ធនាគារអភិវឌ្ឍន៍ជនបទ ទទួលបានការស្នើសុំឥណទានជាង ៤៥០សំណើ​ ខណៈការផ្ដល់បានតែជាង ១០០សំណើ

 រាជធានីភ្នំពេញ៖ នៅក្នុង​ដំណាក់​កាលជំងឺកូ​វីដ​១៩​នេះ ​ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ បានផ្តល់​ឥណ​ទាន​ប្រមាណ​ជាង ១០លាន​ដុល្លារ​ ពីអ្នកស្នើសុំខ្ចី​ឥណទាន​ជាង ១០០សំណើ​ ខណៈ​សំណើ​សុំ​មាន​​ជាង៤៥០ ​គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៥លាន​ដុល្លារ​។ នេះបើតាមការរៀបរាប់របស់លោក កៅ ​ថាច​ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​  ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ដំណើរការ និងនីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហ​គ្រាន​ធុន​តូច​និង​មធ្យម SME» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ នៅព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ នា​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

លោកបានថ្លែងថា៖ «ទំហំឥណទានដែលយើងអនុម័តជាង ១០០ បានតែជាង ១០លានដុល្លារទេ។ បើអ្នកខ្ចីជាសហគ្រាសធុនតូច និងមធ្យមតែម្តង ជាការកែច្នៃ អាហ្នឹងវាទំហំធំណាស់ ១លាន ២លានឡើងទៅ ដែលយើងអាចធ្វើកិច្ចការងារនេះបាន»។ 

លោកបន្តបញ្ជាក់ថា ចំពោះអ្នកដែលអាចទទួលបាននូវឥណទាននៅទំហំប្រាក់៥០លានដុល្លារនេះបាន គឺទី១ អ្នកដាំដុះបន្លែផ្លែឈើ។ ទី២អ្នកចិញ្ចឹមសត្វ មានចិញ្ចឹមគោ ក្របី ទា មាន់។ ទី៣ ផ្នែកវរីវប្បកម្ម មានការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមអន្ទង់ និងទី៤ សហគ្រាសធុនតូចនិងមធ្យមដែលធ្វើការកែច្នៃ ផលិតផលកសិកម្មដែលយើងមានច្រើនហើយដែលកំពុងសស្រាក់ស្រាំក្នុងការផលិត ដូចជាទឹកស្វាយ ធ្វើមៀនកំប៉ុង អំបុកកំប៉ុង។ល។ដែលយកផលិតផលកសិកម្មមកធ្វើការកែច្នៃ ហើយក្រៅពីនេះគឺមិនអាចស្នើរសុំបានទេ៕