គង់ រង្សី៖ រៀនមិនដល់សាកលវិទ្យាល័យ អាចក្លាយជាអ្នកនិពន្ធ ជោគជ័យមួយរូប

«តម្លៃពិតនៃជីវិតគឺស្ថិតលើកម្រិតនៃចំណេះដឹង មិនមែនស្ថិតនៅលើ កម្រិតនៃសញ្ញាបត្រឡើយ» នេះសម្តីពិតដែលចេញពីក្នុងចិត្ត របស់បុគ្គលមួយរូបបន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ មេរៀនជីវិតដ៏ជូរចត់ នៃការមិនបានបន្តថ្នាក់សាកលវិទ្យាល័យតែទីបំផុតអាចងើបឈរឡើងវិញ រហូតក្លាយជាអ្នកនិពន្ធមួយរូប ដែលសង្គមទទួលស្គាល់។

អត្ថបទផ្សាយឡើងវិញ

ហែលឆ្លងនឹងអតីតកាល ដ៏សែនលំបាកជាច្រើនឆ្នាំរហូតដល់ពេលមួយ កម្លាំងចិត្តក៏ដូចជាក្តីសង្ឃឹម ក្នុងការបន្តដំណើរជីវិតទាំងប៉ុន្មាន សឹងតែបាត់បង់អស់លោក គង់ រង្សី អាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន មិនគួរឲ្យចង់ជឿ ដោយច្រានចោលនូវការបាក់ទឹកចិត្តទាំងឡាយពុះពាររាល់ឧបសគ្គនានា បំពេញនូវក្តីស្រម៉ៃ តាំងពីតូចរបស់ខ្លួននោះគឺការធ្វើជាអ្នកនិពន្ធមួយរូប ដែលប្រកាន់នូវគោលជំហរនិពន្ធតែអ្វី ដែលមានលក្ខណៈប្លែកថ្មីនិងមានគុណតម្លៃដល់ប្រជាពលរដ្ឋនិងសង្គមជាតិ។

ពិតណាស់ ទម្រាំតែនឹងបាន មកឈរដោយជើងទាំងពីរយ៉ាងរឹងមាំនៅកន្លែងសព្វថ្ងៃនេះ អ្នកនិពន្ធវ័យ៣១ឆ្នាំ រូបនេះ ធ្លាប់ជួបនឹង ភាពលំបាករាប់សឹងមិនអស់ទៅហើយ។គ្មានអ្នកណាចង់កើតមកក្រនោះទេ តែពេលខ្លះភាពលំបាកក្នុងនាមជាកូនអ្នកក្រ ប្រហែលអាចជាចលករដ៏សំខាន់មួយរុញឲ្យភាពរឹងប៉ឹង ដែលលាក់កប់ក្នុងខ្លួនមនុស្សម្នាក់ យកចេញមកប្រើតាមដែលអាចធ្វើបាន។

មានស្រុកកំណើតនៅទីក្រុងភ្នំពេញនិង ជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់ លោក គង់ រង្សី បានកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំដែលធ្វើឲ្យជំហរ នៃគ្រួសារទាំងមូលចាប់ផ្តើមរង្គោះរង្គើ។ ខណៈពេលដែលក្មេងៗ អាយុស្រករគ្នាគេគេងលក់ស្កប់ស្កល់ លើពូកទន់ៗក្នុងបន្ទប់មានកង្ហារនិងម៉ាស៊ីនត្រជាក់រង់ចាំតែមេឃភ្លឺ ឪពុកម្តាយនឹងដាស់ឲ្យងើបដើម្បីទៅសាលារៀននោះ សម្រាប់កុមារភាព របស់អ្នកនិពន្ធសម្តីផ្អែមរូបនេះវិញគឺផ្ទុយស្រលះតែម្តង ជាក់ស្តែង លោកត្រូវងើបតាំងពីមេឃងងឹត ដើររើសអេតចាយមុនពេលទៅរៀននិងដើរទូលនំដើរលក់ តាមទូរថភ្លើងរាល់ពេលទំនេរពីការសិក្សាដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសារ ដែលទីទាល់ក្រ។​

ជាមួយនឹងទឹកមុខរិះគិតស្រម៉ៃទៅរកអតីតកាល លោករង្សី បានបន្ថែមពីលើនោះថា «បើទោះជារៀនដល់ថ្នាក់ទី១២ទៅហើយក្ដី ក៏ខ្ញុំនៅតែរៀនបណ្ដើររុញរទេះនំប៉ាវលក់បណ្ដើរផងដែរ ព្រោះគ្រួសារក្រីក្រលំបាកខ្លាំងពេកនិងដើម្បីរកប្រាក់សម្រាប់ទៅរៀន»។

