អ្វីជា ព្រះនាគាសនៈ ឬ កូប ដែលអ្នកតែងឃើញលើខ្នងព្រះទីនាំងគជេន្ទ្រ

"ព្រះនាគាសនៈ ឬ កូប " ជាទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យង សម្រាប់ដាក់លើខ្នងព្រះទីនាំងគជេន្ទ្រ(ដំរីព្រះមហាក្សត្រ)។ យើងសង្កេតឃើញថា ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រកម្ពុជាពីអតីត ក្នុងក្បួនប្រទក្សិណព្រះនគរ ព្រះមហាក្សត្រតែងគង់ប្រថាប់លើព្រះទីនាំងគជេន្ទ្រ ដែលប្រដាប់ព្រះនាគាសនៈឬកូបនេះ ។ 

ព្រះនាគាសនៈ មានដំបូលរាងមូលមានក្បាច់ជាផ្កាលំអរ រយាងធ្វើពីឈើមានឆ្លាក់ក្បាច់ប្រណិត និងមានព្រះសាណិយា នៅពីក្នុង។ ព្រមដោយប្រដាប់គ្រឿងរាជូបភោគ មានពានរងព្រះហិប ព្រះសុពណ៌ស្រី កំសៀវទឹក។ មានព្រះសាស្ត្រាវុឌគឺ ព្រះទម្រង់អសិជប៉ុន និង ព្រះទម្រង់គទាវុឌ (ព្រះទណ្ឌៈ)។ ព្រះនាគាសនៈ ឬ កូប នេះមានច្រើនប្រភេទ ប្រើតាមលំដាប់ថ្នាក់ សម្រាប់ព្រះមហាក្សត្រ រាជវង្សជាន់ខ្ពស់ និងមន្ត្រីធំៗ៕


អត្ថបទនិងរូបភាពនេះ ជាការចូលរួមចែករំលែកពីទំព័រ បុរាណាចារ្យ