អាជ្ញាធរខេត្តព្រះសីហនុនៅល្ងាចថ្ងៃ ២ សីហានេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍ នៅកំណាត់ផ្លូវលេខ១៤៦B ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ជាបណ្តោះអាសន្ន។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានការផ្អាកយ៉ាងដូច្នេះ ដោយរដ្ឋបាលខេត្តបញ្ជាក់ថា កំណាត់ផ្លូវនេះត្រូវបានបាក់ស្រុត និងត្រូវការជួសជុលជាមុនសិន។
រដ្ឋបាលខេត្ត បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុកថា៖ «កំណាត់ផ្លូវលេខ១៤៦B ពីស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់ »។
គួររំលឹកថាកាលពិថ្ងៃទី០១ ខែសីហា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០សម្ពាធទាបមួយ បានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយវិវត្តន៍ទៅជាវិសម្ពាធទាបដែលបង្កើតឲ្យមានឥទ្ធិពលទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ ( SINLAKU ) ហើយបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជាបណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងែទី០១ ដល់ថ្ងែទី០៥ ខែសីហា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុនឹងប្រឈមនឹងជំនន់ទឹកភ្លៀង ( Flash Flood ) រួមជាមួយខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ដូច្នេះសូមក្រុមហ៊ុនដឹកជញ្ជូន ប្រជាជាពលរដ្ឋភ្ញៀវទេសចរណ៍ និងប្រជានេសាទទាំងអស់សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
អាជ្ញារធរកំពុងឈរមើលចំណុចបាក់ស្រុតនៅកំណាត់ផ្លូវលេខ១៤៦B។