ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដំណើរការសាងសង់ផ្លូរបៀងអាស៊ានមួយខ្សែ តភ្ជាប់ពីព្រំដែនប្រទេសថៃកាត់តាមតំបន់ឆ្នេរសមុទ្រកម្ពុជាឆ្ពោះទៅកាន់ព្រំដែនប្រទេសវៀតណាម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
ក្រោមការទទួលបានជំនួយថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំដំណើរការសាងសង់ផ្លូវរបៀង តភ្ជាប់ប្រទេសនៅក្នុងប្រទេសអាស៊ានប្របមាត់សមុទ្រ ដែលមានទទឹងទំហំ ២០ម៉ែត្រ ប្រភេទផ្លូវ DBST ដោយឆ្លងកាត់ខេត្តកែបចាប់ពីឆ្នេរកែប និងឆ្នេរអង្កោល។
អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ផ្លូវប្របមាត់សមុទ្រនេះ គឺជាផ្លូវច្រករបៀងអាស៊ានដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់កម្ពុជា ដែលតភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ (ហាក់ឡេក) តភ្ជាប់ពីផ្លូវប្របមាត់ឆ្នេរសមុទ្រទៅភ្ជាប់នឹងផ្លូវទៅដល់ច្រកទ្វារអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ឯកឧត្តមបន្តថា៖ “ផ្លូវនេះតភ្ជាប់ពីច្រកចាំយាមខេត្តកោះកុង ដោយឆ្លងកាន់មកផ្លូវ ៤៨ ឆ្ពោះមកកាន់វាលរេញនៃខេត្តព្រះសីហនុ រួចបត់មកកាន់ខេត្តកំពត ហើយឆ្លងកាត់ខេត្តកែបមកតាមច្រករបៀងនៃមាត់សមុទ្រចេញទៅព្រែកចាកដែលជាព្រំដែនហាត់ទៀង និងខេត្តកំពត” ។
នៅពេលច្រកផ្លូវនេះដំណើរការ គឺជាច្រកដ៏សំខាន់ របស់ខេត្តក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបញ្ចប់តាមផែនការ ខណៈបច្ចុប្បន្ននេះ កំពុងដោះស្រាយផលប៉ះពាល់ និងសំណង់មិនរៀបរយ ព្រមទាំងមិនស្របច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរមកពីតំបន់អាស៊ាន ជាពិសេសមកពីអាស៊ាន និងពិភពលោក ឱ្យមកលេងកម្សាន្ត និងសម្រាក់នៅក្នុងខេត្តកែប ដែលត្រូវបានរដ្ឋាភិបាលដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្ត ជាកន្លែងស្ងប់ស្ងាត់ និងកម្រិតខ្ពស់៕