អំពីក្រមទសភរិយា៖ បុរសខ្មែរពីសម័យបុរាណអាចមានភរិយាបានច្រើន រួមទាំងទោសទណ្ឌសម្រាប់អំពើសាហាយស្មាន់

ដកស្រង់ចេញពីក្រមទសភរិយា រជ្ជកាលព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង

១.ស្រីដែលមានមាតាបិតា ផ្សំផ្គុំជាភរិយាជាមួយប្រុសដែលក្រាបសំពះមាតាបិតា អោយហៅថា ប្រពន្ធធំ។

២.ប្រុសដែលសុំស្រីមកចិញ្ចឹរក្សាជា អនុភរិយា អោយហៅថា ប្រពន្ធកណ្តាល។

៣.ស្រីក្រីក្រលំបាក ហើយប្រុសលោះមកដោយឃើញមានរូបសម្បត្តិល្អ យកមកចិញ្ចឹមជាប្រពន្ធ ហៅថា ទាសភរិយា។

៤. ប្រុសណាជាសាហាយស្មន់ នឹងប្រពន្ធធំ ឬ ប្រពន្ធកណ្តាល លោកអោយលក់តាមដោយព្រះរាជក្រឹត្តិការ អោយបែងជា៥ភាគចោល១ភាគយកកាត៌៤។

៥.ប្រុសណាជាសាហាយស្មន់នឹងទាសភរិយា អោយលក់តាមដោយព្រះរាជក្រឹត្តិការ អោយបែងជា៥ភាគ ចោល២ភាគ យកកាត៌៣។

៦.ឯស្រីវិញលោកអោយយកផ្ការំយោលក្រហមសៀតនឹងត្រចៀកទាំង២ ហើយក្រងផ្ការំយោលពាក់លើក្បាល និង ក ហើយអោយវាយគងនាំមុខ បណ្តើរអាក្រោស៣ថ្ងៃ ថាបើនឹងចង់លោះទោស អោយលោះតាមអាយុស្រីនោះ ទុកជាថ្លៃស្មៅដំរីហ្លួង។

៧.តែបើបុរសជាប្តីនៅអាល័យ ស្រឡាញ់ប្រពន្ធមិនអោយបណ្តើរ អោយយកពិន័យចូលព្រះឃ្លាំងហ្លួង។

៨. បើស្រីនោះនៅតែសាហាយនឹងប្រុសដ៏ទៃទៀតអោយលក់ជាទ្វេគុណ បើសាហាយនឹងប្រុសឯទៀត អោយលក់ប្រុសនោះដូចទោសលួចប្រពន្ធខាងលើ។

៩. ឯតួនាងស្រីនោះអោយកោរក្បាលជាជើងក្អែក អោយឡើងឈើអន្តោត ហើយបណ្តើរអាក្រោស តាមផ្សារ អោយវាយនឹងព្រ័ត្រលួស២០ ខ្វាប់។

១០. បើប្តីនៅស្រឡាញ់ប្រពន្ធមិនអោយបណ្តើរ យកទោស អោយយកពិន័យចូលព្រះឃ្លាំងហ្លួង។

១១. បើស្រីនោះនៅតែធ្វើសាហាយស្មន់ នឹងប្រុសឯទៀត លោកមិនអោយលក់ប្រុសនោះទេ អោយធ្វើទោសស្រីនោះ ឆ្លាក់ជារូបប្រុសស្រី ទុកនៅកណ្តាលថ្ពាល់។

១២. តែបើប្តី នៅស្រលាញ់ប្រពន្ធ លោកអោយចាប់ឆ្លាក់មុខទាំង២។

១៣. លក្ខណៈដែលស្រីផិតប្តីលក្ខណៈមិនស៊ីជម្រៅ៥ ប្រការ :

