បណ្ឌិត គា បូរ៉ា៖ បើចង់ឱ្យក្រុមហ៊ុនឈរជើងបានយូរក្នុងទីផ្សារ អ្នករកស៊ីចាំបាច់ត្រូវតែចេះវិធីសាស្រ្ដនេះ

បច្ចុប្បន្ននេះពិភពលោក​បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតែរបត់នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបាន​វិវដ្តយ៉ាងលឿន។ ហេតុនេះហើយទើបក្រុមហ៊ុនធំៗជាច្រើន បានទាញយកឱកាសអភិវឌ្ឍប្រកបដោយភាពវិជ្ជមានខណៈក្រុមហ៊ុនដែលបត់មិនទាន់​របត់ថ្មីនេះ ក៏ត្រូវ​បិទទ្វាទៅវិញក្នុងដំណាក់កាលនេះផងដែរ។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

លោក​បណ្ឌិត​ គា​ បូរ៉ា ​អ្នកជំនាញ​គណនេយ្យ​ និងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន​ បាន​បញ្ជាក់នៅក្នុងកម្មវិធីស្វែងយល់ពីអាជីវកម្ម 4.0 របស់ Daily Plus ថា​ នៅក្នុងរបត់បច្ចេកវិទ្យា 4.0 នេះក្រុមហ៊ុនទាំងអស់ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនរបស់ខ្លួន ដើម្បីដើរឱ្យទាន់របត់នៃបច្ចេកវិទ្យាថ្មី ទើប​អាច​រក្សា​ជំហរ​ និង​ការប្រកួត​ប្រជែងក្នុងទីផ្សារ​។ លោកបានបន្ថែមថា កាលពីមុន ក្រុមហ៊ុន​នានា​ចូលចិត្ត​ប្រើវិធី​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ដើម្បី​ទាក់ទាញ​អតិថិជន​។ វិធីនេះគឺតម្រូវឱ្យ​បុគ្គលិក​ទូរសព្ទ​ទៅអតិថិជនម្តង​ម្នា​ក់ៗ ​ដើម្បី​ផ្តល់​ព័ត៌មាននិងលក់ផលិតផល ឬសេវាកម្មជាដើម​។ ការប្រើប្រាស់វិធីបុរាណនេះ ប្រសិនបើអនុវត្តនាពេលបច្ចុប្បន្ន ក្រុមហ៊ុនទាំងមូលច្បាស់ជាបិទទ្វារមិនខាន ​ព្រោះ​ទម្រាំ​ទាក់ទង​បាន​១លាន​នាក់​ យើង​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​។ 

ផ្ទុយមកវិញ ប្រសិនបើយើងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្រលក់ ឱ្យទាន់សម័យបន្តិច យើងនឹងអាចទាក់ទងទៅអតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ ប្រសិនបើយើងប្រើ​ Facebook​, Telegram​ ឬ Wechat ​ជាដើម​ ដើម្បីផ្តល់ព័ត៌មានដល់អតិថិជន នោះក្រុមហ៊ុននឹងចំណាយពេល​ខ្លី​តែ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​បាន ​រាប់​ម៉ឺន​ រាប់​លាន​នាក់​។ នេះ​ជាចរន្តថ្មី​មួយ​ដែល​យើង​ទាំងអស់គ្នាសុទ្ធតែបានមើលឃើញ ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត​ក៏កំពុងបង្ហាញខ្លួនក្នុងទីផ្សារដែល​ម្ចាស់​អាជីវកម្ម​គួរតែ​គិតគូរ​និង​យកចិត្ត​ទុកដាក់​ដើម្បី​ធានា​ពី​ការ​ផ្តល់​ និង​ទទួល​បាន​ព័ត៌មាន​ពីអ​តិថិ​ជន​ឱ្យ​បាន​ល្អ​​។

