រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យផ្ទាល់ការងារជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាត

ខេត្តតាកែវ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខាធិការ អមដំណើរដោយប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែកដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។

សូមបញ្ជាក់ជូនថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ថា មានករណីរូងនាគនៅត្រង់ចំនុចក្បាលស្ពាន ទ្វារទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រធ្វើការជួសជុលរូងនាគដែលមានអង្កត់ផ្ចិតប្រវែង ១,៣ ម៉ែត្រ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនាគបានដោយជោគជ័យនៅពេលកណ្តាលអធ្រាត្រយប់ថ្ងៃដដែល, រហូតមកដល់ពេលនេះនៅសល់តែការងារចាក់បំពេញដីនិងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យការងារជួសជុលបានល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុងការរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ ៕