ខេត្តព្រះវិហារ៖ លោក ឧកញ៉ា សុខ ហាច អគ្គនាយកក្រុមហ៊ុនហ្គោលដិនរាយស៍ (Golden Rice) បានលើកឡើងពីការបង្កើនការទិញស្រូវសរីរាង្គ ពីជាង ៣ពាន់តោន ដល់ ៦ពាន់តោន ក្នុងឆ្នាំ ២០២០-២០២១នេះ។
លោកឧកញ៉ា បានមានប្រសាសន៍ថា ដោយសារតែខេត្តព្រះវិហារពោរពេញទៅដោយសក្តានុពលកសិកម្ម និងមានលក្ខណៈសរីរាង្គក្រុមហ៊ុនបានសម្រេចចិត្ត ចូលរួមវិនិយោគជាមួយកសិករនៅខេត្ដព្រះវិហារ ក្នុងការទទួលទិញស្រូវសរីរាង្គក្នុងតម្លៃខ្ពស់សមរម្យ។
លោកឧកញ៉ាបន្តថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនបានចុះកិច្ចសន្យាបញ្ជាទិញស្រូវនូវបរិមាណតែជាង ៣ពាន់តោន ប៉ុណ្ណោះតែដោយឡែកក្នុងរដូវកាលឆ្នាំ ២០២០–២០២១នេះ ក្រុមហ៊ុនព្រមបន្តទទួលទិញ ស្រូវ សរីរាង្គពីសហគមន៍រហូតដល់ទៅ ៦ពាន់តោន ហើយនៅឆ្នាំក្រោយៗទៀតបរិមាណនៃការ ទទួលទិញនឹងកើនឡើងជាបន្តបន្ទាប់ទៀត។
តែទោះជាបែបនេះក្តី លោកឧកញ៉ាក៏បានស្នើដល់សមាជិកសហគមន៍ទាំងអស់ ត្រូវគោរពទៅតាមគោលការណ៍កិច្ចសន្យាពិសេសគឺស្តង់ដារសរីរាង្គ។
ជាមួយគ្នានេះ ក្រុមហ៊ុនហ្គោល ដិន រាយស៍(Golden Rice) នៅឆ្នាំខាងមុខៗទៀតមិនត្រឹមតែទិញស្រូវសរីរាង្គតែមួយមុខ ប៉ុណ្ណោះទេ គឺទិញផលិតផលផ្សេងទៀតពីកសិករនៅខេត្ដព្រះវិហារមានដូចជា ម្រេច ដំឡូងមី សេរីរាង្គជាដើម ដើម្បីចូលរួមធ្វើឱ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន និង ជួយ ដល់កសិករឱ្យបានខ្លាំងក្លាជាងមុន ។
បើតាមសេចក្ដីរាយការណ៍ពីមន្ទីរជំនាញ បានឡើងលើងថា បច្ចុប្បន្ននេះ ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ដែលមានការចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់។ ទន្ទឹម នេះ នៅក្នុងឆ្នាំ២០១៩កន្លងទៅ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណសរុបចំនួន២២,៤៦៥តោន ដែលមានសមាជិកចូលរួម ផលិតចំនួន៥,៣៤១គ្រួសារ លើផ្ទៃដីសរុបចំនួន១៤,៧៦៩ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុន ចំនួន ៣គឺក្រុមហ៊ុនអែមរុរ៉ាយស៍ ក្រុមហ៊ុន ស៊ិកនេតឈរអស្វអេសា និងក្រុមហ៊ុន ហ្គោល ដេន រ៉ាយស៍៕