លោក​បណ្ឌិត​ គា​ បូរ៉ា​ បាន​និយាយ​ថា​៖ «ម្ចាស់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ​យ៉ាងហោចណាស់​ក៏​គួរ​មាន​ Email​ ផ្លូវការ​មួយ​របស់​ខ្លួនឯង​ និង​មាន​វេ​បសាយ​ ដែល​មាន​ផ្ទុក​ព័ត៌មាន​សេវាកម្ម​ឬផលិតផល​ទាំងអស់​នៅ​លើ​នោះដែរ​ដើម្បី​បង្ហាញ​ឱ្យ​អតិថិជន​បានដឹង​»។

អ្នកជំនាញ​ខាងលើ​បាន​បន្ថែម​ទៀត​ថា វេ​បសាយ​នោះ​​គួរតែ​ត្រូវ​បាន​រចនា​ឱ្យ​ស្របតាម​សម័យកាល​ និង​ទម្រង់​ច្បាស់លាស់​ផង​ ​ព្រោះ​ពេលវេលា​ចេះតែ​ទៅមុខ​ ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា​លើ​វេ​បសាយ​កាន់តែ​ត្រូវការកែសម្រួល។ម្ចាស់អាជីវកម្ម​ទាំងឡាយ មិន​អាចប​ង្កើត​តែ​វេ​បសាយ​ចោល​ បន្ទាប់មក​ទុកចោល​រាប់​ឆ្នាំ​ដោយ​មិន​រវីរវល់​ឬគ្មានការធ្វើបច្ចុប្បន្នភាពនោះ​ទេ​។ បន្ថែមពីលើនេះ នាពេលបច្ចុប្បន្ន មា​នវេប​សាយ​ខ្លះ​​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ដាក់​ឱ្យ​អតិថិជន​អាច​សួរ​និង​ឆ្លើយឆ្លង​បា​នភ្លាមៗ​ផង​ដែរ​ ដើម្បី​ទាក់ទាញ​ឱ្យ​បុគ្គលិក​ និង​អតិថិជន​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​។

លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា សម្រាប់​ម្ចាស់​អាជីវកម្ម​ ដែល​ចង់​ប្រើប្រាស់​កម្ម​វិ​ធី​ធំៗ​សម្រាប់​គ្រប់គ្រង​អាជីវកម្ម​វិញ​ក៏​ចាំបាច់​ត្រូវ​សិក្សា​ និង​មើល​ឱ្យ​ច្បាស់​ពី​សមត្ថភាព​របស់​ស្ថាប័ន​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សមត្ថភាព​របស់ធនធានមនុស្ស​ មាន​ភាព​ស៊ីសង្វាក់គ្នាជាមួយកម្មវិធី​បច្ចេកវិទ្យា​។ កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​គិតគូរ​ច្រើន​ហួស​តម្រូវការ​ជាក់ស្តែង​ ដោយចង់​ឱ្យ​បច្ចេកវិទ្យា​ផ្លាស់​ប្តូរ​របត់​នៃ​ក្រុមហ៊ុន​នេះ​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុគ្គលិក​មិនទាន់​មាន​សមត្ថភាព​ល្អ​ ក្នុង​ការប្រើ​ប្រាស់​នៅឡើយ ​ដែល​ធ្វើ​ឱ្យ​គាត់​ដាក់​បច្ចេកវិទ្យា​ចូល​ទៅ​ហើយក៏​នៅតែ​បរាជ័យ​ដដែល​។ ហេតុនេះ ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាំបាច់​ត្រូវតែ​ពិចារណា ​លើ​ចំណុច​មូលដ្ឋាន​មួយចំនួន​ដើម្បី​រក្សា​លំនឹង​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ​ប្រសិនបើ​គាត់​មិនទាន់​មាន​សមត្ថភាព​ក្នុង​ចាប់​យក​បច្ចេក​វិទ្យា​ធំៗ​ទៅ​ប្រើប្រាស់​៕