  • ប្រុសឯណាទៅចាប់ដៃ ចាប់ដោះចំអន់ប្រពន្ធគេលេង
  • ប្តីគេមិននៅ ឡើងទៅរកប្រពន្ធគេដល់ក្នុងផ្ទះ
  • ទៅរកប្រពន្ធគេ ក្នុងទីស្ងាត់កំបាំង
  • ប្រុសលបលួចស្រដី នឹងប្រពន្ធគេ
  • ទៅរកប្រពន្ធគេដល់ល្វែងទីដំណេក

បទទាំង៥ខាងក្រោមគឺ លួចប្រពន្ធគេមិនដល់ទីជម្រៅ លោកអោយលក់តាមអន្តាប់។

១៤. ប្រុសឯណា ចិត្តធំ លួចភរិយាគេហើយបានសេពដល់ជម្រៅ អោយលក់ដូចទោស លួចប្រពន្ធធំជាទ្វេគុណ។ បើពុំទាន់ដល់ជម្រៅទេ អោយលក់ស្មើទោសលួចប្រពន្ធធំ។

១៥. ចាប់ដៃ ចាប់ដោះ ថើបប្រពន្ធគេ ប្តីគេមិននៅចូលទៅរកប្រពន្ធគេដល់ក្នុងផ្ទះ ឬទីស្ងាត់គ្មានអ្នកនៅ ចូលទៅរកប្រពន្ធគេដល់ទីដំណេក លោកអោយចាប់ប្រុសនោះ លក់តាមទោសលួចប្រពន្ធធំគេពាក់កណ្ដាល។ ហើយបើនៅតែស្រដីលួងឡោម ប្រពន្ធគេ ពិចារណាទៅឃើញប្រាកដ អោយលក់ប្រុសនោះ ពាក់កណ្តាលទោសចាប់ដៃដោះ ប្រពន្ធគេ(1/4 ទោសលួចប្រពន្ធធំ)។

១៦. ប្រសិនបើស្វាមីទៅ ធ្វើសង្គ្រាម ឬ ទៅរាជការ មានប្រុសទៅសាហាយនឹងប្រពន្ធគេ មានទោស អោយលក់គុណនឹង២។

១៧. បើមានអ្នកធ្វើជាមេអណ្ដើក ព្រមដោយអ្នកសមគំនិត នាំប្រពន្ធអោយផិតប្តី អោយមានទោស ស្មើរពាក់កណ្តាលទោសលួចប្រពន្ធគេ។

បើខ្ញុំបម្រើត្រូវគេប្រើចាត់ទុកថាពុំមានទោស ។

១៨. បើប្រុសណាទៅយកស្រីអ្នកលេងច្រៀងរាំ សុំទានគេ ឬ សោភានី មកធ្វើជាប្រពន្ធ ហើយស្រីនោះផិតក្បត់មានសាហាយ លោកអោយផ្ចាលប្រុសសាហាយនោះធ្វើអោយអាប់មុខ ឯស្រីត្រូវយកទៅឆ្លាក់មុខ សៀតផ្ការំយោល ពាក់ទាំងក្បាលនឹងក ហើយអោយស្រីទឹមនឹមម្ខាង ប្រុសទឹមនឹមម្ខាង បណ្តើរអាក្រោសភ្ជួរស្រែ៣ថ្ងៃ។ បើប្តីនៅស្រលាញ់អោយយកប្តីទៅទឹមជំនួសប្រុសសាហាយ ។ ប្រុសសាហាយត្រូវរួចខ្លួន។

១៩. បើស្រីឯណាផិតប្តី ហើយយកសាហាយ មករួមរ័ក ១,២,ថ្ងៃ ឬ ច្រើនថ្ងៃលោកអោយហៅជាស្រី ពេស្យាចារ ត្រូវយកស្រីនោះទៅឆ្លាក់មុខ កោរសក់ជើងក្អែក ដោតផ្ការំយោលនឹងត្រចៀក ពាក់ក និងក្បាល ហើយអោយឡើងឈើអន្តោតអាក្រោស ឯប្រុសសាហាយអោយដាក់ឃ្នៀង អោយអង្គុយក្រោមឈើអន្តោត៣ថ្ងៃ អោយវាយស្រី៦០ខ្វាប់ ប្រុស៦០ខ្វាប់។

