​ផលិតករ​វ័យ​ក្មេង រិ​ទ្ធី លំ​អរ​ពេជ្រ និងស្នាដៃ នៃការបង្កើតកម្មវិធីបុណ្យភូមិ ដ៏មានប្រជាប្រិយ

កម្ម​វិធី​ បុណ្យ​ភូមិដែល​ជាកម្មវិធីមួយ ដើម្បីចូលរួមអប​អរ​សារ​ទរ​មុន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ក្នុងខែ​មេសា ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ កញ្ញា​សក់​ខ្លី​ វ័យ​២៤​ឆ្នាំ​រិទ្ធី​ លំអរ​ពេជ្រ ឬ​ហៅ​ក្រៅ​ យូ​គី (Yuki) ព្រម​ទាំង​សមាជិក​ស្ម័គ្រ​ចិត្ត​ ​ក្នុង​ក្រុម​ភ្លើង​គប់ តាំង​តែ​ពី​ឆ្នាំ​២០១៤​។

(អត្ថបទផ្សាយឡើងវិញ)

កញ្ញាលំអរ​ពេជ្រ ជា​និស្សិត​ បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់​គ្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ព្រម​ទាំង​ជា​ផលិតករ​ភាព​យន្ត​វ័យ​ក្មេង​ម្នាក់​និង​មាន​អាជីព ​ជា​អ្នក​ដឹក​នាំ​ថត ​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​អង្គការ​ BBCMedia Action ដែល​ជា​កម្មវិធី​អប់​រំ​យុវជន​កម្ពុជា​មួយ​ ដែល​គេ​ស្គាល់​ថា​ជា​កម្មវិធី​ស្នេហ៍​៩​

យូ​គីជា​យុវនារី ​ឈាន​មុខម្នាក់​ក្នុង​ការងារ​សង្គម​​ និង​មាន​ទស្សនៈ​ស្រលាញ់​ថែ​រក្សា​វប្បធម៌​បុរាណ​កាល​ពី​កំពុង​សិក្សា​ក្នុង​ឆ្នាំ​៤​ នាង​បាន​ធ្វើ​សារ​ណា​មួយ ​ដើម្បី​បញ្ចប់​ឆ្នាំ​សិក្សា​ដែល​ជា​ប្រធាន​បទ​ទាក់​ទង​នឹង​ទស្ស​នីយ​ភាព​ល្ខោន​ស្បែក​តូច​ និង​ស្បែក​ធំ​ ហើយ​តាម​រយៈ​ការ​ស្រាវ​ជា្រវ​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​កម្មវិ​ធី​ប្រចាំ​ឆ្នាំ​ ដ៏​មាន​ប្រជា​ប្រិយ​ក្នុង​ចំណោម​យុវជន​ដែល​កំពុង​សិ​ក្សាក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ មិន​តែ​ប៉ុណ្ណោះ​ ភាព​ល្បី​ល្បាញ​របស់​បុណ្យ​ភូមិ​បាន​ក្លាយ​ជា​ឱកាស​ដ៏​ប្រសើរ​របស់​សិល្បៈ​ករ ​ខ្មែរ​បុរាណ​និយម ​មាន​មោ​ទនៈ​ភាព​ នឹង​បាន​បង្ហាញ​នូវ​សមត្ថ​ភាព​សម្តែង​លើ​ឆាក ​ដើម្បី​បំពេរ​អារម្មណ៍​ទស្សនិជន ​រាប់​ពាន់​នាក់​ក្នុង​ឱកាស​បុណ្យ​ភូមិ​នេះ​។

