នៅដើមត្រីមាសទី៤ឆ្នាំនេះ មានអគារខុនដូចំនួន ៦០គម្រោង កំពុងដាក់ដំណើរការនៅក្នុងទីផ្សារទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ ៖ គិតត្រឹមដើមត្រីមាសទី៤នៃឆ្នាំ២០២០នេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក៏ដោយ កំណើននៃចំនួនការផ្គត់ផ្គង់ខុនដូទាំង៣កម្រិតនៅកម្ពុជា នៅតែបន្តកើនឡើង។ ជាក់ស្ដែងត្រឹមតែនៅក្នុងរាជធានីភ្នំពេញ មានអគារខុនដូរហូតដល់៦០គម្រោងត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ដំណើរការនៅក្នុងទីផ្សាររួម ។ 

ជាមួយនឹងស្ថានភាពដែលកមពុងប្រឈ ស្របពេលដែលតម្រូវការទីផ្សារហាក់មានការថមថយ ចំនួននៃការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សាររួម បាន និងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមដើមត្រីមាសទី៤ ចុងឆ្នាំ២០២០នេះ ខុនដូដែលបានបញ្ចប់ការសាងសង់ទាំងស្រុកនៅទូទាំងរាជធានីភ្នំពេញមានចំនួនរហូតដល់៦០គម្រោង ស្មើនឹងប្រមាណ ២០៧០០ យូនីត។ 

អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia បច្ចុប្បន្ននេះ បើទោះជាទីផ្សារខុនដូបានជួបនឹងបញ្ហាបន្តិចពិតមែន ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍ ក៏ដូចជាចរន្តនៃទីផ្សារគឺនៅតែបន្តមានដដែល។ 

អ្នកស្រីបានបញ្ជាក់ថា “ចំនួនខុនដូទាំង៣កម្រិតនៅទូទាំងរាជធានីភ្នំពេញ គឺមានការកើនឡើង ពោលគឺគិតត្រឹមដើមត្រីមាសទី៤ឆ្នាំនេះមានចំនួនរហូតដល់ ៦០គម្រោងដែលបានបញ្ចប់ការសាងសង់ និងបានដាក់បញ្ចូលទៅក្នុងទីផ្សារ។ នៅក្នុងចំណោមនៃចំនួនខុនដូទាំងនេះត្រូវបានបែងចែកចេញជា៣កម្រិតផ្សេងគ្នា”។ 

សម្រាប់ចំនួនយូនីតនៃខុនដូនីមួយៗមានដូចជា ខុនដូកម្រិតខ្ពស់មានចំនួន ៥៨០០យូនីត , ខុនដូកម្រិតមធ្យមមានចំនួន៩៧០០យូនីត ហើយខុនដូកម្រិតសមរម្យមានចំនួន៥២០០យូនីត ៕