ឯកឧត្តម ហង់ ជួនណារ៉ុន៖ កម្ពុជាត្រូវការអ្នកមានសមត្ថភាពច្នៃប្រឌិត និងនវានុវត្តន៍

កម្ពុជា ជាប្រទេសកំពុងមានការបោះជំហានយ៉ាងលឿនទៅកាន់ការអភិវឌ្ឍជាវិជ្ជមាន ទាំងសម្រាប់វិស័យពាណិជ្ជកម្មឧស្សាហកម្ម និង​កសិកម្មជាដើម។ ស្ថិតក្នុងបរិបទនេះ កម្ពុជាត្រូវការធនធានមនុស្សនិងគំនិតច្នៃប្រឌិតជាច្រើនសម្រាប់អភិវឌ្ឍ និង​ចូលរួមក្នុងផ្នែកនានាដើម្បីដោះស្រាយបញ្ហារបស់មនុស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាកម្ពុជាយើងត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីចូលរួមចំណែកបំពេញការងារលើគ្រប់វិស័យ។ បន្ថែមពីលើនោះយើងត្រូវការអ្នកដែលមានសមត្ថភាពបង្កើតថ្មី ព្រោះជំនាញនេះជាផ្នែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍនិងការដោះស្រាយបញ្ហានានាដែលយើងកំពុងជួបប្រទះនៅក្នុងសង្គម។ ឯកឧត្តមថាដើម្បីបង្កើតគំនិតច្នៃប្រឌិត ឬនវានុវត្តន៍បានអ្នកសិក្សាទាំងអស់ចាំបាច់ត្រូវ​សិក្សាស្វែងយល់នូវជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់បំផុត។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖«​យើងត្រូវការអ្នកសិក្សាដែលមានភាពស៊ីជម្រៅ និងច្បាស់លាស់។ហេតុនេះសម្រាប់អ្នកសិក្សាជំនាន់ថ្មី គួរ​ព្យាយាមរៀនសូត្រអ្វីមួយឱ្យដល់ឫសគល់ឬឱ្យច្បាស់បំផុតរហូតមានលទ្ធភាពបំបែកចំណេះដឹងនោះឱ្យក្លាយទៅជា​ការបង្កើតសម្មិទ្ធិផលថ្មីដោយខ្លួនឯង»។

ឯកឧត្តមរដ្ឋមន្ត្រីបានឧទាហរណ៍ថា ប្រសិនបើយើងមានសមត្ថភាពខ្ពស់ និងចេះសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅយើងនឹងឃើញថា​ យើងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ឬត្រូវប្រើគំនិតបង្កើតថ្មីរបស់យើងមកដោះស្រាយ។ ជាក់ស្តែង ប្រសិនបើយើងជាអ្នកកសិកម្ម យើងអាចសិក្សាស្រាវជ្រាវដើម្បីធ្វើយ៉ាងណាអាចបង្កើតពូជថ្មីបាន អាចធ្វើឱ្យ​ស្រូវ ឬបន្លែមានគុណភាពខ្ពស់ជាងមុន ឬមានវិធីសាស្រ្តថ្មីណាមួយដែលចំណាយទុនតិចតែបានផលច្រើនជាដើម។ 

ប្រសិនបើយើងជាអ្នកបច្ចេកវិទ្យា គួរសិក្សារហូតមើលឃើញបញ្ហានានាដែលនៅជុំវិញខ្លួនដើម្បីបង្កើតកម្មវិធីឆ្លាតវៃនានាជំរុញសម្រាប់ដោះស្រាយបញ្ហានោះហើយប្រសិនបើយើងជាអ្នកជំនាញលើផ្នែកណា គួរចូលឱ្យដល់ភាពស៊ីជម្រៅបំផុតនៃផ្នែកនោះ។

អ្នកអប់រំខាងលើថា បច្ចុប្បន្ននេះដោយសារតែការអភិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវមានឱកាស និង​មធ្យោបាយច្រើនជាងមុនដើម្បីទាញយកប្រភពចំណេះដឹងនានាទាំងក្នុង និងក្រៅប្រទេស។ កាលពីមុន ទម្រាំរកឯកសារមកពីក្រៅប្រទេសបានត្រូវចំណាយពេលវេលាយូរណាស់ ដើម្បីដឹកជញ្ជូនសៀវភៅ ឬឯកសារស្រាវជ្រាវទាំងអស់នោះ តែឥលូវនេះ​យើងមានប្រភពឯកសារជាច្រើននៅបណ្តាញបច្ចេកវិទ្យា។ ហេតុនេះ ដើម្បីចាប់យកឱកាស​នៃការអភិវឌ្ឍសមត្ថភាពនៃឱ្យបានកាន់តែប្រសើរ យើងចាំបាច់ត្រូវចេះពីវិធីសាស្ត្រក្នុងការប្រើប្រាស់ប្រភពធនធានទាំងអស់នោះដើម្បីទាញយកប្រយោជន៍ពីវាឱ្យបានគ្រប់លទ្ធភាព៕