កំពង់ស្ពឺ ៖ តំបន់ផ្លូវជាតិលេខ៤៤ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នៅពេលបច្ចុប្បន្ននេះ ត្រូវបានបណ្តាជំនាញនៅក្នុងវិស័យអចលនទ្រព្យអះអាងថា តម្រូវការទីផ្សារលើការប្រើប្រាស់ដីកំពុងតែរត់តាមពីក្រោយតំបន់ផ្លូវជាតិ៤១ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម។
នៅក្នុងខេត្តកំពង់ ក្រៅពីតំបន់ដែលកំពុងមានភាពផុលផុស លើការទិញលក់ដីធ្លីសម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដូចជាផ្លូវជាតិលេខ៥១ បណ្តាយផ្លូវជាតិលេខ៤ និងនៅតំបន់ផ្លូវ៥១ បច្ចុប្បន្ននេះតម្រូវការ និងទីផ្សារដីបានរុញច្រានទៅដល់តំបន់ផ្លូវជាតិលេខ៤៤ ដែលភាគច្រើនមានតម្រូវការសម្រាប់វិស័យឧស្សាហកម្ម។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត ដែលអ្នកអភិវឌ្ឍន៍លើគម្រោងដីឡូតិ៍បានមានប្រសាសន៍ថា “តំបន់ផ្លូវជាតិលេខ៤៤ បើប្រៀបធៀបទៅនឹងតំបន់ផ្លូវលេខ៤១ និង៥១ គឺនៅមានកម្រិតនៅឡើយ ហើយតម្លៃដីក៏នៅទាបដែរ ប៉ុន្តែនៅត្រឹមឆ្នាំក្រោយតម្លៃដីនៅតំបន់នេះនឹងឡើងខ្ពស់ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មបានបង្ហាញខ្លួន”។
លោកបានបញ្ជាក់ “បច្ចុប្បន្ននេះ យើងឃើញមានរោងចក្រធំៗកំពុងដំណើរការនៅតំបន់នេះត្រឹមតែ៤-៥ទីតាំងតែប៉ុណ្ណោះ ហើយភាគច្រើនជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៍សម្រាប់លំនៅដ្ឋាន។ ប៉ុន្តែនៅត្រឹមដើមឆ្នាំក្រោយនេះ ការអភិវឌ្ឍន៍នៅតំបន់នេះទាំងវិស័យលំនៅដ្ឋាន ទាំងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម នឹងបង្ហាញរូបរាងច្រើន ព្រោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ធ្លាប់បង្ហាញពីគម្រោងរោងចក្រមួយចំនួន ដែលនឹងបង្ហាញនៅតំបន់នេះ”។
លោក វិន ឈុនហ៊ាត
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា “នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានក្រុមអ្នកវិនិយោគក្នុងស្រុកជិត១០នាក់បានមកពិភ្សាការងារ និងបង្ហាញពីគម្រោងនៃការចូលមកវិនិយោគក្នុងវិស័យមួយចំនួន ដែលក្នុងនោះរួមមានការបង្កើតជាតំបន់លំនៅដ្ឋានកម្រិតទាប ការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ហើយក៏មានគម្រោងវិនិយោគទៅលើវិស័យទេសចរណ៍ផងដែរ”។
ឯកឧត្តមបានបញ្ជាក់ថា “ក្រុមអ្នកវិនិយោគទាំងនោះ បានបញ្ជាក់ពីគម្រោងនៃការវិនិយោគរបស់ខ្លួននៅតាមតំបន់៣សំខាន់ៗ រួមមានតំបន់ផ្លូវ៥១ ផ្លូវ៤១ ហើយមានគម្រោងអភិវឌ្ឍន៍នៅតំបន់ផ្លូវ៤៤ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងនៅភូមិណា ឃុំណា នៅឡើយនោះទេ ដោយសារតែខ្លាចមាការតម្លើងថ្លៃដី ដែលជះឥទ្ធិលអាក្រក់ដល់គម្រោងពិបាកទិញដីសម្រាប់អភិវឌ្ឍន៍”។
ជាមួយនឹងការបង្ហើបពីគម្រោងចូលខ្លួនវិនិយោគរបស់អ្នកជំនួញក្នុងស្រុក ឯកឧត្តម វ៉ី សំណាង ក៏បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅលើគម្រោងវិនិយោគទាំអស់នៅក្នុងខេត្តកំពង់ស្ពឺ រួមជាមួយនឹងការព្យាយាមជួយសម្របសម្រួលទៅលើនីតិវិធីរដ្ឋបាលនានា ដើម្បីឱ្យគម្រោងវិនិយោគទទួលបានភាពជោគជ័យ និងអភិវឌ្ឍន៍នៅក្នុងតំបន់ផងដែរ ៕
ឯកឧត្តម វ៉ី សំណាង