កម្ពុជារកចំណូលគយបានជិត១៣០០លានដុល្លារ តែធ្លាក់ចុះ១៦% ធៀបនឹងឆមាសទី១ឆ្នាំទៅ

លោក បណ្ឌិត គុណ ញឹម

រាជធានីភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានគយ ដោយបានដកស្រង់សំដីរបស់ បណ្ឌិត គុណ ញឹម លើកឡើងថា៖ «ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ 

លោកក៏បានលើកឡើងដែរថា បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ចំណូលនេះថយចុះ ១៦.២% ដែលក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧%, គ្រឿងសំណង់ថយចុះ ២៨.២%, នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង៥.៥% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១%»។

នៅក្នុងឆមាសទី១ឆ្នាំ២០២០ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយថយចុះ ១៩.៨%, អាករពិសេសធ្លាក់ចុះ ២១.៦% ហើយ VATថយចុះ ៩.៦%។

លោកបន្តថាការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ និងចំណូលពន្ធ-អាករគយ ក្នុងឆមាសទី១ឆ្នាំ២០២០នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់គឺការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យ ទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រភពចំណូលពន្ធនិងអាករសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណ ៤២.៤%នៃចំណូលសរុប), ប្រេងឥន្ធនៈ (ត្រូវជាប្រមាណ២១.៦%នៃចំណូលសរុប) និងទំនិញចម្រះនិងគ្រឿងសំណង់ (ដើរតួនាទីប្រមាណជា ៣៤.៧%នៃចំណូលសរុប)៕