២០. បើស្រីណាមានសាហាយ ពេលចាប់បានស្រីដេកផ្ងា ប្រុសដេកផ្កាប់មុខលើគ្នា បើប្តីកាន់ប្រុសនោះ អោយកាប់ប្តីផង បើសម្លាប់ប្រុសទុកស្រី ឬ សម្លាប់ស្រីទុកប្រុស លោកអោយលក់ប្តីនោះតាមបណ្តាស័ក្តិ យកពិន័យចូលព្រះឃ្លាំង។

២១. បើស្រីណាមានសាហាយ ហើយប្តីចាប់បានសាហាយនោះ ហើយចាក់សម្លាប់ប្រុសនោះស្លាប់ ដោយពុំបានពិចារណា បើជាសាហាយមែនមិនអោយមានទោសដល់ប្តីទេ បើប្តីពុំទាន់បានដេញសម្លាប់ស្រីនោះ ហើយស្រីនោះរត់រួច អោយចាប់យកមកជាមនុស្សហ្លួង លោកនឹងធ្វើទោសដូចម្តេចស្រេចតែព្រះអាជ្ញា។

២២. បើស្រីឯណាផិតប្តី ពិចារណាឃើញទៅប្រាកដមែន លោកអោយលក់ទាំងប្រុស នឹងស្រី ទ្រព្យទាំងឡាយជារបស់ប្តីទាំង បើប្តីមិនស្រឡាញ់ចិញ្ចឹមនាងតទេ អោយស្រីនោះចេញតែខ្លួនយកតែសំពត់ស្លៀក នឹងសំពត់ដណ្តប់ទៅនឹងខ្លួន។

២៣. បើប្រុសឯណា មានសាហាយនឹងប្រពន្ធគេ អ្នកមានបណ្តាស័ក្តិក្តី ឥតបណ្តាស័ក្តិក្តី ហើយប្តីចាប់បានចាក់កាប់សម្លាប់ស្លាប់ទៅ នៅតែស្រីអោយយកស្រីនោះ ចូលជាមនុស្សហ្លួង បើសម្លាប់តែស្រី សល់ប្រុសសាហាយ អោយលក់ប្រុសនោះតាមទោស ដាក់ឃ្លាំងហ្លួង។

២៤. បើស្រីឯណាមានសាហាយពេលប្តីមិននៅ ហើយបងប្អូនសាច់ញាតិខាងប្តី ចាប់ប្រុសសាហាយនោះបានក្តី មិនបានក្តី លោកអោយនាំទៅប្រាប់ចៅក្រមសាលា អោយដឹង ចាំដល់ប្តីមកវិញចាំតក្តី ។ បើសាច់ញាតិខាងប្តីទៅជេរវាយ សាហាយនោះត្រូវមានទោស អោយលក់តាមទោសជេវាយ បើសម្លាប់សាហាយនោះ ក៏អោយសម្លាប់ទៅតាមគ្នា។

២៥. បើស្រីឯណាមានសាហាយ នឹងប្រុសឯទៀត ហើយប្រុសនោះទៅជេវាយចាក់សម្លាប់ប្តីដើម លោកអោយសម្លាប់ប្រុសនោះទៅតាមគ្នា បើត្រឹមរបួសទេ លោកអោយលក់ប្រុសនោះតាមទោស លួចប្រពន្ធជាទ្វេគុណ។ ឯស្រីអោយអាក្រោសតាមព្រះរាជក្រឹត្តិការ៕

អត្ថបទនិងរូបភាពនេះ ជាការចូលរួមចែករំលែកពីទំព័រ បុរាណាចារ្យ