កុំប្រៀបធៀបអ្នកធ្វើការងារ និងអ្នករកស៊ី ព្រោះទាំងអស់គ្នាសុទ្ធតែសំខាន់

នៅក្នុងសង្គមដែលពោរពេញដោយសម្ភារៈនិយម និងសេដ្ឋកិច្ចចម្រុះនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានផ្តល់តម្លៃដល់ការរកស៊ី ចង់ក្លាយជាសហគ្រិនវ័យក្មេង ហើយបន្ទាបតម្លៃអ្នកធ្វើការ ខណៈមនុស្សមួយចំនួនផ្សេងទៀតក៏មើលឃើញតម្លៃអ្នកធ្វើការ ហើយមិនឱ្យតម្លៃអ្នករកស៊ីដូចគ្នាដែរ។ តាមពិតទៅ ទាំងអ្នករកស៊ីនិងអ្នកធ្វើការសុទ្ធតែសំខាន់ដូចគ្នា ក្នុងការអភិវឌ្ឍសង្គមគ្រាន់តែពួកគេមានតួនាទីខុសគ្នាប៉ុណ្ណោះ។

លោក គីម ដារ៉ា ស្ថាបនិក​ស្ថាប័នអប់រំ Start Up Cambodia បានលើកឡើងថា មើលបណ្តាញសង្គមរាល់ថ្ងៃឃើញទំនោរ​យុវជនជាច្រើន ឱ្យតម្លៃខ្លាំងលើអ្នករកស៊ី ហើយមិនសូវឱ្យតម្លៃលើអ្នកធ្វើការឡើយ។ ការយល់ឃើញបែបនេះ គឺខុសជាមួយនឹងការពិតជាក់ស្តែងក្នុងការរស់នៅ។ គេថា​អ្នករកស៊ីមិនល្អមើល តែល្អស៊ី មានលុយច្រើនមិនដូចអ្នកធ្វើការស្លៀកពាក់ស្អាតបាត តែអត់លុយខណៈដែលស្ថានភាពពិតមិនប្រាកដជាបែបនេះនោះទេ។

លោកមើលឃើញថា ដោយសារតែលេសអ្នករកស៊ីឡូយនេះហើយ ទើបយុវជន​មួយចំនួន​ខ្ជិលខំរៀនដោយអាងលេសថា ​មិនចង់ធ្វើការងារឱ្យគេ។ លោកបានបញ្ជាក់ផងដែរថា លោកបានជួបអ្នករកស៊ីច្រើនណាស់ តែក្នុងចំណោមនោះ មានអ្នកជោគជ័យមិនច្រើនទេ តែសម្បូរទៅដោយអ្នកជាប់បំណុលគេយ៉ាងច្រើន។ ទន្ទឹមនឹងនេះលោកបានបកស្រាយ​ត្រឡប់មកវិញថា លោកក៏ស្គាល់អ្នកធ្វើការងារច្រើនដែរ អ្នកធ្វើការដែលជោគជ័យគឺជាបុគ្គលដែលពូកែក្នុងការងារ ឋានៈខ្ពស់ ប្រាក់ខែច្រើន ពិសេស​គឺពួកគាត់ចេះប្រើប្រាស់លុយកាក់ក្នុងការវិនិយោគធ្វើឱ្យជីវភាពរបស់គាតបានប្រសើរ។

លោក គីម ដារ៉ា បាននិយាយថា៖ «​និយាយទៅ រកស៊ីក៏ដោយធ្វើការក៏ដោយ បើច្បាស់ ប្រាកដជាជោគជ័យ»។

លោកបានបន្ថែមទៀតថា យើងគ្រប់គ្នាត្រូវដឹងពីខ្លួនឯងថា ជាមនុស្សប្រភេទណាកុំធ្វើតាមគេ ធ្វើតាមឯងដើម្បីទទួលបានជោគជ័យងាយៗ។ បើរកស៊ីត្រូវប្រឹងឱ្យបានខ្លាំងបំផុត មិនមែនធ្វើដើម្បីបានឈ្មោះជាអគ្គនាយក ​ឱ្យតែពិរោះនោះទេ។ ផ្ទុយមកវិញ ប្រសិនបើធ្វើការងារវិញក៏ដូចគ្នា ត្រូវធ្វើឱ្យខ្លាំងរហូតបានតំណែងធំប្រាក់ខែខ្ពស់ទើបប្រសើរ។ បន្ថែមពីលើនេះ ត្រូវចេះសន្សំហើយវិនិយោគរហូតមានស្ថេរភាពហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសង្គម​ជាច្រើន​ជាពិសេស​ប្រទេសជប៉ុន អ្នកធ្វើការនិងអ្នករកស៊ី សុទ្ធតែត្រូវបានគេផ្តល់តម្លៃដូចគ្នា ព្រោះអ្នករកស៊ីគាត់អាចជាផ្នែកមួយក្នុងការបង្កើតផលិតផល ឬសេវាកម្មថ្មីៗសម្រាប់អភិវឌ្ឍ ​ខណៈអ្នកធ្វើត្រូវប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីអភិវឌ្ឍគំនិតបង្កើតថ្មីនោះឱ្យមានថាមពល។ ក្រុមហ៊ុនមួយបើមានតែថៅកែ ក៏មិនកើតដែរចាំបាច់ត្រូវតែមានបុគ្គលិកខ្លាំងៗទើបអាចដើរបាន។ ហេតុនេះកុំបដិសេធផ្នែកណាមួយឱ្យសោះតែត្រូវផ្តល់តម្លៃទៅតាមភាពសំខាន់រៀងៗខ្លួន៕