កញ្ញា​ដ៏​ស្រស់​សោភា​ម្នាក់​នេះ​ក៏​បន្ត​ថា​៖«បុណ្យ​ភូមិ​បាន​ក្លាយ​និមិត្ត​រូប ​នៃ​ការ​បង្ហាញ​ទស្សនីយ​ភាព ​របាំ​ និង​ល្បែង​ប្រជា​បិ្រយ​បុរាណ​ខ្មែរ​ដែល​បច្ចុប្បន្ន​ យើង​កម្រ​មាន​ឱកាស​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ ​កម្សាន្ត​ជា​មួយ​មិត្តភ័ក្ត្រមុន​ពេល​ចូល​ឆ្នាំ​បានងាយ​ស្រួល​ឡើយ​»។​ កញ្ញា​ក៏​លើក​ឡើង​ដែរថា ម្យ៉ាង​បុណ្យ​ភូមិ​ជា​ឱកាស​សម្រាប់​យុវជន​ដែល​រៀន​នៅ​ភ្នំពេញ ​មាន​ពេល​ជួប​ជុំ​លេង​កម្សាន្ត ​មុន​ពេល​ចូល​ឆ្នាំ​មក​ដល់​រីឯ​ពេល​ចូល​ឆ្នាំ​មក​ដល់ ​ជា​ពេល​សម្រាប់​គ្រួសារ​ដើរ​លេង​កម្សាន្ត​វិញ​ម្តង​។

មុន​នឹង​មាន​ការ​ទទួល​ស្គាល់​និង​ការ​រីក​សាយ​នៃ​កម្មវិធី​បុណ្យ​ភូមិ ដោយ​សារ​បុណ្យ​ភូមិ​ជា​កម្មវិធី​មហោស្រព​ថ្មី​តែ​បង្ហាញ​ផ្ទាំង​ទស្សនាយ​ភាព​ចាស់​ៗ​ និង​គ្មាន​ឆាក​ធំ​ទូ​លាយ​ គ្មាន​តារា​ល្បី​សម្តែង​គ្មាន​ការ​ឧបត្ថម្ភ​នានា ពិសេស​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ថែម​ទៀត​ យូ​គី បាន​ប្រាប់​ថា​៖​«ឆ្នាំ​ដំបូង ​យើង​បាន​ដើរ​សុំ​ការ​ឧបត្តម្ភ​គាំទ្រ​ដែរ​ តែ​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ថា​មិន​អាច​ទៅ​រួច​ទេ​ តែ​យើង​គិត​ថា ​ទោះ​យ៉ាង​ណា​ក៏​យើង​ត្រូវ​តែ​សាក​ល្បង​ ទោះ​បី​ជា​យើង​មាន​ធន​ធាន​តិច​តួច​យើង​ធ្វើតាម​ធនធាន​របស់​យើង​តែ​ម្តង​ទៅ​»។ ដោយ​មាន​ការ​រាប់​អាន​ច្រើន និងការចូលរួមទាំងថវិកា​ទាំង​ស្មារ​តី និង​ការ​ស្ម័គ្រ​ចិត្ត​ពីយុវ​ជន យូ​គី ក៏​បន្ត​ការ​ងារ​បង្កើត​បុណ្យ​ភូមិ​ដើម្បី​ជា​ប្រយោជន៍នៃ​សារ​ណា​បញ្ចប់​ការ​សិ​ក្សា ព្រម​ទាំង​បង្ហាញ​ថា​ ផ្ទាំង​ទស្សនីយ​ភាព​បុរាណ​ខ្មែរ​នៅ​តែ​មាន​ប្រជា​ប្រិយ ​ក្នុង​ដួង​ចិត្ត​ប្រជារាស្រ្ត​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​។

ជា​លទ្ធផល​ បុណ្យ​ភូមិ​ក៏​បន្ត​យ៉ាង​រលូន​និង​កាន់​តែ​មាន​ប្រជា​ប្រិយ​ និង​កាន់​តែ​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ ដែល​លើស​ពី​ការ​រំពឹង​ទុក​។ភាព​ជោគ​ជ័យ​របស់​បុណ្យ​ភូមិ​ សម្រាប់ យូគី ជាការ​ចូលរួម​ ពី​សំណាក់​បងប្អូន​ខ្មែរ​ទាំង​ក្មេង​ទាំង​ចាស់​និង​ការ​ទទួល​ស្គាល់​ ពី​សារៈ​សំខាន់​ នៃ​ការ​ចែក​រំលែក​ស្នាម​ញញឹម ជូន​គ្នា​ទៅ​វិញ​មក​។

