៥​វិធី​ ជួយ​​​​សម្រួល​អារម្មណ៍ធ្វើការ បង្កើន​​ផលិត​ភាព​​ការ​ងារ​​អ្នក​ឡើង​វិញ

តើ​អ្នក​ធ្លាប់​​ឬ​អត់ធ្វើ​ការងារ​​ផ្សេង​ៗ​ពេញ​មួយ​ថ្ងៃ​ហើយ ប៉ុន្តែ​នៅ​មាន​អារម្មណ៍​ថា ​មិន​បាន​​​បំពេញ​ការងារ​អ្វី​​​គាប់​ប្រសើរ​តាម​​លទ្ធ​ផល​រំពឹង​ទុក​សោះ។ តាម​ការ​លើក​ឡើង​ របស់​​លោក​ស្រី Ashley Stahl ជា​គ្រូ​បង្វឹក​ផ្នែក​​អាជីព​ការងារ​ ជា​អ្នក​និពន្ធ​ ក៏​ដូច​ជា​សហគ្រិន​​មួយ​​រូប​នៅ​សហរដ្ឋអាមេរិក​​​​​ បាន​លើក​ឡើង​ពី​ចំណុច​​ខ្លះ​ៗ​​តាម​ពិសោធ​​លោក​ស្រីដែល​ជួយ​ដល់​ផលិត​ភាព​ការងារ​បាន​ប្រសើរ​៖

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

.ឈប់​ធ្វើ​ការងារ​ច្រើន​​ក្នុង​ពេល​តែ​មួយ

ផ្តោត​លើ​ការងារ​តែ​មួយ​ ក្នុង​ពេល​មួយ​​ឲ្យ​ហើយគឺ​មាន​ល្បឿន​លឿន​​​ជាង​​​​ ការ​ធ្វើ​ការងារ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយនេះ​បើ​តាម​ការ​លើក​ឡើង​របស់​​លោក​ស្រី​ Ashley។ ជា​មួយ​គ្នា​នេះ លោក​សាស្រ្តាចារ្យ​ផ្នែក​​ប្រសាទ​វិទ្យា​​មក​ពី​សហរដ្ឋអាមេរិក លោក Earl K. Miller ក៏​បាន​លើក​ឡើង​ដែរ​ថាការ​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ដើម្បី​ទទួល​បាន​​ប្រសិទ្ធិភាពពោល​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ មិន​ថា​​អំឡុង​ពេល​និយាយ​ទូរសព្ទ ធ្វើ​បទ​បង្ហាញឬ​សូម្បី​តែ​ការ​ញ៉ាំ ហើយ​ធ្វើ​រឿង​អ្វី​ផ្សេង​ ទោះ​ជា​រឿង​តូច​តាច​ក៏​ដោយ​។ ដូច​នេះ​ ការ​ផ្តោត​​លើ​ការ​ងារ​តែ​មួយ​ ក្នុង​ពេល​​មួយ​​ឲ្យ​ហើយអ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធិភាព​។

.សម្រាក​ខ្លះ​

អ្នក​អាច​គិត​ថា ធ្វើ​ការ​ងារ​យូរ​ម៉ោង​​នឹង​ទទួល​បាន​លទ្ធផល​ការងារ​ឆាប់​​ហើយ​រួច​រាល់ ប៉ុន្តែ​យ៉ាង​ណាអ្នក​ពុំ​គួរ​​បង្ខំ​ធ្វើ​ទាំង​​ហត់​នឿយ​រហូត​ហួស​កម្លាំង​នោះ​ទេ​។ លោក​ស្រី​ Ashley បាន​យោង​លើ​ការ​ស្រាវជ្រាវ​​មួយ​ចំនួន​ថា ការ​មាន​ពេល​សម្រាក​​ខ្លះ​ៗ​ក្នុង​ច​ន្លោះ​ពេល​ការងារ នឹង​ជួយ​ឱ្យ​អារម្មណ៍​​ល្អ​​ផ្តោត​លើ​ការងារ​បាន​ប្រសើរ​ឡើង​វិញ និង​​ប្រកប​ដោយ​អារម្មណ៍​រីក​រាយ​ស្រស់​ថ្លា។ អាច​មាន​ពេល​៥​នាទី ដើរ​​ជុំ​វិញ​ការិយាល័យ ឬ​ក្បែរ​កន្លែង​ការងារ ឬ​​ចំណាយ​ពេល​១៥​នាទីសម្រាប់​សម្រាក​ញ៉ាំ​កាហ្វេ​​ជា​ដើម។

