?
ការងារដែលអាចធ្វើជា Freelancer បាន៖
- អ្នកសរសេរមាតិកាផ្សេង
- ផ្នែក Web Developer
- ផ្នែកជំនួយការនិម្មិតឬវិជ្ជាជីវៈនិម្មិត (Virtual Professional)
- ផ្នែកកែសៀវភៅ
- ផ្នែកសេវាទីផ្សារឬទំនាក់ទំនងសាធារណៈ
- ផ្នែកគ្រប់គ្រងបណ្ដាញសង្គម-ល-
អ្វីដែលអ្នកគួរដឹងមុនចាប់ផ្ដើមការងារជាFreelancer៖
១. រៀបចំផែនការការងារ
អ្នកត្រូវយល់ដឹងពីប្រភេទការងារដែលអ្នកចង់ធ្វើជា Freelancer ឱ្យបានច្បាស់ហើយរៀបចំផែនការទាក់ទងនឹងចំនួនការងារដែលអ្នកអាចទទួលបាន ពេលវេលាដែលអ្នកអាចបំពេញ និងត្រៀមខ្លួនឆ្លើយសំណួរក្នុងករណីក្រុមហ៊ុនឬអតិថិជនចង់ដឹងលម្អិត ឬយុទ្ធសាស្ត្រការងាររបស់អ្នក។
២. បង្កើតវិបសាយ, Blog ឬបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្ហាញពីខ្លួនអ្នក និងសេវាកម្មដែលអ្នកធ្វើបានរួមបញ្ចូលទាំងគំរូការងារឬបទពិសោធន៍ការងារដែលអ្នកធ្លាប់ធ្វើឱ្យអតិថិជនទុកចិត្ត។
៣. បង្កើត Profile នៅលើបណ្ដាញសង្គម LinkedIn ដែលជាបណ្ដុំធនធានដ៏សម្បូរបែបទាក់ទងនឹងឱកាសការងារមិនថាជាការងារពេញម៉ោងក្រៅម៉ោង ឬប្រភេទ Freelancerនេះ។ នៅក្នុងគណនី LinkedIn របស់អ្នកកុំភ្លេចធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់អ្នកទាំងព័ត៌មានបុគ្គលការសិក្សា បទពិសោធន៍ការងារនិងរួមទាំងគំរូការងារផងដែរ។ កាលណាអ្នក Active នៅលើ LinkedIn ច្រើនវាអាចនាំឱ្យគណនីរបស់អ្នកត្រូវបានឃើញដោយក្រុមហ៊ុនឬអតិថិជនដែលត្រូវការសេវាប្រហាក់ប្រហែលនឹងសមត្ថភាពរបស់អ្នកបានក្នុងភាគរយច្រើន។
៤. ដាក់លេខទូរស័ព្ទ ដែលគេអាចទាក់ទងបានគ្រប់ពេលវេលា។
៥. មានជានាមប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណផ្លូវការ៕