វាហាក់ដូចជារឿងចម្លែក ដែលមិនឱ្យអ្នកសិក្សាបារម្ភពីទីផ្សារការងារ តែវាជារឿងពិតនៃពិភពការងារ ព្រោះកាលណាយើងបារម្ភតែពីទីផ្សារខ្លាំងពេក ហើយភ្លេចគិតពីការពង្រឹងគុណភាពខ្លួនឯង នោះយើងប្រាកដជាមិនអាចទទួលបានការងារល្អនោះទេ បើទោះបីជាជំនាញដែលយើងកំពុងសិក្សានោះសំបូរឱកាសក៏ដោយ។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃលោក រិន រ៉ាវុធ សាស្រ្តាចារ្យផ្នែកគ្រប់គ្រងបានលើកឡើងថា យុវវ័យគួរគិតគូរពីទីផ្សារការងារ តែមិនគួរផ្តោតខ្លាំងជ្រុលរហូតធ្វើឱ្យខ្លួនឯងក្រិនមិនទៅមុខនោះទេ។ អ្វីដែលយើងគួរធ្វើពិតប្រាកដ គឺការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យខ្លាំងដើម្បីធានាថា យើងមានសមត្ថភាពចាប់យកឱកាសការងារមួយពិតប្រាកដនៅថ្ងៃអនាគត។ លោកថា ទោះបីជំនាញណាក៏ដោយ យើងនៅតែអាចរកការងារបានល្អ និងក្លាយជាអ្នកជំនាញបានប្រសិនបើយើងពិតជាមានសមត្ថភាពពិតប្រាកដ។ ជាក់ស្តែងបើទោះបីជាការងារនោះមិនសូវមានឱកាសច្រើនក៏ដោយ តែប្រសិនបើយើងមានភាពល្អប្លែក (unique) និងយល់ច្បាស់លាស់ពីការងារនោះ យើងនឹងនៅតែរកឃើញច្រកចេញ ដើម្បីចាប់យកផ្នែកសំខាន់ក្នុងពិភពជំនាញដែលយើងកំពុងធ្វើយ៉ាងពិតប្រាកដ។
លោក រិន រ៉ាវុធ បាននិយាយថា៖ «យុវវ័យគួរដកភាពភ័យខ្លាច ការព្រួយបារម្ភ ឬសម្តីដែលនិយាយថាជំនាញនេះខ្វះការងារ ឬលទ្ធភាពដែលយើងមានមិនអាចចាប់យកការងារក្នុងវិស័យនេះ វិស័យនោះ ចេញពីក្នុងខ្លួនហើយងាកមកគិតថា តើយើងជាមនុស្សបែបណា ហើយអ្វីដែលយើងស្រឡាញ់ពិតប្រាកដ»។
លោកថា ប្រសិនបើយើងរកឃើញក្តីស្រឡាញ់ និងទេពកោសល្យពិតប្រាកដនៅក្នុងខ្លួន យើងនឹងអាចរកឃើញវិធីជាច្រើនដើម្បីពង្រីកចំណេះដឹង ដែលអាចឈានទៅដល់ការចាប់យកអាជីពដែលយើងស្រឡាញ់នោះ។ មនុស្សម្នាក់ៗ មានសមត្ថភាពខ្លាំងជាងការគិតរបស់យើងច្រើនដង គ្រាន់តែយើងមិនបានប្រើប្រាស់វាឱ្យអស់ពីសមត្ថភាពតែប៉ុណ្ណោះ។ ថាមពលដែលជំរុញឱ្យសក្តានុពលក្នុងខ្លួនយើងចេញមកខាងក្រៅបានល្អ គឺការរកឱ្យឃើញពីអ្វីដែលយើងស្រឡាញ់ពិតប្រាកដ។ នៅពេលដែលយើងរកឃើញវាហើយ ក្តីស្រឡាញ់នោះនឹងក្លាយជាថាមពលយ៉ាងខ្លាំងដើម្បីរុញច្រើនយើងឱ្យប្រឹងប្រែងខិតខំដោយមិននឿយណាយ។ វាជាចំណុចចាប់ផ្តើម និងឫសគល់នៃការរីកចម្រើន។ហេតុនេះសូមកុំឱ្យបរិស្ថានខាងក្រៅ គ្រប់ដណ្តើបលើក្តីស្រឡាញ់និងទេពកោសល្យក្នុងខ្លួនរបស់យើង។ នៅពេលយើងអភិវឌ្ឍវាបានកាន់តែប្រសើរ នោះយើងនឹងអាចក្លាយជាមនុស្សកាន់តែមានសក្តានុពលក្នុងការចាប់យកអាជីពមួយដែលគ្រប់គ្នាទទួលស្គាល់និងផ្តល់តម្លៃ៕