កញ្ញា យូគី​ បាន​លើក​ឡើង​ថា​៖«ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា ​មាន​ការ​ចូល​រួម​ច្រើន​កុះករ​បែប​នេះសោះ​ ព្រឹក​ឡើង​មក​ដល់​វត្ត​ស្រាប់​តែ​ឃើញ​មនុស្ស​ម្នារ​មក​យ៉ាង​ច្រើន​ ហើយ​យើង​ក៏​បន្ត​បុណ្យ​ភូមិ ​តាំង​តែ​ពី​មួយ​ថ្ងៃរ​ហូត​ដល់​បី​ថ្ងៃ​និង​មក​ដល់​ពេល​នេះ​ជា​លើក​ទី​៣​»។

ការ​សម្រេច​កម្មវិធី​បុណ្យ​ភូមិ​ដោយ​ជោគ​ជ័យ​បែបនេះ​ក៏​ដោយ​សារ​ការ​ព្យាយាម​ និង​មិន​រា​ថយ​នឹង​ឧបសគ្គ ការ​ផ្តាច់​ជ្ញាចិត្តនិង​ភាព​ជឿជាក់​ ថែម​ទាំង​ការចេះ​ប្រើប្រាស់​ធនធាន ​ដែល​មាន​ស្រាប់​ឱ្យមាន​ប្រសិទ្ធ​ភាព​ជា​ពិសេស​ដើម្បី​ជៀស​វៀង​ការ​សោក​ស្តាយ​ និង​ការ​បោះបង់​ចោល​អ្វី​ដែល​យើង​កំពុង​ធ្វើ​យូ​គី បាន​ផ្ដល់ជាគំនិត​ថា​៖ «សូម​កុំ​យក​ថវិកាផ្ទាល់​ខ្លួន ​មក​ធ្វើ​កម្មវិធី​បែប​នេះ​ព្រោះ​មាន​បញ្ហា​ខ្លះ​កើត​ឡើង​អាច​ធ្វើឱ្យ​យើង​ខកចិត្ត​ខ្លាំង​»។

យ៉ាង​ណា​មិញ​ បើ​នៅតែ​ចង់​បង្កើត​កម្មវិធី​កម្សាន្ត​លក្ខណៈ​គ្មាន​ផល​ចំនូល​ចឹង ​ចូរ​កុំ​រំពឹង​ពី​ការ​ជោគ​ជ័យ​ខ្លាំង​ពេក​ កញ្ញា យូ​គីក៏​បន្ត​ថា​៖ «បុណ្យ​ភូមិ​ ជា​ប្រយោជន៍​សម្រាប់​អ្នក​ចូលរួម ​មាន​ឱកាស​ទស្សនា​មហោ​ស្រព​និង​ការ​សម្តែង​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ប្រយោជន៍​ ជា​ប្រភព​ថវិកា​ ភាគ​ច្រើន​ទៅដល់​អ្នកលក់​ដូរ​ក្នុង​កម្មវិធី​តែ​អ្នក​រៀបចំ​កម្មវិធី ​បាន​ត្រឹម​តែ​រៀបចំ​កម្មវិធី​ជោគ​ជ័យ តែ​គ្មាន​ម្នាក់​ណា​ទទួល​ចំនូល​ពី​កម្មវិធី​នេះ​ឡើយ​»។ តួយ៉ាង​បុណ្យ​ភូមិ​ បន្ត​ដំណើរ​ការ​បាន​រលូន ​ជា​ការ​រួម​ចំនែក​យ៉ាង​ធំ​ពី​ការ​ឧបត្ថម្ភនិង​ក៏​ដោយ​សារការ​ជ្រំជ្រែង ​របស់​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​គ្រប់​គ្នា ដោយ​មិន​បាន​គិត​ពី​ចំនូល​មក​វិញ​ឡើយ​ហើយ​មួយ​ផ្នែក​ទៀត​ នៃ​ការ​ផ្សព្វផ្សាយ​គឺ​បណ្តាញ​សង្គម​ហ្វេស​បុក ព្រម​ទាំង​វិទ្យុ​ផ្សាយ​សម្លេង​ABCកម្ពុ​ជា នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​កញ្ញា​ យូ​គី​៕

ដោយ សេង ធី