ប្រទេសតួកគីនិយាយថា វ៉ាក់សាំងSinovac ការពារកូវីដ១៩ គឺមានប្រសិទ្ធភាពដល់ ៨៣%

អន្តរជាតិ៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសតួកគី បានរាយការណ៍ពីវ៉ាក់សាំងការពារកូវីដ១៩ គឺមានអត្រាប្រសិទ្ធភាពដល់  ៨៣.៥% ដែលវ៉ាក់សាំងនេះបង្កើតដោយក្រុមហ៊ុនចិន Sinovac Biotech ដោយផ្អែកលើលទ្ធផលសាកល្បងដំណាក់កាលទី ៣ ។ 

លទ្ធផលនេះ ផ្អែកលើទិន្នន័យត្រូវបានប្រើពីអ្នកស្ម័គ្រចិត្តចំនួនជាង ១ម៉ឺននាក់ លើក្រុមមនុស្សដែលចាប់ពីអាយុ ១៨ ដល់ ៥៩។ នេះតាមការរៀបរាប់របស់សាស្ត្រាចារ្យ  Serhat Unal សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រទេសតួកគី ប្រាប់សារព័ត៌មាន Nikkei Asia។ អ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ១០០% ក្នុងការការពារជំងឺពីសភាពធ្ងន់ធ្ងរពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន។

លោក Unal បានប្រាប់ Nikkei ថា“ ខ្ញុំអាចប្រាប់សហគមន៍អន្តរជាតិប្រកបដោយទំនុកចិត្តថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពនិងមានសុវត្ថិភាព” ។

សម្រាប់លទ្ធផលនៅក្នុងប្រទេសប្រេស៊ីល ក៏បានបង្ហាញពីប្រសិទ្ធភាព Sinovac មានដល់ ៨៣,៧% ផងដែរ។ ភាពខុសគ្នានេះ ដោយសារតែមានទំហំការពិសោធន៍ខុសគ្នា ការជ្រើសរើស ក្រុមមនុស្ស វិធីសាស្រ្ដ និងលក្ខខណ្ឌមួយចំនួនទៀត តាមប្រទេសនីមួយៗ៕ នេះបើតាមការរៀបរាប់របស់លោកសាស្រ្តចារ្យ Unal ៕

រហូតមកដល់ពេលនេះ ប្រទេសតួកគីបានទទួលវ៉ាក់សាំងចំនួន ១៥ លានដូសពី Sinovac ពីកិច្ចសន្យា ១០០ លានដូស ដែលត្រូវទិញរហូតដល់ចុងខែឧសភា៕

ប្រភព Nikkei Asia៕

រូបភាព​ Reuter.