.បែង​ចែក​ចំណែក​ការងារ​ជា​ចំណុច​តូច​ៗ​

ពេល​ខ្លះ​គ្រាន់​តែ​មើល​ការងារ​គរ​ដូច​ភ្នំ ក៏​នឹង​ធ្វើ​ឱ្យ​យើង​ហត់​នឿយ​មុន​ដែរ ប៉ុន្តែ​​យើង​ក៏​នៅ​មាន​វិធី​បំពេញ​ការងារ​ទាំង​នោះ​រួច​រាល់​បានតាម​ការ​ចែក​វា​ជា​ចំណែក​តូច​ៗ។ ដូច​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ អាច​គ្រប់​គ្រង​ការងារ​ទាំង​នោះ​បាននិង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៀត​ផង ​ដោយ​ការ​ទម្លាប់​ធ្វើ​វា​បន្តិច​ម្តង​ៗ​​ជា​ជំហាន​​ៗ ក្នុង​មួយ​ថ្ងៃ​ៗ​។

.ចាប់​ធ្វើ​កិច្ច​ការ​សំខាន់​ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ល្អ​នឹង​ការងារ

ពេល​ខ្លះ​យើង​អាច​ទុក​ការងារ​​​ធំ​ៗ​ចោល ដោយ​គិត​ថា ​ត្រូវ​ការ​ពេល​វេលា​ច្រើន​​ជាប់​គ្នា​ដើម្បី​ធ្វើ​វា ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​អាជីព​ខាង​លើ​ បាន​លើក​ឡើង​ថា​នោះ​ជា​កំហុស​មួយ។ ចាប់​ធ្វើ​ការងារ​ធំ​ៗ ឬ​សំខាន់​ នៅ​ពេល​ណា​មួយដែល​អ្នក​មាន​អារម្មណ៍​ល្អ​នឹង​ធ្វើ​ការងារ ឬ​ពេល​ដែល​អ្នក​គិត​ថា អ្នក​ស្វាហាប់​ក្នុង​​កិច្ច​ការងារមិន​ថា​ពេល​យប់ ពេល​ព្រឹក​ ឬ​រសៀល​​នោះ​ទេ។ ស្វែង​យល់ និង​ដឹង​ពី​ពេល​ណាដែល​អ្នក​មាន​អារម្មណ៍​​ល្អ​នឹង​ការងារ ក៏​ជួយ​បង្កើន​ផលិតភាព​​ការងារក៏​ដូច​ជា​​​បង្ការ​ការងារ​មិន​ឲ្យ​រាំង​ស្ទះ​ឬ​នៅ​ក្បែរ​ថ្ងៃ​ Deadline (ពេល​កំណត់​ ត្រូវ​ប្រគល់​ការងារ)ផង​ដែរ​។

.អនុវត្ត​វិធី​ គោល​ការណ៍​២នាទី

គោល​ការណ៍​២​នាទី មាន​ន័យ​ថាអំឡុង​ពេល​ធ្វើ​ការងារ​ជា​ធម្មតា ប៉ុន្តែ​ក៏​មាន​ការងារ​បន្ទាន់​ខ្លះ​ៗ មក​កាត់​ផ្តាច់​​ចង្វាក់​ការងារ​ តែ​បើ​​ការងារ​​នោះ​​ត្រូវ​ប្រើ​ពេល​តែ​២​នាទីឬ​តិច​ជាង​នេះ នឹង​អាច​បញ្ចប់​រួច ដូចនេះ​យើង​អាច​ធ្វើ​វា​​ឲ្យ​ហើយដោយ​ចាប់​ផ្តើម​​ធ្វើ​វា​ឥលូវ។ ប្រើ​ពេល​តែ​២​នាទី រួច​ហើយ ដូច​នេះយើង​នឹង​ចំណេញ​ពេល​វេលា​ ត្រឡប់​ទៅ​ផ្តោត​លើ​ការងារ​សំខាន់​វិញ៕