ខេត្តព្រះវិហារ៖ ខុសពីប្រជាជនខ្មែរមួយចំនួន ដែលត្រូវចែកកេរ្តិ៍មរតជាមុខជំនួញដីធ្លី ផ្ទះសម្បែង ឬក៏អចលនទ្រព្យផ្សែងៗ ដល់កូនចៅ តែដូនតារបស់ប្រជា ជនជនដើមភាគតិចកួយ បានចែកកេរ្តិ៍មរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរការឲ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។
«ជ័រទឹក» ឬក៏បងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា «ជ័រច្បោះ» គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឲ្យមកដល់សព្វថ្ងៃនេះ។ ជ័រច្បោះត្រូវបានយកចេញពីដើមឈើពីរប្រភេទ គឺដើមឈើទាល និងឈើត្រាច សព្វថ្ងៃប្រជាជនជនជាតិដើមភាគតិចកួយ អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកានមានចំណុះ៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកមាន។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា២យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀលដែលចំណូលសរុបយ៉ាងតិចបានប្រហែលជាង ៣០ម៉ឺនរៀលក្នុងពេលពួកគាត់ចូលទៅប្រមូលផងម្តងៗ ។
វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល និងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។
អត្ថប្រយោជន៍របស់ជ័រច្បោះ ជាក់ស្តែងគេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិតឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិតយ៉ាងខ្លាំងអាចធ្វើឲ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម។
លោក ស៊ុំ ស៊ូ អាយុ៣២ឆ្នាំ ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយក៏ជាអ្នកប្រកបរបរដងជ័រទឹកម្នាក់ ដែលនោះបានរៀបរាប់ប្រាប់ឲ្យដឹងថា លោកបានចូលព្រៃពីរយប់បីថ្ងៃហើយបានប្រមូលបានជ័រទឹកចាប់ពី ៣កាន ទៅ៤កាន លោកលក់ទៅឲ្យឈ្មួញកណ្តាលបានមួយកានចាប់ពី ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀល។
លោក ស៊ុំ ស៊ូបានលើកឡើងថា៖ «ពេលចូលព្រៃម្តងៗ ប្រហែលជាពីរយប់ បីថ្ងៃហើយញ៉ុមអាចដងជ័រទឹកបានចាប់ពី ៣កាន ទៅ៤កាន លក់បានមួយកាន ពី៧ម៉ឺន ទៅ៨ម៉ឺនរៀលអីណ្ណឹង!!! សរុបទៅគឺបានប្រហែលជាជាង៣០ម៉ឺនរៀលតែញ៉ុមក៏ត្រូវចែកទៅឲ្យគ្រួសារបងប្រុសផងដែរ»។
ចំណែកឯលោក ស៊ុត សាវនអាយុ ៣៥ឆ្នាំ ជាប្រជាជនជនជាតិដើមភាគតិចកួយមួយរូបដែលនោះ ក៏ជាអ្នករស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា លោកបានឈប់រៀននៅថ្នាក់ទី៩ក្នុងអំឡុងឆ្នាំ២០០៧។ លោកក៏បានប្រកបរបរដងជ័រច្បោះ ដែលដូនតារបស់លោកបានបន្សល់ទុកឲ្យចាប់តាំងពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១៦។ ដោយកាលនោះលោកអាចដងបានចាប់ពី១០កាន ទៅ១២កាន ហើយកាលនៅះលោកអាចលក់បានតំម្លៃពី៤ម៉ឺន ៥ម៉ឺន ដែលចំណូលសរុបយ៉ាងតិចបានប្រហែលជាង ៦០ម៉ឺនរៀលក្នុងពេលពួកគាត់ចូលទៅប្រមូលផងម្តងៗ។
លោក ស៊ុត សាវន បានលើកឡើងថា៖ «កាលពីឆ្នាំ២០០៧ណ្ណឹង គឺដងបាន១០កាន ទៅ១២កាន កាលណុងលក់បាន ៤ម៉ឺន ៥ម៉ឺនទេ ក្រោយមកបានឡើងទៀត»។
គួរបញ្ជាក់ថាដើមជ័រច្បោះភាគច្រើនមានដុះនៅក្នុងព្រៃក្រាស់ៗដូចជាព្រៃឡង់ និងព្រៃព្រះរការជាដើម។ តែមួយរយៈចុងក្រោយនេះដោយមានការកាប់ទន្រ្ទានព្រៃឈើក៏ដូចជាឈានដល់ការកាប់បំផ្លាញដើមជ័រច្បោះពីជនខិលខួចមួយចំនួនតូចបានធ្វើឲ្យប្រជាជនជនជាតិដើមភាគតិចកួយមួយចំនួនបានបាត់បង់ដើមជ័រច្បោះរបស់ពួកគាត់និងប្រឈមនឹងបញ្ហាជីវិភាពផងដែរ៕