រាល់អ្នកសិក្សាស្រាវជ្រាវពីអក្សរសាស្រ្ត ប្រវត្តិសាស្រ្តកម្ពុជា ជាពិសេស ប្រពៃណីវប្បធម៌គឺមិនដែលរំលងឯកសារដ៏សំខាន់មួយ របស់អ្នកស្រាវជ្រាវដ៏ល្បីឈ្មោះ លោក លី ធាមតេង នោះទេដែលសៀវភៅនោះមានឈ្មោះថា « កំណត់ហេតុរបស់ជីវតាក្វាន់» ។ ប៉ុន្តែមុននឹងសម្រេចបានការបកប្រែពីភាសាចិនបុរាណ មកជាឯកសារភាសាខ្មែរ សម្រាប់ទុកឲ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ បានសិក្សាទាញយកជាគតិនិងជាមូលដ្ឋានប្រវត្តិសាស្រ្ដលោក លី ធានតេង ពិតជាធ្លាប់បានបាត់ឯកសារនេះម្ដង និងបានលះបង់និងខិតខំខ្លាំងណាស់ទម្រាំបានចេញជាលទ្ធផល។
តាមសៀវភៅ« កំណត់ហេតុរបស់ជីវតាក្វាន់» បោះពុម្ព ឆ្នាំ១៩៧៣ បានបង្ហាញថា៖
ដំណើរស្វែងរកឯកសារ
ក្នុងឆ្នាំ១៩៦២ លោកលី ធាមតេង បានទទួលបេសកម្មមួយខាងវប្បធម៌ ឲ្យដោយដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរទៅកាន់ប្រទេសចិន។ក្នុងភារៈកិច្ចនេះ លោកបានកំណត់ជាប់នៅក្នុងចិត្តថា ដំណើរមួយនេះលោក នឹងសាកសួរគេរកឯកសាររបស់ជីវតាក្វាន់ឲ្យបានឃើញផ្ទាល់ភ្នែកបានម្ដងព្រោះបានជាទៅដល់ទឹកដីកំណើតកំណើតរបស់លោក ជីវ តាក្វាន់ ទៅហើយ។ ដូចការតាំងចិត្ត នៅពេលទៅដល់ទីនោះលោកបានជួបសន្ទនាជាមួយនឹងរដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសចិននិងប្រធានសមាគមអ្នកនិពន្ធចិនផង ហើយបានប្រាប់ពីបំណងដែលចង់ឃើញឯកសារនិងចង់ចម្លងឯកសារដ៏សំខាន់មួយនេះ ពេលនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានទទួលរ៉ាប់រងបំពេញបំណងលោកលី ធាមតេង ។
ក្រោយពីខាងភាគីចិនបានទទួលសំណើរហើយពេញមួយយប់នោះលោក លី ធាមតេង ត្រេចអរក្រៃលែងលោកបណ់ឲ្យតែភ្លឺ ឆាប់ឲ្យបានទៅដល់បណ្ណាល័យជាតិរបស់គេ។ថ្ងៃបន្ទាប់ក៏បានមកដល់ ប៉ុន្តែ លោក លី ធាមតេង មិនទាន់បានទៅមើលឯកសារដែលលោកទន្ទឹងចង់ជួបនោះទេព្រោះលោកមានកិច្ចការទស្សនៈកិច្ចជាច្រើនទៀត ដោយរំលង៥ថ្ងៃក្រោយទើបលោកបានទៅដល់បណ្ណាល័យជាតិទីក្រុងប៉េកាំង។
ទោះជាបានជួបមន្រ្តីចិនហើយក៏ដោយក៏គេមិនទាន់ឲ្យលោក បានជួបនូវឯកសារដែលលោកចង់មើលនោះទេដោយគេបានយកឯកសារមួយចំនួនធំមកឲ្យលោកមើល ហាក់ដូចជាមានបំណងចង់តេស្តលោកថា លោកពិតជាចង់មើលឯកសារនោះពិតឬគ្រាន់តែចង់ដឹងលេងៗទេ។ ក្រោយពីសន្ទនាជាមួយមន្ដ្រីចិននិងប្រធានបណ្ណាល័យ ចំនួន៣នាក់នោះចប់ ចុងក្រោយលោកក៏បានទទួលឯកសារដែលលោកទន្ទឹងចង់ជួបមែន។
ដោយលោកបានទៅជួបបណ្ឌិតសភាផ្នែកប្រវត្តិសាស្ត្រទៀតនៅក្នុងបណ្ដាលសៀវភៅក្រាស់ៗជាច្រើន មាននិយាយពីស្រុកខ្មែរតែ ១ ទៅ ២ទំព័រតែប៉ុណ្ណោះ។ ហើយមានតែមួយប៉ុណ្ណោះដែលគេ
