មកស្វែងយល់ពីឧបករណ៍ភ្លេងបុរាណ «​ខ្យង​ស័ង្ខ» របស់ខ្មែរ ដែលនិយមប្រើក្នុងរាជវាំង

ប្រទេសកម្ពុជាមាន ឧបរណ៍ភ្លេងបុរាណជាច្រើនប្រភេទ ដែល​​មួយ​ចំនួនបង​ប្អូន​ប្រជាពល​រដ្ឋ​ក៏​បាន​ស្គាល់​ និង​មួយ​ចំនួន​ទៀត​ បង​ប្អូន​ក៏​មិន​ទាន់​ដឹង​ពី​បែប​ផែន​​នៃ​ការ​ប្រើ​វា។  បើ​និយាយ​ពី​ឧបករណ៍​ភ្លេង​ខ្យង​ស័ង្ខ បង​ប្រជាពលរដ្ឋ​ខ្មែរច្បាស់​ជា​ធ្លាប់​បាន​ឃើញ ព្រោះ​ថាពេលមាន​កម្មវិធី ក្នុង​ព្រះ​បរមរាជវាំង ដោយ​មិន​ដែល​ឃើញ​ឧបករណ៍ភ្លេង​នេះ​ទៅ​លេង​ជាមួយឧបករណ៍​ភ្លេង​ណាមួយ​ឡើយ។ 

​យោងតាមសៀវភៅ « ឧបករណ៍តន្ត្រីបុរាណកម្ពុជា » បោះពុម្ពឆ្នាំ ១៩៩៤ បានបង្ហាញ ពី​អត្ថន័យ និង​របៀប​ប្រើ​ប្រាស់​ឧបករណ៍​ខ្យង​ស័ង្ខថា៖ ខ្យងស័ង្ខគឺជាឧបករណ៍ភ្លេងខ្មែរមួយប្រភេទ ដែលត្រូវចាត់ចូលទៅក្នុងពពួកគ្រឿងផ្លុំ។ឧបករណ៍នេះមានតែពួក “បាគូ” ដែលជា វណ្ណៈព្រាហ្មណ៍ នៅក្នុងព្រះរាជវាំងទេទើបចេះផ្លុំ។ ប្រជារាស្រ្តសាមញ្ញមិនដែលប្រើទេ ហើយក៏គ្មានអ្នកចេះផ្លុំឧបករណ៍នេះដែរ។ 

ឧបករណ៍ខ្យងស័ង្ខនេះ គឺគេយកសំបកសត្វខ្យងម្យ៉ាងដែលមានពូជជាខ្យងស័ង្ខមកធ្វើ។ គេរើសយកសំបកខ្យងណាដែលមានរាងធំល្អយកមកធ្វើ។ គេយកខ្យងមកកាត់គូតចោលបន្តិច ដើម្បីអោយមានរន្ធសំរាប់តែល្មមដាក់មាត់ផ្លុំបាន។ឧបករណ៍ខ្យងស័ង្ខមិនមែនដូចឧបករណ៍តន្ត្រីទៀតៗនោះទេ គឺលឺសូរតែសំនៀង “ ទូត, ទូត ” តែប៉ុណ្ណោះ។ឧបករណ៍នេះ គេប្រើសំរាប់នៅក្នុងព្រះរាជពីធីរបស់ព្រះមហាក្សត្រ ដូចជាព្រះរាជពិធីចំរើនព្រះជន្ម ឬព្រះរាជពិធីផ្សេងៗទៀតសំរាប់ព្រះមហាក្សត្រក្នុងព្រះរាជវាំង ដោយមានពួកព្រហ្ម “បាគូ”ពីរឬបីនាក់ជាអ្នកផ្លុំ៕