បច្ចុប្បន្ននេះ ប្រជាជនកាន់តែច្រើនឡើងនៅក្នុងពិភពលោក ចាប់ផ្តើមផ្លាស់ប្តូររបៀបនៃការរស់នៅទៅតាមរបត់នៃភាពទំនើបនិងការអភិវឌ្ឍនៃសាកលភាវូបនីយកម្ម។
ស្របតាមចរន្តបែបនេះ មនុស្សកាន់តែច្រើនឡើងបានផ្លាស់ប្តូរទីលំនៅមករស់នៅទីក្រុង ស្របពេលដែលការអភិវឌ្ឍបានធ្វើឱ្យទីក្រុងកាន់តែរីកធំ ហើយតំបន់ជនបទត្រូវរួមតូចបន្តិចម្តងៗ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ តាមការព្យាករណ៍របស់ស្ថាប័នពិភពលោកខាងលើបានឱ្យដឹងផងដែរថា នៅឆ្នាំ២០៣០ ក្នុងមួយសប្តាហ៍ អាចមានមនុស្សជាង១លាននាក់ផ្លាស់ទីលំនៅពីតំបន់ជនបទ ចូលមករស់នៅបន្ថែមក្នុងទីក្រុងនានាលើពិភពលោក។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបជាមួយនឹងចំនួនមនុស្សការបំពុលបរិស្ថាន ការដោះស្រាយបញ្ហាសំណល់ក្នុងទីក្រុង បញ្ហាស្បៀងអាហារកំណើននៃការប្រើប្រាស់អគ្គិសនី និងបញ្ហាដែលកើតឡើងដោយកត្តាមនុស្សជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបបច្ចុប្បន្ន បណ្តាប្រទេសនានា ចាប់ផ្តើមខិតខំប្រឹងប្រែងបង្កើតវិធីសាស្រ្តនានាដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលអាចនឹងកើតឡើងនៅថ្ងៃអនាគត។ ជាក់ស្តែងយើងឃើញហើយថា ប្រទេសអភិវឌ្ឍជាច្រើនចាប់ផ្តើមដាំដើមឈើកាន់តែច្រើនឡើងៗក្នុងទីក្រុង ដើម្បីកាត់បន្ថយការបំពុល។ បន្ថែមពីលើនេះ ពួកគេបានបង្កើតមធ្យោបាយធ្វើដំណើររួមដើម្បីបន្ថយការបំពុល ដោយសារផ្សែងយានយន្តនិងបង្កើតរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានជាដើម។
ក្នុងចំណោមវិធីសាស្រ្តនានា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន និងអនាគតនេះ អ្នកជំនាញណែនាំថា កត្តាចម្បងដែលអាចជួយពិភពលោកបានច្រើនបំផុត គឺការចូលរួមរបស់ប្រជាជនទាំងអស់គ្នាលើពិភពលោក។ ប្រសិនបើមនុស្សម្នាក់ៗចេះស្រឡាញ់បរិស្ថាន ប្រើប្រាស់អគ្គិសនីសន្សំសំចៃ ក៏ដូចជាគិតគូរពីការចូលរួមដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននាពេលបច្ចុប្បន្ន នោះពិភពលោកនឹងអាចរស់នៅក្នុងស្ថានភាពល្អប្រសើរទាំងពេលបច្ចុប្បន្ន និងអនាគត៕