មានមនុស្សជាច្រើនយល់ឃើញថា អ្នករកស៊ីត្រូវតែមានសញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឬរៀនជំនាញទាំងឡាយណាពាក់ព័ន្ធនឹងជំនួញ តែស្ថានភាពជាក់ស្តែង យើងសង្កេតឃើញថា អ្នករកស៊ីជោគជ័យជាច្រើនមិនមានសញ្ញាបត្រផ្នែកនេះនោះទេ។ ពួកគាត់មានតែសញ្ញាបត្រលើជំនាញណាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់គាត់តែប៉ុណ្ណោះ។
លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J Qouch Group បានបញ្ជាក់ថា តាមការស្រាវជ្រាវលើអ្នករកស៊ីជាច្រើនបានឱ្យដឹងថា អ្នករៀនផ្នែកពាណិជ្ជកម្ម ភាគតិចណាស់ដែលធ្វើជំនួញដោយខ្លួនឯង ព្រោះពួកគេភាគច្រើនរវល់ក្នុងការធ្វើការងារគ្រប់គ្រងអាជីវកម្មឱ្យអ្នកដទៃ។ លោកថា អ្នករកស៊ីពិតប្រាកដភាគច្រើនជាអ្នកដែលមានគំនិតស៊ីជម្រៅលើជំនាញជាក់លាក់ណាមួយ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអាជីវកម្ម។ ហេតុនេះប្រសិនបើយើងចង់បង្កើតអាជីវកម្មថ្មីមួយ ដែលមានលក្ខណៈពិសេសប្លែកគេឬមានគុណតម្លៃខ្លាំងសម្រាប់ដោះស្រាយបញ្ហានៅក្នុងស្រុកយើង គួរស្វែងរកជំនាញគោលមួយឱ្យបានច្បាស់លាស់ ដើម្បីសិក្សាហើយអភិវឌ្ឍវាឱ្យក្លាយជារបស់ថ្មី និងច្នៃប្រឌិតខ្ពស់ មុននឹងចាប់ផ្តើមកែប្រែវាឱ្យក្លាយជាជំនួញ។
លោកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ «នៅពេលយើងមានជំនាញគោលច្បាស់លាស់ និងមុតស្រួច យើងនឹងមើលឃើញពីហេតុផលយ៉ាងសំខាន់នៃការធ្វើអាជីវកម្មមួយ ដោយផ្តោតលើគុណតម្លៃពិតប្រាកដ មិនមែនផ្តោតតែលើប្រាក់ចំណេញនោះទេ។ ហើយកាលណាយើងមានជំនាញច្បាស់លាស់ យើងប្រាកដជាអាចបង្កើតរបស់ថ្មី ប្លែក និងរឹងមាំ មិនមែនបើកតែមួយភ្លែត ក៏បិទទៅវិញដូចជាការរកស៊ីតាមគ្នា ឬរកស៊ីឱ្យតែល្អមើលនោះទេ»។
សហគ្រិនខាងលើ បានលើកឡើងផងដែរថា ការសិក្សាតែជំនាញគ្រប់គ្រងតែមួយមុខគត់មិនគ្រប់គ្រាន់នោះទេសម្រាប់អ្នកចង់រកស៊ី។ ជាឧទាហរណ៍ ប្រសិនបើយើងចង់បើកក្រុមហ៊ុនផលិត ផលិតផលបច្ចេកវិទ្យា យើងចាំបាច់ត្រូវចេះឱ្យស៊ីជម្រៅលើជំនាញបច្ចេកវិទ្យា ហើយប្រសិនបើយើងចង់បើករោងចក្រផលិតនូវផលិតផលប្រើប្រាស់ឱ្យល្អប្លែកជាងគេ ក៏យើងមិនមែនយកតែជំនាញគ្រប់គ្រងមកប្រើប្រាស់ដែរ តែយើងត្រូវការជាចាំបាច់នូវជំនាញក្នុងការផលិតនិងការស្រាវជ្រាវច្នៃប្រឌិត ដើម្បីបង្កើតផលិតផលប្រកបដោយគុណប្រយោជន៍សម្រាប់មនុស្ស។ កាលណាយើងមានជំនាញជាក់លាក់ នោះយើងនឹងអាចឈរជើងបានយូរក្នុងអាជីវកម្ម ព្រោះទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏យើងអាចនៅតែរក្សាលំនឹងអាជីវកម្មបាន ដោយសារតែយើងច្បាស់លាស់អ្វីដែលយើងកំពុងធ្វើ មិនមែនចេះគ្រប់មុខតែមិនច្បាស់លើចំណុចណាមួយនោះទេ៕