«Project B - គម្រោងជួសជុលកង់តាមភូមិជូនអ្នកស្រុកបន្ទាយស្រី»៖ មានកង់ខូចទុកចោលនៅផ្ទះមែនទេ! អាចយកមកឲ្យជួសជុលជូនបាន!

ស្រុកបន្ទាយស្រី៖ យុវជនស្ម័គ្រចិត្តមួយក្រុមនេះ កំពុងតែធ្វើកិច្ចការតូចមួយដែលមិនសូវមានគេអើពើ តែបាននិងកំពុងបង្កើតស្នាមញញឺមជាច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសសម្រាប់កុមារតូចៗដែលជាម្ចាស់កង់អស់ទាំងនោះ។

រដ្ឋបាលស្រុកបន្ទាយស្រីបានចាប់ដៃគូសហការជាមួយ”អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” ក្នុងបេសកម្មជួសជុលកង់ជូនប្រជាពលរដ្ឋទូទាំងស្រុក ដែលនឹងធ្វើឡើងជារៀងរាល់ខែ រហូតទាល់តែបានដល់គ្រប់ៗភូមិ ហើយដែលមកដល់ពេលនេះ យើងបានបញ្ចប់ការជួសជុលកង់ក្នុងឃុំចំនួនពីររួចមកហើយ។

សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលចម្បងមួយធ្វើឲ្យកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ធ្លាប់បានជួយព្យាយាមដោះស្រាយបញ្ហានេះនៅក្នុងស្រុកបន្ទាយស្រីតាមរយៈការចែកជូនកង់ដោយឥតគិតថ្លៃដល់សិស្សក្រីក្រដើម្បីជាមធ្យោបាយជិះទៅសាលា ប៉ុន្តែបញ្ហាកូវីដ១៩ និងការបិទសាលារៀនធ្វើឲ្យគម្រោងនេះប្តូរគោលដៅពីការចែកកង់ មកជាការជួសជុលកង់ជូនអ្នកភូមិជំនួសវិញ។

សូមបញ្ជាក់ថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជាក៏ធ្លាប់បានសហការការងារជាច្រើនជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងពេលកន្លងមក ដូចជាគម្រោងភូមិគ្មានផ្លាស់ស្ទីក និងគម្រោងអប់រំផ្សព្វផ្សាយពីកូវីដជាដើម ហើយក៏កំពុងអនុវត្តគម្រោងពីរបីផ្សេងទៀតជាមួយគ្នាផងដែរ។