ឪពុកម្ដាយជាច្រើនតែងជ្រើសយកវិធីឱ្យកូនលេងទូរស័ព្ទឬ Tablet ដើម្បីបញ្ឈប់ភាពរពឹស ឬយំរំអុករបស់ពួកគេ។ ប៉ុន្តែមានអត្ថបទសុខភាពជាច្រើនមកហើយ ដែលបានចុះផ្សាយពីគុណវិបត្តិនៃឧបករណ៍អេឡិចត្រូនិកទាំងនេះចំពោះក្មេងតូចៗ ដែលមិនទាន់គ្រប់វ័យនឹងប្រើវាហើយឪពុកម្ដាយទាំងនោះ ក៏បានយល់ដឹងគ្រាន់តែគ្មានជម្រើសដែលអាចជួយកូនៗរបស់ពួកគាត់បាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចសាកល្បងនិងបន្តព្យាយាមដើម្បីឱ្យកូនៗ ងាកមកមានទំនាក់ទំនងល្អជាមួយគ្រួសារនិងរម្ងាប់សភាពឆេវឆាវរបស់កូនៗបាន។
១.រៀនទប់អារម្មណ៍មិនបញ្ចេញប្រតិកម្មរហ័សទៅកាន់ពួកគេ៖
ប៉ាម៉ាក់ដឹងទេថា ការដែលយើងបញ្ចេញប្រតិកម្មរហ័សតបទៅនឹងសកម្មភាពរបស់កូន ដូចជាស្រែកគំហក វាយ ឬស្ដីបន្ទោសកូន វាកាន់តែធ្វើឱ្យពួកគេចង់ឈ្នះនិងបន្តភាពរឹងរូសទៅវិញ។ ប្រសិនបើអ្នកធ្វើមិនដឹងមិនឮឬប្រាប់ពួកគេតាមសម្រួល ពួកគេអាចនឹងចាប់ផ្ដើមកែប្រែមកជាថមថយជាងមុន។ គួរចាំថា ឪពុកម្ដាយគឺជាផ្ទាំងកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់កូនៗ ដូច្នេះបើកូនរបស់អ្នកមានអាកប្បកិរិយារឹងរូស ឬឆេវឆាវគួរសួរខ្លួនឯងវិញថាអាចមកពីខ្លួនអ្នកធ្លាប់ធ្វើអាកប្បកិរិយាបែបនេះដាក់កូនឬអ្នកនៅជុំវិញខ្លួនជារឿយៗដែរឬក៏អត់ ហើយបន្ទាប់មកគឺផ្លាស់ប្ដូរពីខ្លួនអ្នកជាមុន មុននឹងឱ្យកូនធ្វើតាម។
២.លេងហ្គេមជាមួយកូនបន្ថែម៖
ជំនួសឱ្យកូនលេងអ្វីតែម្នាក់ឯង ម្ដាយឪពុកត្រូវចំណាយពេលវេលាបន្ថែមដើម្បីលេងជាមួយកូន បង្កើនភាពស្និទ្ធស្នាលជាមួយពួកគេ ធ្វើឱ្យពួកគេទទួលបានអារម្មណ៍កក់ក្ដៅ ឱ្យបានកាន់តែច្រើន។ អ្នកអាចបង្កើតហ្គេមផ្សេងៗគ្នាដើម្បីលេងជាមួយកូន ជួយពួកគេក្នុងការដោះស្រាយបញ្ហាក្នុងហ្គេមទាំងនោះ ហើយត្រូវបង្រៀនពួកគេឱ្យចាំពាក្យថា "កុំឆេវឆាវ" ឬ "ទប់អារម្មណ៍" ដូចចំណុចខាងលើ។
៣.ផ្ដល់ជម្រើសឱ្យពួកគេជ្រើសរើស៖
ក្មេងរឹងរូសឬឆេវឆាវច្រើនតែមកពីពួកគេមិនចូលចិត្តផ្ដល់ជម្រើស។ ដូច្នេះប៉ាម៉ាក់គួរបង្រៀនពួកគេឱ្យចេះជ្រើសរើសរវាងរបស់ពីរ ហើយឱ្យពួកគេផ្ដល់ហេតុផលអំពីជម្រើសដែលពួកគេបានជ្រើស។ ការធ្វើបែបនេះគឺធ្វើឱ្យកូនចេះស្វែងរកហេតុផល និងរម្ងាប់អារម្មណ៍ចង់បានរបស់ពួកគេដែលធ្លាប់តែចង់បានភ្លាមៗ មកជាចំណាយពេលបន្តិចក្នុងការគិតគូរ ថ្លឹងថ្លែង។អ្វីៗត្រូវធ្វើឡើងសន្សឹមៗទើបអាចទទួលបានលទ្ធផល។ ប៉ាម៉ាក់គួរតែអត់ធ្មត់និងចូលរួមឱ្យបានច្រើនដើម្បីពត់អត្តចរិតរបស់កូនដែលធ្លាប់តែរឹងរូសនិងឆេវឆាវនេះឱ្យមានប្រសិទ្ធភាព៕