លោក ឃឹម ហ្វីណង់ ព្យាយាមបង្រៀនមនុស្ស១ភូមិ ឲ្យចេះស្ទូចត្រី ជាជាងឲ្យត្រីហូប ដើម្បីងើបផុតពីភាពក្រីក្រ

ស្រុកបន្ទាយស្រី៖  គេថា“ស៊ូបង្រៀនមនុស្សម្នាក់ឲ្យចេះស្ទូចត្រី ប្រសើរជាងឲ្យត្រីមនុស្សម្នាក់នោះហូប” ចុះបើយើងមានឱកាសបង្រៀនមនុស្ស”មួយភូមិ”ឲ្យចេះស្ទូចត្រីវិញ តើជីវិតរបស់ពួកគេនឹងខុសប្លែកយ៉ាងណាដែរ? ចំណោទនេះគឺជាអ្វីដែល«អង្គការលំនៅឋានកម្ពុជា»និងរដ្ឋបាលស្រុកបន្ទាយស្រី កំពុងតែសាកល្បងព្យាយាមដោះស្រាយជូនអ្នកភូមិពើងឆ័ត្រ។ នេះជាការរៀបរាប់របស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់។

“ពើងឆ័ត្រ”គឺជាភូមិដ៏តូចមួយនៅក្នុងឃុំឃុនរាម ដែលមានប្រជាពលរដ្ឋរស់នៅត្រឹមតែ១៣៩គ្រួសារប៉ុណ្ណោះ តែមានអត្រានៃភាពក្រីក្ររហូតដល់ទៅ៤៨% ដែលជាអត្រាខ្ពស់ជាងគេបំផុតនៅក្នុងស្រុកបន្ទាយស្រី។ តែថ្ងៃនេះ រដ្ឋបាលស្រុកបន្ទាយស្រីទទួលបានដៃគូមួយដ៏ប្រពៃ ដើម្បីរួមដៃគ្នាជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងភូមិដ៏ក្រខ្សត់មួយនេះ។

ដោយទទួលបានការគាំទ្រថវិកាពីប្រទេសហូឡង់ អង្គការលំនៅឋានកម្ពុជានឹងសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តគម្រោង”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ដែលជាទម្រង់ថ្មីមួយនិងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយជ្រើសយកភូមិពើងឆ័ត្រជាភូមិគោលដៅ ដើម្បីកែប្រែស្ថានភាពនៅក្នុងសហគមន៍ ផ្តល់ភាពរឹងម៊ាំនិងលំនឹងជីវិត ព្រមទាំងលទ្ធភាពអាចគ្រប់គ្រង ម្ចាស់ការ និងអភិវឌ្ឍបន្តដោយខ្លួនឯងបាន ក្រោយពេលគម្រោងដែលមានរយៈពេល៣ឆ្នាំនេះត្រូវបានបញ្ចប់។

គម្រោងនេះនឹងផ្តោតទៅលើអាទិភាពមួយចំនួនដូចជា៖

  • សាងសង់ ជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋទាំង១៣៩ខ្នងនៅក្នុងភូមិឡើងវិញ
  • ទ្រទ្រង់ដល់ការបង្កើតការងារ និងមុខរបរជូនដល់អ្នកភូមិទាំងមូលដើម្បីជាបំណិនជីវិត
  • ផ្តល់ការតភ្ជាប់អគ្គីសនីដោយប្រព័ន្ធសូឡា និងបណ្តាញចែកចាយផ្គត់ផ្គង់ទឹកតាមផ្ទះ ដោយមានយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាព
  • អប់រំ បណ្តុះបណ្តាលពីការថែទាំផ្ទះ អនាម័យ និងការរស់នៅស្អាតដល់គ្រប់គ្រួសារនៅក្នុងភូមិ
  • បង្កើតនិងពង្រឹងសមត្ថភាពក្រុមតំណាងនៅក្នុងសហគមន៍ដើម្បីជួយគាំទ្រ និងសម្របសម្រួលដល់ការងាររបស់គម្រោង

បន្ថែមពីលើវិសាលភាពនៃគម្រោង រដ្ឋបាលស្រុកបន្ទាយស្រីក៏នឹងជម្រុញឲ្យមានការជួយជ្រោមជ្រែងដល់ភូមិក្រីក្រមួយនេះក្រោមរូបភាពផ្សេងៗទៀត ដូចជា តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការកៀរគរសប្បុរសជន ការតភ្ជាប់បណ្តាញអគ្គីសនី និងការដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឲ្យអ្នកភូមិពើងឆ័ត្រ អាចមានឱកាសងើបផុតពីភាពក្រីក្រ និងធ្វើការតភ្ជាប់ភូមិពើងឆ័ត្រចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុក ដើម្បីទទួលបានឱកាសការងារ មុខរបរ និងលើកស្ទួយជីវភាពប្រជាជននៅក្នុងភូមិអោយបានប្រសើរឡើងដូចភូមិដទៃទៀតដែរ។

លោកអភិបាលស្រុក ក៏បានសំណូមពរទៅអ្នកភូមិពើងឆ័ត្រថា៖  ត្រូវចាប់យកឱកាសដ៏កម្រមួយនេះឲ្យបានក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីជាការតបស្នងមួយ ស័ក្តិសមទៅនឹងតម្លៃនៃការខិតខំប្រឹងប្រែងរបស់ម្ចាស់ជំនួយ និងរដ្ឋបាលស្រុក ព្រមទាំងព្យាយាមផ្លាស់ប្តូរមុខមាត់ថ្មីរបស់ភូមិពើងឆ័ត្រទាំងអស់គ្នា ហើយឈប់រស់នៅផ្តេកផ្តួលទៅតាមយថាកម្មបន្តទៀត។”

នេះ​បើតាមការរៀបរាប់ទាំងស្រុងលើទំព័រ FB របស់លោក ថ្ងៃទី២៨ កក្កដានេះ។