សរសេរវែងក្បោះក្បាយ គឺប្រវត្តិសាស្ត្រក្នុងរាជវាំងរាជសន្តតិវង្សម៉ុងហ្គោល ដែលមានមួយភាគធំនិយាយអំពីការចាប់អ្នកកំណត់ត្រាមកស្រុកចេនឡាគឺលោកជីវតាក្វាន់នេះឯង។ លោកក៏បានចម្លងអត្ថបទនោះទាំងស្រុងដែលមានចំនួន ៦៣ទំព័រគេក៏ព្រមថតចម្លងឲ្យថត។ លោកបានជាហ្វីលមួយខ្សែវែងលុះមកដល់ស្រុកខ្មែរវិញ លោកក៏បានផ្ដិតវាតែអនិច្ចារ លោកអង្គុយមើលវាមិនយល់ន័យសេចក្ដីសោះ ព្រោះវាជាអក្សរបុរាណចិន ហើយលោកក៏យកអក្សរថតផ្តិតនោះទៅធ្វើជាសៀវភៅទុក។
ដោយយកទៅតម្កល់ទុកនៅក្នុងសមាគមអ្នកនិពន្ធខ្មែរលោកសង្ឃឹមថាក្រែងមានថ្ងៃក្រោយ មានអ្នកណាម្នាក់ ក្នុងបណ្ដាអ្នកនិពន្ធស្រាវជ្រាវ គេនឹងអាចបកប្រែអត្ថបទមួយនេះបាន។ស្រាប់តែពីរឆ្នាំក្រោយមកបាត់សៀវភៅនោះជាអសារបង់ទៅសួររកដើមចុងក៏មិនឃើញឡើយ។តែជាសំណាងល្អ ហ្វីលនៅមានលោកក៏សម្រេច ផ្ដិតវាឡើយម្ដងទៀតនិងប្រឹងស្វែងរកអ្នកតែមានសមត្ថភាពមកបកប្រែកសៀវភៅនេះព្រោះលោកខ្លាចបាត់បងទៅទៀត។
ដំណើរការបកប្រែ
តាមការបញ្ជាក់ក្នុងសៀវភៅខាងលើបានបញ្ជាក់ថាការបកប្រែនេះបានធ្វើទុក្ខលោកយ៉ាងខ្លាំង ព្រោះថាទោះជាលោកអាចអាននិងស្គាល់អក្សរចិនមួយចំនួនដែលលោកធ្លាប់សិក្សាក៏ដោយក៏លោកត្រូវស្វែករកអ្នកដែលចេះភាសាចិនស្ទាត់ជំនាញ និងចេះអក្សរចិនបុរាណដើម្បីមកប្រែសេចក្ដី ។តស៊ូគង់បានសម្រេច ចុងក្រោយលោកក៏បានជួបមិត្តសម្លាញ់លោក ដែលមានឈ្មោះថាអ៊ឹង ឡាយ ជាអ្នកនិពន្ធ និងជាអ្នកបកប្រែរឿងភាគចិនដែលមានចំណេះភាសាបុរាណចិនយ៉ាងល្អ បានធានាជួយពេញទំហឹងសម្រាប់ដំណើរការបកប្រែនេះ។ហើយក៏មានមិត្តលោក លី ធាមតេង ម្នាក់ទៀតដែលមានឈ្មោះថា ម៉ា អៀងដែលជាគ្រូបង្រៀនភាសាខ្មែរនៅសាលាចិនក៏បានចូលរួមចំណែកក្នុងការបកប្រែដែរ។
ដើម្បីឲ្យឯកសារនេះកាន់តែសុក្រិតលោកបានយកស្នាដៃនេះ ទៅផ្ទៀងផ្ទាត់ជាមួយ ប៉េល្លីយ៉ូជាភាសាបារាំបន្ថែមទៀត។ទោះជាយ៉ាងណាមុននឹងសម្រេចចិត្តក្នុងការបោះពុម្ពចេញផ្សាយលោក លី ធាមតេង បានយកឯកសារដែលប្រែសម្រួលរួចរាល់នេះទៅជួបលោកសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរម្នាក់ ដែលជាលោកគ្រូលោក មានឈ្មោះថា «តាំង ស៊ុយគង់» ដោយលោកតាមានអាយុ៧១ឆ្នាំទៅហើយ ឲ្យជួយពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយលោក។ ៣ខែក្រោយមកសៀវភៅមួយនេះក៏បានបោះពុម្ពចេញជារូបរៀងឡើង ដោយ សៀវភៅនេះបកប្រែ តាមសំនៀងភាសាចិនទាជាវ ជាគោល ព្រោះក្នុងប្រទេសខ្មែរកាលណោះមានជនជាតិចិន ដែលភាគច្រើនជនជាតិទាជីវមករស់នៅក្នុងប្រទេសកម្ពុជា។
ឃើញថាឯកសារដ៏មានសារៈមួយនេះពិតជាកើតចេញពីសេចក្ដីលះបង់ និងប្រឹងប្រែងឥតរាហ៍របស់ អ្នកស្រាវជ្រាវខ្មែរលោក លីធាមតេង ជាពិសេសវាក៏ជាគំរូវីរភាពមួយសម្រាប់អ្នកស្រាវជ្រាវទូទៅផងដែរ៕