កំពត៖ មនុស្សម្នាក់ៗ តែងមានបំណងប្រាថ្នាផ្សេងៗ ពីគ្នាក្នុងបែបផែនជីវិតរស់នៅរៀងៗខ្លួន រាល់ថ្ងៃនេះតែអ្វីដែលគួរឱ្យប្លែកពីជីវិតរស់នៅប្រចាំថ្ងៃធម្មតា។ យើងក៏សង្គេតឃើញពីចំណង់ចំណូលចិត្តផ្សេងៗពីគ្នា ក្នុងការធ្វើដំណើរកម្សាន្ត ដូចជាការស្នាក់នៅតាមបណ្តារសណ្ឋាគារទំនើបៗ រីសតបោះតង់ ផ្ទះលំហែ និងនៅតាមបឹងកាឡូមួយចំនួនទៀតផងដែរ។ លើសពីនេះទៅទៀតគឺការទទួលទានអាហារទៀតសោត គឺកាន់តែជាទីគួរឱ្យយកចិត្តទុកដាក់ដូចជាការជួបជុំគ្រួសារ និងមិត្តភ័ក្តអាំងសាច់ទទួលទានរួមគ្នា។
ខេត្តកំពត គឺជាខេត្តមួយដ៏មានសក្តានុពលខាងផ្នែកទេសចរណ៍ដ៏ទាក់ទាញ ក្នុងចំណោមខេត្តដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា ដែលអាចអន្ទោងចិត្តភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តនៅតាមដងព្រែក រម្យណីដ្ឋាន តំបន់ភ្នំឆ្នេរសមុទ្រ ទឹកជ្រោះ ទីកន្លែងជម្រកសត្វស្លាប ចំការម្រេច ចំការធូរ៉េន តំបន់ទំនប់និងការធ្វើស្រែអំបិលរបស់ប្រជាជននៅក្នុងតំបន់។
ថ្ងៃនេះយើងនឹងនាំប្រិយ៍មិត្ត មកស្គាល់រម្យណីដ្ឋានបែបធម្មជាតិមួយគឺលំហែកំពត- Lomhae Kampot ដែលស្ថិតនៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយគ្រាន់តែធ្វើដំណើរពីក្រុងកំពតប្រហែលជា15នាទីតែប៉ុណ្ណោះ ឬក៏ចំណាយពេលប្រហែលជា 20នាទីដោយជិះទូកតាមដងព្រែក។
លំហែកំពត គឺជាទីតាំងបោះតង់ និងមានផ្ទះបឹងកាឡូបែបកូនកាត់ៗ នៅជាប់មាត់ព្រែកដែលមានទំហំដីប្រមាណជា200ម៉ែត្រ និងអាចមើលឃើញជួរភ្នំបូកគោបានយ៉ាងច្បាស់។ មានខ្យល់អាកាសបរិសុទ្ឋនៃជំនោរដងព្រែក អមជាមួយនឹងទេសភាពថ្ងៃលិច មុនពេលរាត្រីចូលមកដល់ ហើយផ្លាស់ប្តូរមកវិញនូវហ្វូងតារា និងព្រះច័ន្ទ តាមរដូវកាលនៃធម្មជាតិវានឹងជំនួសមកវិញនូវព្រះអាទិត្យពេលព្រឹកព្រលឹម។
បើតាមលោក ហៀក ប៊ុណ្ណារតន៍ ដែលជាម្ចាស់ភាគហ៊ុនលំហែកំពត - Lomhae Kampot បានរៀបរាប់ឱ្យដឹងថាមុនដំបូងលំហែកំពត គ្រាន់តែជាផ្ទះសម្រាកលំហែជាលក្ខណៈផ្ទាល់ខ្លួននៅជាប់មាត់ព្រែក ដែលមានទេសភាពនៃជួរភ្នំបូកគោ អមជាមួយបរិយាកាសនៃជំនោរដងព្រែក កំដរដោយសុរិយាអស្តង្គតជាមួយពេលរាត្រីហ្វូងតារារាប់រយប្រជែងបញ្ចេញពន្លឺជាមួយនឹងព្រះច័ន្ទ ដែលគ្រួសារលោក រួមជាមួយមិត្តភ័ក្តតែងតែទៅលំហែរាល់ពេលទំនេរពីការងារ។ តែដោយសារលោកយល់ឃើញថាខេត្តកំពត គឺជាខេត្តមួយដែលមានសក្តានុពលទេចរណ៍ អាចមានលទ្ធភាពទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិឱ្យទៅកម្សាន្តនៅនោះបាន ដោយគ្រាន់តែធ្វើដំណើរត្រឹមតែ 148គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាពិសេសទៀតនោះខេត្តកំពតមានដងព្រែក ភ្នំ សមុទ្រ ចំការផ្លែឈើ និងស្រែអំបិលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ផ្គួបផ្សំជាមួយនឹងការផ្តល់យោបល់ពីមិត្តភ័ក្ត បានធ្វើឱ្យលោកសម្រេចចិត្តបង្កើតរម្យណីដ្ឋានលំហែកំពតនេះដោយចាប់ផ្តើមពីការបោះតង់។
