រាជធានីភ្នំពេញ៖ ដាច់ខែកក្កដា ឆ្នាំ២០២០ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងអាចប្ដូរទីលំនៅមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញ ខណៈដែលការដ្ឋានស្ថាបនាដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យគ្រោង នឹងស្ថាបនាឱ្យបានរួចរាល់នៅដំណាច់ខែកក្កដានេះ។នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការ រៀបចំអភិវឌ្ឍន៍សហគមន៍ក្រីក្រនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍសហគមន៍ ស្ទឹងមានជ័យនៅនឹងកន្លែង ដោយប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តងហើយប្រឡាយស្ទឹងមានជ័យត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយ ជញ្ជាំងប្រឡាយជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ។
បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយពោលគឺនៅក្នុងបំណាច់ខែកក្កដាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឱ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឱ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឱ្យពួកគាត់នៅដីមួយឡូត៍ម្នាក់ នៅតាមបណ្ដោយប្រឡាយបឹងស្ទឹងមានជ័យនេះ៕