ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីរយៈពេលនៃការបម្រុងទុក នាមករណ៍ក្រុមហ៊ុន-សហគ្រាស

រាជធានីភ្នំពេញ៖ ក្នុងលិខិតនៃសេចក្ដីជូនដំណឹង ស្ដីពីការបម្រុងទុកនាមករណ៍ក្រុមហ៊ុន សហគ្រាស ដែលបានចុះថ្ងៃទី ១ តុលា ឆ្នាំ ២០២០ បានបញ្ជាក់ពីការអនុញ្ញាតឲ្យបម្រុងទុកម្នាក់បាន០៣នាមករណ៍ និងការបន្តសុពលភាពនាមករណ៍តែម្ដងប៉ុណ្ណោះ។

ក្នុងសេចក្ដីជូនដំណឹងបានរៀបរាប់ថា៖ បុគ្គលស្នើសុំចុះបញ្ជីក្រុមហ៊ុនមានបំណងចង់បម្រុងទុកនាមករណ៍ជាមុន បុគ្គលស្នើសុំម្នាក់ អាចបម្រុងទុកនាមករណ៍បានតែចំនួន០៣នាមករណ៍ប៉ុណ្ណោះដែលនាមករណ៍នីមួយៗមានសុពលភាពត្រឹមតែ ២សប្ដាហ៍។

ករណីដែលនាមករណ៍ណាមួយហួសសុពលភាពបុគ្គលអាចធ្វើការស្នើសុំបម្រុងទុកនាមករណ៍ដដែលនោះ បន្ដសារឡើងវិញយ៉ាងតិចបំផុតឲ្យបាន០១ថ្ងៃ មុនកាលបរិច្ចេទហួសសុពលភាព។ ការស្នើសុំបម្រុងនាមករណ៍បន្តនេះអាចធ្វើបានតែម្ដងប៉ុណ្ណោះ៕