ខេត្តរតនគិរី៖ សេវាកម្មស្នាក់នៅជាង១ពាន់បន្ទប់ សុទ្ធតែបានទទួលភ្ញៀវពេញទាំងអស់

ត្រឹមរយៈពេល ២ថ្ងៃ ភ្ញៀវទេសចរប្រមាណជាង២២,៥០០នាក់ សម្រុកទៅលេងខេត្តរតនៈគិរី ខណៈដែលសេវាកម្មស្នាក់នៅទីនោះជាង១,១០០បន្ទប់ ទទួលភ្ញៀវពេញទាំងអស់។

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី១៨ សីហានេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរខេត្តបានជម្រាបថា រយៈពេល២ថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកគឺ ថ្ងៃទី១៧-១៨ ខែសីហានេះ ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនៈគិរីមានចំនួន ២២,៥០២នាក់ ដែលមានទាំងភ្ញៀវទេសចរបរទេស១០១នាក់ផងដែរ ហើយសេវាកម្មស្នាក់នៅមាន១,១២៩បន្ទប់ សុទ្ធតែបានទទួលភ្ញៀវពេញទាំងអស់។

លោកបន្តថា ភ្ញៀវទេសចរអាចនឹងបន្តកើនឡើងនៅថ្ងៃបន្តបន្ទាប់ទៀត ប្រសិនបើអាកាសធាតុអំណោយផល ពោលគឺមិនមានភ្លៀងធ្លាក់។ លោកបន្ថែមថា ការកើនឡើងយ៉ាងច្រើន នៃភ្ញៀវទេសចរចូលមកលេងកំសាន្តក្នុងខេត្តរតនគិរីគឺដោយសារកត្តាប្រទេសមានសុខសន្តិភាព និងផ្លូវថ្នល់មានលក្ខណៈងាយស្រួល ជាពិសេសជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។

លោកបញ្ជាក់ថា៖ « ការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរីគឺដោយសារកត្តាសុខសន្តិភាពហេដ្ឋារចនាផ្លូវតភ្ជាប់ ពីខេត្តមួយទៅខេត្តមួយមានសភាពងាយស្រួល »

លោក ង៉ែត ពិទូ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ សូមចូលរួមរក្សាអនាម័យ មានស្មារតីម្ចាស់ការលើខ្លួនឯង ពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នានិងរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ ព្រោះថា យើងអាចភ្លេចជំងឺកូវីដ ១៩តែជំងឺកូវីដ១៩​ មិនភ្លេចយើងឡើយ៕

ប្រភព៖ ក្រសួងទេសចរណ៍