រាជធានីភ្នំពេញ៖ យោងលើខ្លឹមសារនៃសេចក្តីថ្លែងហេតុ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី "ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd កាលពីថ្ងៃទី១៥ កក្កដា២០២០ បានរំលេចឲ្យឃើញជាអាទិ៍៖
ទី១-ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ទី២-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
ទី៣-ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយតបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។
ទី៤-លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែមនិងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។
លោកDr. Nabeshima ក្នុងនាមឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោង នឹងនាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះនិងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគមកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជាធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនិងស្តង់ដារនាំចេញ។
លោកDr. Nabeshima ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែនការនេះ៕