រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ មិនមែនគេសរសេរអាក្រក់ ចាត់ទុកគេសុទ្ធ​តែពួក​ប្រឆាំងនោះទេ ជួនកាលការប្រឆាំងខ្លះ គេនិយាយត្រូវដែរ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានណែនាំដល់មន្រ្ដីគ្រប់ផ្នែកទាំងអស់ត្រូវចៀសវាងដាច់ខាតចំពោះអ្នកដែលសរសេរអាក្រក់ ចាត់ទុកគេថា សុទ្ធតែពួកប្រឆាំងនោះត្រូវឈប់គិតដូច្នេះទៀត ត្រូវមើលការសរសេរនេះគឺពិតដែរទេ ហើយបើមើលទៅ​ពិតដល់​ត្រឹមណានិងត្រូវដោះស្រាយយ៉ាងម៉េចដែរ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការសរសេរនេះមិនមែនគ្រាន់តែគេសរសេរអាក្រក់ចាត់ទុកគេសុទ្ធ​តែពួក​ប្រឆាំងនោះទេជួនកាលការប្រឆាំងខ្លះ គេនិយាយត្រូវដែរ ដូច្នេះត្រូវយកទៅពិនិត្យ​មើល​​ថា តើមានការវិវត្ដយ៉ាងណាដែរហើយការប្រទាំងប្រទើសគ្នានេះហើយ ដែលធ្វើឱ្យ​យើងរកផ្លូវចេញមួយបានល្អ។  ​នេះបើតាមការថ្លែងរបស់លោករដ្ឋមន្រ្តី ក្នុងវេទិកាមួយ ខេត្ដនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

លោករដ្ឋមន្រ្ដីគូសបញ្ជាក់ថា៖ “ កុំគិតថា ជើង៤ល្អជើងពីរ​អាក្រក់ មានន័យថា កុំចាត់ទុក​ឱ្យតែគេសរសេរអត្ថបទអវិជ្ជមាន សុទ្ធតែគេប្រឆាំងទាំងអស់មិនត្រូវយកអាហ្នឹងទេ ហើយកុំគិតថា ឱ្យតែអ្នកកាសែតមានទោស គិតថា អ្នកកាសែតគឺជាជនរងគ្រោះទាំងអស់”។

លោករដ្ឋមន្រ្តី បានលើកឡើងថា ចំណុចទាំងពីរនេះគឺត្រូវចៀស​វាងដូចគ្នា ពីព្រោះបញ្ហានេះ យើងត្រូវគិតបើកាលណាមិនគិតបញ្ហានេះទេ យើងទៅ​ការ​ពារ​អ្នកកាសែតដែលមិនល្អនាំឱ្យប៉ះពាល់ទាំងអស់គ្នា៕

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន (រូបភាពពី ក្រសួងព័ត៌មាន)