បើស្ទើរទុន កុំប្រញ៉ាប់រកស៊ី ប្រយ័ត្នធ្លាក់ទឹក

សម្រាប់អ្នកមាន​ គេដួលម្តងពីរដង អស់បួនដប់ម៉ឺន មិនមែនជាបញ្ហារបស់គេនោះទេ ព្រោះគេអាចចាត់ទុកវាជាបទពិសោធន៍ តែសម្រាប់អ្នកក្រវិញ បើហ៊ានហក់លោតដូចគេ ច្បាស់ជាទឹកភ្នែក។

លោកឧកញ៉ា គួច ម៉េងលី (ឆ្វេង) និង លោក ង៉ែត ជូ (ស្ដាំ)

មនុស្សជាច្រើនមាននិន្នាការ​ចាប់ផ្តើមធ្វើអាជីវកម្មដោយខ្លួនឯង ដោយក្នុងនោះ​ មានអ្នកខ្លះក៏ទទួលបានជោគជ័យក្នុងមុខរបរ និងអ្នកខ្លះទៀតត្រូវប្រឈមមុខនឹងការបិទទ្វាម្តងហើយម្តងទៀត។

លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន ម៉េងលី ជេគួច បានលើកឡើងថា យុវជនបច្ចុប្បន្ននេះ ចូលចិត្ត​ហក់លោតរឿងប្រលូកក្នុងការរកស៊ី។ សម្រាប់អ្នកមាន​ គេដួលម្តងពីរដង អស់បួនដប់ម៉ឺន មិនមែនជាបញ្ហារបស់គេនោះទេ ព្រោះគេអាចចាត់ទុកវាជាបទពិសោធន៍ តែសម្រាប់អ្នកក្រវិញ បើហ៊ានហក់លោតដូចគេ ច្បាស់ជាទឹកភ្នែក។ បច្ចុប្បន្ននេះ មាន​យុវជនជាច្រើន ​បាន​សំឡឹងមើលតែសំបកក្រៅនៃភាពជោគជ័យរបស់អ្នកដទៃ ​ហើយ​ក៏ប្រញ៉ាប់​ចូលទៅក្នុងភាពជាសហគ្រិន ទាំងគ្មានទន់ឬមូលដ្ឋានច្បាស់លាស់ សម្រាប់ការធ្វើអាជីវកម្ម។

លោកឧកញ៉ាបញ្ជាក់ថា ទុន​សម្រាប់ធ្វើអាជីវកម្ម មិនមែនសំដៅតែលើ​រឿងលុយតែមួយមុខនោះទេ តែវាអាចជាបទពិសោធន៍ ចំណេះដឹង ទំនាក់ទំនង កេរ្តិ៍ឈ្មោះ និង​លុយកាក់។ ទម្រាំនឹងអាចធ្វើអាជីវកម្ម​បាន គេត្រូវការ​ចំណេះជំនាញបទពិសោធន៍ច្រើនណាស់ ហើយភាគច្រើនគេចាប់ផ្តើមពីការធ្វើការងារឱ្យគេ ដើម្បីយកបទពិសោធន៍ឱ្យបានចាស់ទុំមានលំនឹង​ហិរញ្ញវត្ថុ និងមាន​ទំនាក់ទំនង មានទីផ្សារល្អ ហើយទើបគេចាប់ផ្តើមចេញរកស៊ី មិនមែនចង់ធ្វើសហគ្រិនវ័យក្មេងបានតែមួយភ្លែត ក៏ធ្លាក់ទឹកនោះទេ។

សហគ្រិនខាងលើក៏បានបញ្ជាក់ផងដែរថា ការឈានជើងចូលក្នុងអាជីវកម្ម ចាំបាច់ត្រូវតែមានភាពចាស់ទុំ ព្រោះគ្រាន់តែជោគជ័យភ្លាមៗ មិនប្រាកដថាអាចមាននិរន្តភាពនោះទេ។ មានអ្នកខ្លះ​ចាប់ផ្តើមមានគំនិតល្អរកស៊ីភ្លាមទទួលបានការគាំទ្រភ្លាម ក៏ចាប់ផ្តើម​ពង្រីកមុខរបរ ឈានជើងចេញភ្លាមរហូតដល់រលំទាំងអស់។ ហេតុនេះសូមកុំប្រញ៉ាប់ហក់លោត គួរ​ពង្រឹងគ្រឹះឱ្យបានរឹងមាំជាមុនសិន ផ្នែកចំណេះដឹង បទពិសោធន៍ និងហិរញ្ញវត្ថុមុននឹងបោះជំហានអភិវឌ្ឍ​មួយចំហានថ្មីទៀតប្រកបដោយភាពស្វាហាប់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានលើកឡើងស្រដៀងគ្នាដែរថា បើមានទុនតិចសូមកុំប្រញ៉ាប់ធ្វើអាជីវកម្មច្រើន។ ជាក់ស្តែងយើងអាចឧទាហរណ៍បានថា បើយើងមានទឹកមួយដប​ យើងមិនអាចស្រោចដើមឈើ១០ដើមឲ្យដុះបាននោះទេ។ ផ្ទុយមកវិញ ប្រសិនបើយើងយកទឹកមួយដបនេះ មកផ្តោតលើការថែទាំ ហើយស្រោចទឹកលើដើមឈើមួយដើម យើងអាចនឹងធ្វើឱ្យដើមឈើនោះដុះបាន។

យុវជនបច្ចុប្បន្ន ដោយសារតែមានការផ្សព្វផ្សាយ ​ពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងមើលឃើញតែរូបភាពខាងក្រៅនៃ​ជីវិតជោគជ័យរបស់សហគ្រិន បានធ្វើឱ្យយុវជនជាច្រើនចាប់ផ្តើមយល់ថា​ ការធ្វើអាជីវកម្មគឺជារឿងអស្ចារ្យ ហើយវាក៏ជារឿងងាយៗដែលអាចធ្វើបានដោយមិនបាច់ខំប្រឹង។ មានអ្នកខ្លះទៀតយល់ខុសថា ពួកគេហត់នឿយនឹងធ្វើការ ទើប​ខិតខំចេញរកស៊ី ដែលវាផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែង ព្រោះអ្នករកស៊ី មានកតព្វកិច្ចនិងកាន់តែ​ត្រូវគិតច្រើន​ជាងអ្នកធ្វើការងារឆ្ងាយណាស់។ ហេតុនេះ​យុវជនគួរ​បង្កើនភាពចាស់ទុំ ស្វែងរកបទពិសោធន៍ និង​ចំណេះដឹងឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងប្រលូកចូលទៅក្នុង​វិស័យអាជីវកម្ម ប្រយ័ត្ន​លង់ខ្លួនពីមួយកន្លែងទៅមួយកន្លែង ដោយខាតបង់ទាំងពេលវេលា ធនធាន និងកិត្តយស៕