វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ គឺជាវត្តមួយដែលមានអាយុកាល ជាង៣០០ឆ្នាំមកហើយ តែអ្វីដែលពិសេសនោះ គឺរូបគំនូរបុរាណដែលវិចិត្រករខ្មែរបានគូរនៅលើជញ្ជាំងព្រះវិហារនោះ ក៍មានអាយុកាលជិត២០០ឆ្នាំដែរហើយនៅមានសភាពដិតជាប់ច្បាស់ល្អ។ វត្តនេះមានទីតាំងស្ថិត នៅក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើនេះ គឺជាវត្តដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងខេត្តកំពង់ឆ្នាំងដែលដូនតាយើង បានចាប់កសាងទីតាំងនេះតាំងពីឆ្នាំ១៦៧២។ នៅឆ្នាំ១៨៤៧ ព្រះវិហារ និងសាលាធម្មសភាក៍ត្រូវបានកសាងឡើង។ ព្រះវិហារមានទំហំ១២ម៉ែត្រគុណនឹង២០ម៉ែត្រ មានសសរទ្រចំនួន៦២ដើម ឯខឿន និងគ្រឹះព្រះវិហារធ្វើអំពីថ្មបាយក្រៀម។
នៅឆ្នាំ១៨៥០ មានជាងគំនូរពីនាក់គឺឈ្មោះប៉ាល់ និងជាងជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។ រូបគំនូរទាំងនេះបរិយាយអំពីរឿងរាមកេរ្តិ៍ខ្មែរ ជាតក នៃព្រះពុទ្ធសាសនា ពុទ្ធប្រវត្តិ និងទាក់ទងនឹងជីវភាពរស់នៅនៃវប្បធម៌ប្រពៃណីខ្មែរ។ តាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា រូបគំនូរទាំងនេះដូចគ្នាទៅនឹងគំនូរក្នុងព្រះវិហារ ព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំង ហើយមានអាយុកាលតំណាលគ្នា។
កាលពីជំនាន់ ប៉ុលពត គេបានយកព្រះវិហារនេះមកធ្វើជាគុកដាក់ប្រជាពលរដ្ឋ បន្ទាប់មកយកធ្វើជាឃ្លាំងដាក់អំបិល ហើយចុងក្រោយគេយកព្រះវិហារធ្វើជាកន្លែងបិតស្រាថែមទៀត រហូតធ្វើអោយផ្ទាំងគំនូរខូចខាតយ៉ាងច្រើន។ តែត្រូវបានជួសជុសឡើងវិញជាបន្តបន្ទាប់នៅសម័យក្រោយមក៕
អត្ថបទនិងរូបភាពនេះ ជាការចូលរួមចែករំលែកពីទំព័រ បុរាណាចារ្យ