អ្វីដែលជារឿងមួយ ដ៏គួរឲ្យសោកស្តាយបំផុតរបស់លោករង្សីនោះគឺការមិនបានបន្តការសិក្សា ទៅថ្នាក់មហាវិទ្យាល័យតាមចិត្តប៉ងប្រាថ្នា។ ការពិតទៅលោកមាននិស្ស័យ ខាងការតែងនិពន្ធតាំងពីក្មេងមកម្ល៉េះដូច្នេះហើយទើបលោកដាក់ចិត្តថាពិតជាចង់ បន្តការសិក្សាឲ្យបានកាន់តែច្រើនដើម្បីស្វែងយល់ក្លាយជាអ្នកនិពន្ធមួយរូប តាមក្តីប្រាថ្នារបស់ខ្លួន។ លោកបានឲ្យដឹងថា«ខ្ញុំស្រឡាញ់ការសិក្សាណាស់ ព្រោះខ្ញុំគិតថា មានតែការសិក្សាមួយប៉ុណ្ណោះ ទើបអាចនាំជីវិតខ្ញុំឱ្យងើបផុតពីភាពក្រីក្របានតែខ្ញុំត្រូវអស់សង្ឃឹមយ៉ាងខ្លាំង ពេលដែលប្រឡងជាប់ថ្នាក់ទី១២ហើយបែរជាគ្មានលទ្ធភាពបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ដូចជាមិត្តៗដទៃទៀតជាហេតុធ្វើឱ្យត្រូវរស់នៅជាមួយភាពអស់សង្ឃឹម អស់រយៈពេលយ៉ាងយូរ»។

ទម្រាំតែនឹងរកឃើញ អត្ថន័យពិតនៃជីវិតអ្នកនិពន្ធរូបនេះ សឹងតែដួលរហូតងើបលែងរួចទៅហើយ​។ លោកបានប្រើគំនិតសុទិដ្ឋិនិយម មើលពិភពលោកសាជាថ្មីនោះគឺមនុស្សអាចស្វែងរកចំណេះដឹង បានគ្រប់ទិសទីពីខាងក្រៅ ជាពិសេសពីសៀវភៅល្អៗមិនមែនទាល់តែចូលរៀន ក្នុងសាលាទើបអាចអាចសាងចំណេះដឹង និងភាពជោគជ័យបានឡើយ។

រំលឹកទៅ ពេលដែលចាប់ផ្តើមងើបឈរសាជាថ្មី និងចាកចេញពីការខ្ជះខ្ជាយ ពេល២ឆ្នាំចោលដោយគ្មានគោលដៅកាលនោះ លោករង្សី បានធ្វើការជាអ្នករត់តុ នៅហាងស៊ុបមួយកន្លែងនៅម្ដុំទួលទំពូងដើម្បីអាចមានប្រាក់យកទៅចំណាយក្នុងជីវភាពរស់នៅបានខ្លះៗ និងឆ្លៀតពេលទំនេរពីការងារ ទៅធ្វើការស្ម័គ្រចិត្តនៅសមាគមអក្សរសិល្ប៍មួយកន្លែង ដែលជាឱកាសអាចឱ្យលោក បានស្គាល់អ្នកនិពន្ធជើងចាស់មួយចំនួននិងមានឱកាសបានសិក្សាពីវិធីនិពន្ធលើផ្នែកផ្សេងៗផងដែរ បន្ទាប់មកលោកក៏បានចូលទៅដាក់ពាក្យសិក្សាជំនាញតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ ដែលដំណាក់កាលនោះហើយ ជាកំឡុងពេលដែលលោកចាប់ផ្ដើមស្រឡាញ់ការតែងនិពន្ធកាន់តែខ្លាំង និងប្រឡូកក្នុងសង្គមក្នុងវិស័យតែងនិពន្ធ កាន់តែជ្រៅរហូតមកទល់នឹងបច្ចុប្បន្ន។

លោកបន្តទាំងទឹកមុខពេញចិត្តថា«ការដែលខ្ញុំចាប់យកអាជីពនេះ ក៏ព្រោះតែខ្ញុំមានហេតុផលសំខាន់ៗ៣យ៉ាងគឺទី១ជាអាជីពដែលខ្ញុំប្រាថ្នាតាំងតែពីក្មេង ទី២អាជីពជាអ្នកនិពន្ធ គឺជាអាជីពដែលប្រកបដោយកិត្តិយសនិងទី៣ព្រោះចង់ចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ តាមរយៈការបង្កើតស្នាដៃនិពន្ធទាំងឡាយណាដែលមានគុណតម្លៃចំពោះប្រជាពលរដ្ឋ សង្គមជាតិ ជាពិសេសមនុស្សជាតិតែម្ដង»។

