បន្ទាប់ពីក្រុមការងារបច្ចេកទេសបញ្ចប់ដោយជោគជ័យ លើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗ កម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន ប្រមាណជា ២០ភាគរយ។
ជាទូទៅកិច្ចព្រមព្រៀងនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ជាច្រើនដូចជា៖
- ការបើកច្រកទីផ្សារបានធំជាងសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀតក្នុងករណីដែលកម្ពុជាផលិតបាន និងមានអនាម័យព្រមទាំងស្ដង់ដារត្រឹមត្រូវ។
- មានលំហរទីផ្សារផ្នែកសេវាកម្មដែលអាចនាំចេញក្នុងករណីមានការបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវ
- រាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនឹងសម្រួលពាណិជ្ជកម្មអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេស លើការធ្វើពាណិជ្ជកម្មត្រូវបានកំណត់ច្បាស់លាស់ និងធ្វើសាមញ្ញនីយកម្ម ដើម្បីងាយស្រួលអនុវត្តនិងសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។
- បរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសត្រូវបានរៀបចំនិងបង្កើតឡើង។
- កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសតាមវិស័យនានាត្រូវបានកំណត់ដើម្បីជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាពស្ថាប័នកសាងសមត្ថភាពផលិតនិងផ្គត់ផ្គង់របស់វិស័យឯកជន
- ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់និងរឹងសម្រាប់ជួយដល់ វិស័យពាណិជ្ជកម្ម នឹងត្រូវបានកសាង និងរៀបចំជាបណ្ដើរ
- បានរៀបចំរចនាសម្ព័ន្ធ យន្តការនិងវិធាននានាសម្រាប់គូភាគីពិភាក្សា លើការអនុវត្តកិច្ចព្រមព្រៀង។
- រាល់វិវាទ និងការបកស្រាយដែលមិនចុះសម្រុងគ្នាអាចលើកយកទៅពិភាក្សា និងដោះស្រាយនៅយន្តការនិងតាម នីតិវិធីអន្តរជាតិ ដែលភាគីទាំងពីរ ឯកភាពដោយឈរលើ ផលប្រយោជន៍ជាតិ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី«លទ្ធផលនៃការបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២០៕