គន្លឹះសំន្សលុយឲ្យសល់ បន្ទាប់ពីចេញធ្វើការបាន ៥ឆ្នាំ

បច្ចុប្បន្នយុវវ័យមានទំនោរក្នុងការចាយលុយ ច្រើនជាងការសំន្សសំចៃថវិកា ហើយតែងតែត្អូញត្អែរនៅពេលដែលខ្លួនធ្វើការងារបានប៉ុន្មានឆ្នាំប៉ុន្តែនៅតែមិនទាន់ សល់អ្វីជាធំដុំក្នុងជីវិត។ ជាមួយគ្នានេះដែរបញ្ហាហរិញ្ញវត្ថុនៅតែជាបញ្ហាដ៏ចម្បងដែល ធ្វើឲ្យមនុស្សជាច្រើនពិបាកចិត្តនិងមានការព្រួយបារម្ភជាប្រចាំថ្ងៃ។ ដូច្នេះខាងក្រោម នេះជាគន្លឹះក្នុងការសំន្សប្រាក់ឲ្យឆាប់សល់បន្ទាប់ពីចេញពីធ្វើការបានរយៈពេល ៥ឆ្នាំ។

១/ កំណត់តារាងចំណូល និងចំណាយ

ជាទូទៅបន្ទាប់ពីធ្វើការបានមួយរយៈពេលអ្នកនឹងមានចំណូលមួយជាក់លាក់ រីឯការ ចំណាយវិញក៏ដូចគ្នាអ្នកអាចនឹងមានការចាយវាយលើសខ្វះគ្នាតិចទៀតពីមួយខែ ទៅមួយខែ។ដូច្នេះដើម្បីឲ្យអ្នកងាយស្រួលក្នុងការគ្រប់គ្រងចំណូល និងចំណាយរបស់ខ្លួន អ្នកគួរគប្បីធ្វើការកត់ត្រាទុកពីការចាយវាយរបស់ខ្លួនទៅលើអ្វីហើយមានប្រភពចំណូល មកពីអ្វីខ្លះក្នុងមួយខែៗ។ ហើយការធ្វើរបៀបនេះក៏ជួយទៅដល់ការគិតរបស់អ្នកទៅលើ ការគ្រប់គ្រងថវិកាផងដែរ។

២/ បែងចែកពាក្យថា “ចំណង់ និងតម្រូវការ” ឲ្យបានច្បាស់ មុនពេលអ្នកចង់ទិញអ្វីមួយ

ឧបសគ្គចម្បងក្នុងការសំន្សប្រាក់ឲ្យបានជោគជ័យ នោះគឺការមិនចំណាយប្រាក់ច្រើនពេកទៅលើរបស់របរដែលគ្រាន់តែជាចំណង់។  ហើយដើម្បីឲ្យអ្នកអាចដឹងថារបស់របរណាមួយជាចំណង់ ឬតម្រូវការរបស់ខ្លួនពិតប្រាកដមុនពេលទិញវា អ្នកក៏ត្រូវតែធ្វើការ ថ្លឹងថ្លែងពីសារៈសំខាន់របស់របរនោះក្នុងការប្រើប្រាស់បានរយៈពេលប៉ុន្មានឆ្នាំ។

៣/ មិនគួរទិញអីវ៉ាន់តាមរយៈការបង់រំលស់ច្រើនកន្លែងពេក

សព្វថ្ងៃនេះសេវាកម្មបង់រំលស់មានច្រើនកន្លែងណាស់ហើយប្រសិនបើអ្នកជាប្រភេទ មនុស្សដែលនិយមចូលចិត្តទិញអីវ៉ាន់តាមរយៈការបង់រំលស់នោះអ្នកក៏មិនខុសអ្វីពីការ បង្កើតបំណុលឲ្យជីវិតរបស់ខ្លួនឯងកាន់តែច្រើនឡើយ។ដូច្នេះអ្នកត្រូវតែកាត់បន្ថយ ទម្លាប់មិនល្អមួយនោះចេញគឺមិនត្រូវបង់រំលស់ច្រើនពេកឡើយ។

៤/ ការបេ្តជ្ញាចិត្ត

ការសំន្សប្រាក់មិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ្នកដែលនិយមចូលចិត្ត ចាយវាយច្រើន ព្រោះថានាពេលដំបូងវានឹងអាចជារឿងពិបាកទប់អារម្មណ៍ពេលប្រទះឃើញអ្វីដែលខ្លូនត្រូវការទិញហើយបែរជាមិនអាចទិញបានវិញ។ ហេតុនេះអ្នកត្រូវ មានការតាំងចិត្តនិងបេ្តជ្ញាចិត្តឲ្យបានរឹងមាំក្នុងការសម្រេចឲ្យបាននូវគោលដៅសម្រាប់ការសំន្សប្រាក់ឲ្យបានច្រើន៕