លោក ហៀក ប៊ុណ្ណារតន៍ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ «ដំបូងវាគ្រាន់តែជាផ្ទះសម្រាកលំហែជាលក្ខណៈផ្ទាល់ខ្លួនជាប់មាត់ព្រែក ដែលមានទេសភាពនៃជួរភ្នំបូកគោ អមជាមួយបរិយាកាសនៃជំនោរដងព្រែក កំដរដោយសុរិយាអស្តង្គត ជាមួយពេលរាត្រីហ្វូងតារារាប់រយ ប្រជែងពន្លឺជាមួយនឹងព្រះច័ន្ទ ដែលគ្រួសារខ្ញុំ រួមជាមួយមិត្តភ័ក្តតែងតែទៅលំហែរាល់ពេលទំនេរ។148គីឡូម៉ែត្រពីភ្នំពេញមានព្រែក មានភ្នំ មានសមុទ្រ មានចំការ មានស្រែអំបិល ការយល់ឃើញផ្គួបផ្សំជាមួយការផ្តល់យោបល់របស់មិត្តភ័ក្ត ក្នុងការក្តាប់ឪកាសពីអ្វីដែលយើងមាន ជាហេតុដែលយើងខ្ញុំចាប់ផ្តើមបង្កើតសាកល្បងជំហានដំបូងគឺសេវាបោះតង់ ដែលមានឈ្មោះថា លំហែកំពត នេះ»។
លោក ឈុត សែនប្រពៃ ជាអ្នកទេសចរម្នាក់ដែលបានទៅកម្សាន្តនៅទីនោះបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅនេះលោកមានអារម្មណ៍ថា ស្រស់ស្រាយគឺវានៅដាច់ដោយឡែកពីគេឯង ហើយមិនសូវជាឆ្ងាយពីក្រុងកំពតប៉ុន្មាននោះទេ រួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតមានភ្នំ មានទឹក ហើយលោកអាចរីករាយជាមួយនឹងការមើលថ្ងៃលិច និងថ្ងៃរះ ល្អជាងកន្លែងផ្សេងៗទៀត។ លោកទទួលបានអារម្មណ៍ស្រស់ស្រាយស្រឡះខ្លួនប្រាណ មិនមានសំលេងរំខានពីអ្នកដ៏ទៃ ហើយលោកក៏បានធ្វើការណែនាំទីកន្លែងលំហែនេះ គឺល្អសម្រាប់អ្នកស្វែងរកភាពស្ងប់ស្ងាត់ និងចង់បានការសម្រាកលំហែអារម្មណ៍ពីការងារនៅឆ្ងាយពីជីវិតទីក្រុងមួយរយៈ ភ្ញៀវដែលទៅដល់លំហែ ក៏ដូចជារូបលោកទទួលបានការរាក់ទាក់ពីគ្នាទៅវិញទៅមកហើយភ្ញៀវ ក៏ដូចជារូបលោកភាគច្រើនបានទៅម្តងហើយចង់ទៅម្តងទៀត និងបន្តណែនាំមិត្តភក្តិផ្សេងៗទៀតមកសម្រាកលំហែនៅទីនោះផងដែរ។
លោក ឈុត សែន ប្រពៃបានលើកឡើងថា៖ «ទៅលំហែកំពត មានអារម្មណ៍ថាវាស្រស់ស្រាយ វានៅដាច់ដោយឡែកពីគេមិនឆ្ងាយពីក្រុង ទេសភាពស្អាត មានភ្នំ មានទឹក ហើយអាចមើលថ្ងៃលិច និងថ្ងៃរះល្អជាងកន្លែងផ្សេងៗ។ ទៅហ្នឹង! វាអារម្មណ៍ថាស្រឡះ អត់មានសំលេងរំខាន ល្អសម្រាប់អ្នកស្វែងរកភាពស្ងប់ស្ងាត់និងការសម្រាក់លំហែអារម្មណ៍ពីការងារ ឬទីក្រុងភ្ញៀវដែលទៅមានការរាក់ទាក់គ្នាទៅវិញទៅមកយ៉ាងល្អ ភ្ញៀវទៅហ្នឹងភាគច្រើនទៅបានម្តងហើយចង់ទៅទៀត ហើយក៏បន្តរណែនាំមិត្តភក្តិផ្សេងៗ ទៀតមកដែរ»។
