"សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក (100,000 $) ឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១។ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពីហាសិបម៉ឺនដុល្លារអាមេរិក (500,000 $) ឡើងទៅត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដើម្បីទ្រង់ព្រះរាជទានគោរម្យងារជា «ឧកញ៉ា»”។ នេះបើយោងតាម អនុក្រឹត្យថ្មី ដែលចុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ដែលរាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលលើចំណុចទី១ មាត្រា២នៃអនុក្រឹត្យលេខ១៥ ឆ្នាំ១៩៩៤ វិញ ដោយមាត្រា១ថ្មី ។
ដូច្នេះមានន័យថាបច្ចុប្បន្ននេះដើម្បីទទួលបានគោរម្យងារជា "ឧកញ៉ា” គឺទាល់តែបុគ្គលរូបនោះធ្វើអំណោយជូនរដ្ឋមានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ ដែលខ្ពស់ជាងពីមុខ គុណនឹង៥។
ទោះជាយ៉ាងនេះក្ដី មតិប្រជាពលខ្លះមានការយល់ឃើញថា ងារជា ឧកញ៉ា មិនគួរគិតតែពីប្រាក់ដែលបរិកច្ចាគជូនរដ្ឋប៉ុណ្ណោះទេគួរតែពិចារណាពីបុគ្គលិកលក្ខណៈមួយចំនួន ដូចជា ជាបុគ្គលដ៏គួរឲ្យគោរពមានគុណធម៌ រកស៊ីសុចរិត និងជួយកសាងជាតិ ជាដើម។ចំណែកបុគ្គលដែលមានបានដោយរបររកស៊ីទុច្ចរិត ហើយបរិច្ចាគប្រាក់ជូនរដ្ឋដើម្បីក្លាយខ្លួនជាឧកញ៉ានោះមិនគួររដ្ឋប្រគល់គោរមងារជូនឡើយ។
គួរជម្រាបជូនដែរថា កន្លងមក មានឧកញ៉ាខ្លះ ក៏ធ្លាប់ជាបុគ្គលដែលប្រព្រឹត្តិរបរមិនត្រឹមត្រូវ គេងប្រវ័ញ និងត្រូវបាន បញ្ចប់ងារជាឧកញ៉ា ឬត្រូវជាប់ចោទ ហើយប្រមុខរាជរដ្ឋាភិបាលក៏ធ្លាប់ឲ្យមន្រ្តីយោធា ស្ម័គ្រចិត្តបោះបង់ចោលងារជាឧកញ៉ា ផងដែរ៕