បន្ថែមពីលើនេះលោកឆ្លៀតប្រាប់ពីកត្តាជម្រុញចិត្តធំមួយ ដែលមិនអាចខ្វះបានក្នុងការរុញច្រាន ឲ្យការតស៊ូងើបឡើងពីក្នុងខ្លួនរបស់លោកគឺការអានសៀវភៅ។ កម្លាំងចិត្តរបស់លោកគឺ បានមកពីការអានសៀវភៅនិយាយពីភាពជោគជ័យនៃបុគ្គលល្បីៗទាំងក្នុងនិងក្រៅប្រទេស ដែលភាគច្រើនសុទ្ធតែមានប្រភព ចេញពីគ្រួសារក្រីក្រ រៀនបានតិចតែសាងស្នាដៃឡើង ដោយបាតដៃទទេគួរឲ្យកោតសរសើរ។

គួរបញ្ជាក់ផងដែរថា​ស្នាដៃនិពន្ធជោគជ័យរបស់លោក គង់ រង្សីសុទ្ធតែត្រូវបានទទួលការពេញចិត្តយ៉ាងច្រើនពីសំណាក់អ្នកអាន ដែលក្នុងនោះស្នាដៃជោគជ័យធំៗរួមមានប្រលោមលោកជាច្រើនរឿង សៀវភៅចំណេះបែបសាកលមានចំណងជើងថា «ចិត្តសាស្រ្តស្នេហា» និងមួយទៀតមានចំណងជើងថា «ចំណេះដឹងផ្នែកផលិត រៀបចំដឹកនាំនិងគ្រប់គ្រងកម្មវិធីវិទ្យុទូរទស្សន៍» ដែលទើបតែបោះពុម្ភផ្សាយហើយថ្មីៗ ហើយជាពិសេសក្នុងពេលឆាប់ៗនេះលោកនឹងបង្ហាញស្នាដៃនិពន្ធថ្មីមួយទៀត ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន នោះគឺបទចម្រៀងស្នាដៃថ្មី(Original song) ដែលជាការសហការនិពន្ធរបស់លោកជាមួយនឹងអ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប។

គិតមកទល់សព្វថ្ងៃនេះលោករង្សីប្រឡូកក្នុងវិស័យតែងនិពន្ធ អស់រយៈពេល៩ឆ្នាំមកហើយ យ៉ាងណាមិញអាជីពតែងនិពន្ធនេះក៏ត្រូវបានទទួលការត្អូញត្អែរ ពីលោកខ្លះដែរថា «ខ្ញុំត្រូវហែលឆ្លងនូវការលំបាក ក្នុងវិស័យតែងនិពន្ធនេះយ៉ាងច្រើនដូចជា ត្រូវចំណាយពេលគិត និងសរសេរយ៉ាងយូរ ទើបអាចសាងស្នាដៃនីមួយៗបានហើយអ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺការរកនឹកសាច់រឿង ដែលមានលក្ខណៈទាក់ទាញ និងមានគុណតម្លៃចំពោះប្រិយមិត្តអ្នកអានមកសរសេរ បើទោះជាប្រភេទរឿងស្នេហាក៏ដោយ»។

លោករង្សីទទូចហើយទទូចទៀត ក្នុងការចង់ឲ្យប្រជាជនខ្មែរទាំងអស់ ងាកមកស្រលាញ់ការអានសៀវភៅក៏ដូចជាឲ្យតម្លៃអ្នកនិពន្ធខ្មែរ គាំទ្រស្នាដៃអ្នកនិពន្ធខ្មែរគ្រប់ផ្នែកដើម្បីឲ្យពួកគាត់មានកម្លាំងចិត្ត ក្នុងការបង្កើតស្នាដៃថ្មីៗប្រកបដោយគុណតម្លៃ សម្រាប់បម្រើសង្គមជាតិបន្តទៅទៀត។

ជាចុងក្រោយអ្វីដែលលោកអាចចែករំលែកផ្អែកលើបទពិសោធន៍នៃជីវិតរបស់លោកបានគឺ ត្រូវតែចេះមើលលោកក្នុងផ្លូវល្អត្រូវតែមានការតស៊ូប្រឹងប្រែងព្យាយាមដោយប្រកាន់ខ្ជាប់នូវគុណធម៌ជាពិសេសត្រូវតែសាងចំណេះដឹងឱ្យបានទូលំទូលាយ និងមានភាពស្មោះត្រង់ទាំងចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន។

«មិនត្រូវរស់នៅក្នុងភាពអស់សង្ឃឹម និងបណ្ដោយតាមព្រេងវាសនានោះឡើយ ត្រូវចាំថា មានតែខ្លួនយើងម្នាក់ប៉ុណ្ណោះ ដែលជាអ្នកដឹកនាំជីវិតខ្លួនឯងឱ្យទៅដល់កន្លែងដែលយើងចង់ទៅបំផុតក្នុងជីវិត»នេះជាការផ្តាំផ្ញើរបស់អ្នកនិពន្ធកម្ពុជា គង់ រង្សី ទៅកាន់អ្នកធ្លាប់បរាជ័យឬអស់សង្ឃឹមក្នុងជីវិតគ្រប់គ្នា៕

ដោយ សន ឆវីវតី