ចំណែកឯលោក ប្រ៊ូ ពៅ (ProPov) ដែលជាអ្នកទេសចរមួយរូប ដែលនោះបានប្រាប់ឱ្យដឹងដែលថាពីដំបូងរូបលោកចាប់អារម្មណ៍ទៅលើលំហែកំពតនៅត្រង់អង្រឹងនៅមាត់ទឹក ហើយវាប្រៀបបានដូចទៅនឹងនិមិត្តសញ្ញាតំណាងមួយសម្រាប់លំហែកំពតមួយដូច្នេះដែរ។ ពេលយប់គឺពន្លឺដែលមាននៅលើដើមឈើជាច្រើន និងនៅម្តុំ Bartender ដែលបានតុបតែងមើលទៅជាប្រភេទ Classic បន្តិចនិងមើលទៅប្លែក ហើយពេលមានអង្រឹងសម្រាប់ពេលថ្ងៃទៀតនោះ។ ចំណែកឯពេលយប់ អ្នកទៅកម្សាន្តអាចទទួលភេសជ្ជៈនិងសន្ទនាគ្នាលេងនៅមាត់ព្រែកដែលមានចង់អង្រឹងនៅទីនោះផងដែរ។
ចំណែកឯលោក ប្រ៊ូ ពៅ បានលើកឡើងថា៖ «សម្រាប់លំហែអ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូង ពេលថ្ងៃ គឺអង្រឹងមាត់ទឹកត្រង់នេះប្រៀបដូចជាតំណាងមួយសម្រាប់លំហែ ពេលយប់ គឺពន្លឺភ្លើងនៅលើដើមឈើ ហើយ Bartenderតុបតែងឱ្យមើលទៅរាង Classicបន្តិច ឱ្យមើលទៅប្លែកព្រោះថាបើមានអង្រឹងតែមួយ គឺសម្រាប់តែពេលថ្ងៃហើយពេលយប់អ្នកទៅគេងនឹងរកអីផឹកសម្រាប់សន្ទនា និងក្លែមសំដីគ្នាលេង»។
ងាកមកលោក ហៀក ប៊ុណ្ណារតន៍ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ថែរក្សាបរិស្ថាននៅរម្យណីដ្ឋាន លំហែកំពតដោយយកកត្តាធម្មជាតិ និងបរិស្ថាន ជាចម្បងដោយបំផុសគំនិតកុំឱ្យភ្ញៀវរប្រើប្រាស់ចានស្នោរ កែវប្លាស្ទីក និងសំភារៈដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផ្សេងៗ ទៀត។ លោកក៏បានប្រាប់ឱ្យដឹងពីផលវិបាកពីការបំពុលបរិស្ថាន ដោយភ្ញៀវភាគច្រើន គឺគាត់ពួកប្រើចានស្នោកែវប្លាស្ទីក ជាពិសេសគឺប្រើប្រាស់ផលិតផលដែលមិនអាច Recycleបាន។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ មិនទាន់យល់ដឹងទូលំទូលាយក្នុងការគ្រប់គ្រងកាតសំណល់ ជាពិសសេគឺភ្ញៀវមួយចំនួនមិនទាន់យល់ដឹងច្បាស់ពីការបោះតង់។
លោកបានបន្ថែមទៀតថាចក្ខុវិស័យរបស់លំហែកំពត- Lomhae Kampot គឺជាការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជារមណីយដ្ឋាន Nature Eco Friendly បែបពេញលេញមួយដែលទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ដូច្នេះហើយបានជាលំហែកំពតផ្តោតសំខាន់ទៅលើការកត្តាមួយចំនួន រួមមានកាត់បន្ថយប្លាស្ទីក ការបែកចែកប្រភេទកាកសំណល់ និងរបស់ណាដែលត្រូវ Recycle បាន។ លំហែកំពតចង់ឱ្យប្រជាជនក្នុងតំបន់ក្នុងស្រុក ក៏ដូចជាក្រៅស្រុក ទទួលបានអារម្មណ៍សម្រាកពិតប្រាកដមួយ ក្នុងអំឡុងពេលទទួលសេវាកម្មនៅលំហែកំពតក៏ដូចជាចង់ឱ្យមនុស្សជាតិមានការផ្សារភ្ជាប់ទៅនឹងធម្មជាតិ ឱ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបានលំហែកំពត សង្ឃឹមថានាថ្ងៃអនាគតលំហែកំពតអាចនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនឡើង៕