ផ្សារទំនើប AEON 3 បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមទុនវិនិយោគប្រមាណ៣០០លានដុល្លារ

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិ AEON 3 ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែន  ឬផ្លូវ ៦០ម៉ែត្រ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប AEON 3 ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ AEON  ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមិនដូចការរំពឹងទុករបស់យើងនោះទេ”។ លោកបន្តថា “ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”។ 

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើប AEON 3 គម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមាណជា១២លាននាក់ក្នុងមួយឆ្នាំ។ 

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា “ទីតាំងរបស់ AEON3 គឺស្ថិតនៅតំបន់ដែលមានសក្ដានុពល ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ប្រមូលផ្តុំទៅលំនៅដ្ឋានជាច្រើនក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈពេលដែលបច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមមាញឹកដើម្បីបញ្ចប់គម្រោង”។

ជាមួយនឹងវត្តរបស់ផ្សារទំនើប AEON3 លោកស្រីបានបង្ហាញពីភាពជឿជាក់ថា នឹងមានភាពល្អប្រសើរច្រើនជាងបញ្ហាប្រឈម ដោយសារតែផ្សារទំនើប AEON បានផ្តោតសំខាន់ទៅលើអតិថិជនកម្រិតមធ្យម ដែអាចប្រមូលចំណែកទីផ្សារមកពីតំបន់ជិតខាងបន្ថែមទៀត ដែលខុសប្លែកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនទៀតដែលនឹងបង្ហាញខ្លួនជិតគ្នាបានជ្រើសរើសអតិថិជនកម្រិតខ្ពស់ ឬកម្រិតអភិជន។

គម្រោង AEON3  ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប AEONទាំង៣នៅកម្ពុជា។ គំរោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន២៤ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការលក់ នៅត្រឹមឆ្នាំ២០២៣ ជាមួយទុនវិនិយោគប្រមាណ៣០០លានដុល្លារ៕