រឿង​៥​យ៉ាង​​ដែល​​មនុស្សមិនសូវ​និយាយច្រើន ​ចង់​ឱ្យ​គ្រប់​គ្នា​ដឹង

១. ស្ងាត់ស្ងៀមមិនមែនមានន័យថា​អៀននោះទេ

មនុស្សយើងពេលខ្លះ យល់ខុសថា គ្រាន់តែមនុស្សម្នាក់ស្ងាត់ស្ងៀមក៏មានន័យថាម្នាក់នោះអៀនប្រៀន។ វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងត្រូវដឹងថា រវាងការមិននិយាយស្ដី​ភាពអៀនខ្មាស និងការខ្លាចសង្គម វាមានភាពខុសគ្នាយ៉ាងខ្លាំង។

មនុស្សដែលមិនសូវនិយាយស្ដី គឺមិនសូវខ្លាចក្នុងការនិយាយជាមួយអ្នកដទៃនោះទេទោះបីជាអ្នកខ្លះធ្លាប់ជាមនុស្សអៀនប្រៀនច្រើន ឬក៏មានអាការៈខ្លាចសង្គមក៏ដោយ។

បុគ្គលស្ងាត់ស្ងៀមច្រើនមានទំនោរទៅរកការប្រៀងទុកជាមុន និងមានទិសដៅជាក់លាក់។ ពួកគេចូលចិត្តសង្កេតពីមនុស្សកាន់តែច្បាស់ជាមុនសិន មុននឹងចូលទៅធ្វើការជជែកសន្ទនា។

បុគ្គលស្ងប់ស្ងាត់ចូលចិត្តគិតមុនពេលពួកគេនិយាយ។ ជាធម្មតាពួកគេមិនសូវចូលចិត្តនិយាយរឿងអត់ប្រយោជន៍ឬក៏និយាយលេងច្រើនទេ។ ដូច្នេះនៅពេលក្រោយ ពេលអ្នកចង់សម្គាល់នរណាម្នាក់ដែលស្ងាត់ស្ងៀមសូមកុំទាន់សន្មតថា ពួកគេខ្មាស់អៀន ឬក៏ពួកគេខ្លាចនឹងនិយាយជាមួយអ្នកដទៃ។

២. ពួកគេមិនបានខឹង ឬក៏បាក់ទឹកចិត្តនោះទេ

នៅពេលដែលបុគ្គលស្ងៀមស្ងាត់ម្នាក់មានអារម្មណ៍អន់ចិត្ត ដោយរឿងរ៉ាវសង្គមច្រើនពេក ពួកគេច្រើនតែត្រូវការពេលវេលាស្ងប់ស្ងាត់និងចង់នៅតែឯងដើម្បីតាំងអារម្មណ៍។ តែស្ដាយណាស់ពេលខ្លះមនុស្សមួយចំនួនយល់ច្រឡំពីការចង់នៅម្នាក់ឯងដែលគិតថាជាអារម្មណ៍អវិជ្ជមាន ដូចជាខឹង​ បាក់ទឹកចិត្ត មិនមាត់មិនក​ ឬព្រួយបារម្ភ។

ប្រសិនបើអ្នកជាមនុស្សមិនសូវនិយាយស្ដី អ្នកប្រហែលជានឹកឃើញអំពីឪពុកម្តាយឬមនុស្សពេញវ័យផ្សេងទៀតប្រាប់អ្នកថា "ចេញពីបន្ទប់របស់អ្នក ហើយឈប់ធ្វើភាំងៗទៅ"នេះនៅពេលអ្នកពិតជាព្យាយាមចង់មានពេលស្ងាត់បន្តិច។ ទាំងនេះអាចមានការភ័ន្តច្រឡំខ្លះសម្រាប់អ្នកស្ងៀមស្ងាត់ដែលគាត់មិនយល់ពីមូលហេតុដែលមនុស្សម្នាក់ត្រូវការភាពស្ងប់ស្ងាត់។

មនុស្សដែលមិនសូវនិយាយស្ដីអាចនឹងភ្ញាក់ផ្អើល នៅពេលដែលគេឮមនុស្សផ្សេងទៀតនិយាយថាការដែលនៅម្នាក់ឯងហាក់បីដូចជាឈ្លើយ ឬប្រងើយកន្តើយ។

៣. ពួកគេមិនមែនជាមនុស្សឈ្លើយនោះទេ

មុនស្សមិនសូវនិយាយស្ដីអាចស្ងៀមស្ងាត់ និងមានការត្រៀមទុកជាមុននៅពេលអ្នកជួបពួកគេ ហើយវាអាចនឹងពិបាកក្នុងការដឹងថាពួកគេកំពុងគិតអ្វី។ នេះអាចជាមូលហេតុធ្វើឱ្យអ្នកដទៃយល់ថាពួកគេជាមនុស្សឈ្លើយ។

មុនពេលដែលអ្នកនិយាយថាឈ្លើយ សូមគិតពិចារណាអំពី ចរិតលក្ខណៈរបស់មនុស្សម្នាក់និងរបៀបនៃការប្រាស្រ័យទាក់ទងគ្នាគឺផ្សេងៗគ្នា។ វាជាការសំខាន់ណាស់ដែលត្រូវយល់ថាបុគ្គលស្ងៀមស្ងាត់ម្នាក់ប្រហែលជាត្រូវការ ស្គាល់អ្នកអោយបានច្បាស់ មុនពេលពួកគេអាចព្រមទទួលរាប់អានអ្នក។

៤. មនុស្សមិនសូវនិយាយស្ដី គឺមិនចម្លែកទេ

យោងតាមការប៉ាន់ស្មានមួយចំនួន ពាក់កណ្តាលនៃចំនួនប្រជាជនត្រូវបានកំណត់ថាជាមនុស្សមិនសូវនិយាយស្ដី។បើផ្អែកទៅលើភាពឯការមួយចំនួន ការដែលមិនសូវនិយាយស្ដីពិតជាមិនមែនជាអ្វីដែលចម្លែក​ ខុសគេ ឬខុសប្រក្រតីនោះទេ។ ពេលខ្លះមនុស្សមិនសូវនិយាយស្ដីត្រូវបានគេចាត់ថ្នាក់ដោយអយុត្តិធម៌ថាចម្លែក។

មនុស្សស្ងៀមស្ងាត់ចូលចិត្តធ្វើតាមអ្វីដែលជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គេជាជាងយកចិត្តទុកដាក់ ចំពោះអ្វីដែលពេញនិយម ឬទាន់សម័យ។

៥. ពួកគេមិនមែនចង់នៅម្នាក់ឯងរហូតទេ

ខណៈពេលដែលថ្ងៃខ្លះមនុស្សស្ងៀមស្ងាត់ត្រូវការពេលវេលាតែម្នាក់ឯងដើម្បីទទួលបានថាមពលមកវិញខ្លះ តែវាមិនមានន័យថាពួកគេចង់នៅម្នាក់ឯងគ្រប់ពេលនោះទេ។

ប៉ុន្តែសូម្បីតែចំណាយពេលជាមួយមិត្តភក្តិជិតស្និទ្ធ និងមនុស្សជាទីស្រលាញ់ពេលខ្លះក៏អាចនឹងគ្មានអារម្មណ៍ផងដែរ។ មនុស្សដែលមានចរិតលក្ខណៈស្ងៀមស្ងាត់ ជាធម្មតាត្រូវការពេលវេលាស្ងប់ស្ងាត់ដើម្បីសម្រាកនិងសន្សំថាមពលមកវិញ ក្រោយពីពួកគេចំណាយពេលជាមួយសង្គម៕