លោកបណ្ឌិត តាន់ មុនីវណ្ណ : អ្នកជំនួញគួរតែចូលរួមសហការគ្នា ដើម្បីជំរុញអាជីវកម្មឱ្យរីកចម្រើន

ភ្នំពេញ ៖ នៅក្នុងការប្រកបមុខជំនួញ កត្តាដែលសំខាន់បំផុត គឺកិច្ចទំនាក់ទំនង និងការទទួលបានព័ត៌មាននានាពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារ ពោលគឺមិនអាចធ្វើឡើងដោយឯកឯងនោះទេ ជាពិសេសទាមទាឱ្យមានការចូលរួមជាក្រុម ឬជាសមាគមអ្នកជំនួញដើម្បីអាចវាសស្ទង់លទ្ធភាព និងផ្លាស់ប្ដូរបទពិសោធន៍។

  • សូមទាញយកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា គ្រប់សមាគម ឬក្លឹបអាជីវកម្មនានា ដែលត្រូវបានបង្កើតឡើង គឺក្នុងគោលបំណងប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុននានា ដើម្បីបង្កើនកិច្ចទំនាក់ទំនង ផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក ប្រយោជន៍ក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងក្រុមហ៊ុនឱ្យមានភាពល្អប្រសើរ។

លោកបណ្ឌិតបានបន្តទៀតថា “វិស័យឯកជនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកទឹកចិត្តជាខ្លាំង ដោយជារៀងរាល់ឆ្នាំ តែងមានឱកាសចូលជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី និងមានរដ្ឋមន្ត្រីចំនួន១៣ ជាអ្នកសម្របសម្រួល និងជួយដោះស្រាយនូវរាល់បញ្ហានានា ដែលពាក់ព័ន្ធទៅនឹងកិច្ចដំណើរការអាជីវកម្មរបស់ពាណិជ្ជករ”។ 

លោកបានបន្តទៀតថា “ក្នុងនាមរូបខ្ញុំជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សូមជំរុញនិងលើកទឹកចិត្តដល់បណ្តាពាណិជ្ជករ គួរតែចូលរួមជាមួយសភាណិជ្ជកម្ម ដែលមានពាណិជ្ជករសមាជិកជាង៥ពាន់នាក់ ឬសមាគមអាជីវកម្មដទៃទៀត ដែលវាអាចជួយជាប្រយោជន៍យ៉ាងច្រើនដល់ការធ្វើជំនួញ”។

លោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា ចំណេះដឹងរបស់ពាណិជ្ជករនៅកម្ពុជា បើប្រៀបធៀបជាមួយបណ្តាពាណិជ្ជករនៅក្នុងតំបន់អាស៊ាន គឺនៅមានកម្រិត ដែលមិនទាន់អាចធ្វើការប្រកួតប្រជែងជាមួយគេបាននៅឡើយនោះទេ។ ដូច្នេះអ្នកជំនួញនានាត្រូវតែព្យាយាមស្វែងយល់បន្ថែមច្រើនទៀត ដើម្បីពង្រឹងទៅលើផ្នែកធនធានមនុស្ស មិនថាចំពោះការបណ្តុះបណ្តាលធនធានបុគ្គលិកនៅក្នុងក្រុមហ៊ុន ឬនៅក្រៅក្រុមហ៊ុននោះទេ គឺត្រូវតែពង្រឹងយកចិត្តទុកដាក់៕