​ភ្នំពេញ៖ ​ក្រសួងការពារជាតិ​បានធ្វើ​ការណែ នាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ​(​ខ​.​ម​) ​និង​ឲ្យ​បណ្តា​ស្ថាប័ន​កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ​ត្រូវអនុវត្ត​ឱ្យបាន​ល្អប្រសើរ ​និង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​រាជរដ្ឋាភិបាល​ស្ដីអំពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១​ជា​លើកចុងក្រោយ​។​ នេះ​យោងតាម​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

សារាចរ​ណែនាំ​បាន​បញ្ជាក់ថា យោងតាម​សេចក្តីជូនដំណឹង​លេខ៤៨២សជណ​.​ហ​ធ ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ របស់

ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹង​លេខ ៧៤៩០ សហវ ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១ អ​.​គ​.​រ ចុះ​ថ្ងៃទី​០៩​ខែកញ្ញា​ឆ្នាំ​២០២១​របស់​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា និង​យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ (ZOOM.Meeting) ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​ស​នី​យ៍ អគ្គមេបញ្ជាការ​ន កងយោធពល​ខេមរភូមិន្ទ​។​

​ក្រសួងការពារជាតិ ​ដាក់ចេញ​នូវ​សារាចរ​ណែនាំ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១- បណ្តា​ស្ថាប័ន​កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ ត្រូវអនុវត្ត​ឱ្យបាន​ល្អប្រសើរ និង ម៉ឺងម៉ាត់​ចំពោះ​វិធានការ​រាជរដ្ឋាភិបាល​ស្ដីអំពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១ ជា​លើកចុងក្រោយ ចំពោះ​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម ស្លាក​លេខ កងយោធពល​ខេមរភូមិន្ទ (​ខ​.​ម​) ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វ កិច្ច​ព​ន្ធ និង​អាករ​នាំចូល​ស្របច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​គយ ។​

២- អនុវត្ត​ការប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​ឱ្យបាន​ទាន់ពេលវេលា​កំណត់ យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។

៣- ការចុះបញ្ជី​អនុញ្ញាតឱ្យ​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម អាច​ដំណើរការបាន​ចំពោះ​យានយន្ត​ដូចខាងក្រោម​៖

យានយន្ត​ដែល​រដ្ឋ​បំពាក់ យានយន្ត​ដែល​ទទួលបាន​ពី​បណ្តា​ប្រទេស​ផ្តល់ជំនួយ យានយន្ត​ជា​អំណោយ​ពី​សប្បុរសជន ដែល​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​រួចរាល់ យានយន្ត​កម្ម​សិទ្ធិ រប​ស់​រដ្ឋ​ដែល​អស់​ប្រសិទ្ធភាព​ប្រើប្រាស់ ហើយ​ត្រូវ​កែរ​ច្នៃ​រៀប​តម្លើង​សារជាថ្មី យានយន្ត​ដែល​ទទួលបាន​ពី​ការ សម្រេច​របស់​តុលាការ យានយន្ត​ដែល​នាយទាហាន​ប្រើប្រាស់​ធនធាន​ផ្ទាល់ខ្លួន​ទិញ​ដាក់បញ្ចូល ក្នុង​ក្របខណ្ឌ​រដ្ឋ​ដោយបាន​បំពេញ​កាត​ព្វ​ពន្ធ​រួចរាល់​។​

៤- ចំពោះ​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ ខ​.​ម ហើយ​បាន​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ​តាម​សេចក្ដី ជូនដំណឹង​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្រសួងការពារជាតិ​នឹង​រក្សាទុក​ឱ្យប្រើ​ប្រាស់​ជាធម្មតា​។ ក្នុងករណី​យានយន្ត​ឯកជន​ពាក់​ស្លាក​លេខ ខ​.​ម ហើយ​មិនបាន​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្រសួងការពារជាតិ​នឹង​ធ្វើការ​និរាករណ៍​ស្លាក​លេខ ដែល​បាន​បំពាក់​កន្លងមក​ដោយ​ស្វ័យប្រវត្តិ​។​

៥- អគ្គនាយកដ្ឋាន​យោធ​សេវា​សហការ​ជាមួយ​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ រៀបចំ​ឯកសារ និង​កម្មវិធី​ធ្វើការ​ចុះ​ផ្សព្វ ផ្សាយ អប់រំ​ណែនាំ ឱ្យ​ស៊ីជម្រៅ​ដល់​បណ្តា​អង្គភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ​។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋាន ប្រធាន​ស្ថាប័ន មេបញ្ជាការ​កងឯកភាព​ដែលមាន​ការពាក់ ព័ន្ធ​ត្រូវអនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